ជាតិ
មន្ត្រីរដ្ឋាភិបាល៖ ចលនាថ្មីរបស់អតីតបក្សប្រឆាំង កំពុងបង្កគ្រោះដល់ខ្លួនកាន់តែធ្ងន់ លោក សម រង្ស៊ី និងលោក កឹម សុខា ហែហមដោយអ្នកគាំទ្រ ពេលចេញពីព្រលានយន្តហោះភ្នំពេញអន្តរជាតិកាលពីឆ្នាំ២០១៣
× ភ្នំពេញ៖ អតីតមេដឹកនាំមួយចំនួននៃគណបក្សសង្គ្រោះជាតិ បាននាំគ្នាបង្កើតទិដ្ឋភាពនយោបាយថ្មីមួយពីក្រៅប្រទេស ដែលហៅថា «ចលនាសង្គ្រោះជាតិ»។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា កំពុងបញ្ចេញប្រតិកម្មខ្លាំងៗទៅនឹងចលនានេះ។
ក្រុមអ្នកនយោបាយដែលធ្លាប់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនព្រមបញ្ឈប់សកម្មភាព នៅក្រៅបទេសនោះទេ ដរាបណារដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យគណបក្សរបស់ពួកគេ រស់ឡើងវិញ ហើយមិនដោះលែងលោក កឹម សុខា។ ឈានចូលឆ្នាំ២0១៨ ក្រុមអ្នកនយោបាយប្រឆាំងទាំងនោះ ក៏នឹកឃើញផែនការថ្មីមួយ គឺការបង្កើត «ចលនាសង្គ្រោះជាតិ» ដើម្បីបន្តការទាមទាររបស់ខ្លួន។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយពីក្រៅប្រទេស ដែលចុះនៅពីថ្ងៃ១២ ខែមករា ដើម្បីប្រកាសបង្កើតចលនាសង្គ្រោះជាតិ ដោយមានឈ្មោះលោក អេង ឆៃអ៊ាង ស្ថិតនៅលំដាប់ទីមួយ និងលោក សម រង្ស៊ី ស្ថិតនៅលំដាប់ទីបី។
ប៉ុន្តែ បើគេឮប្រតិកម្មរបស់អាជ្ញាធរ និងគណបក្សកាន់អំណាច ចលនាថ្មីនេះ ទំនងជាមិនអាចជួយអ្វីបានដល់អតីតក្រុមអ្នកប្រឆាំង ដែលកំពុងប្រមូលផ្តុំគ្នានៅក្រៅប្រទេសនោះទេ។ ផ្ទុយទៅវិញ ពួកគេអាចនឹងជួបគុណវិបត្តិរឹតតែធ្ងន់ធ្ងរក៏ថាបាន ដោយសារតែការបង្កើតចលនានេះឡើង។
មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់រដ្ឋាភិបាល និងគណបក្សកាន់អំណាច បានប្រើពាក្យព្រមានធ្ងន់ៗ ទៅកាន់ក្រុមអ្នកនយោបាយ ដែលចូលរួមក្នុងចលនាចលនាសង្គ្រោះជាតិ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុក ចលនាសង្គ្រោះជាតិ ថាជាក្រុមឧទ្ទាម និងជាអង្គការចាត់តាំង ដែលស្ថិតនៅក្រៅច្បាប់។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានព្រមានថា អ្នកដែលចូលរួមបង្កើតចលនានេះ ច្បាស់ជាគេចមិនផុតពីពន្ធនាគារនោះទេ ឲ្យតែត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។ លោកបានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងដូច្នេះថា៖«មិនដែលពួកគាត់ មិនចូលស្រុកវិញ...គង់តែចូលទេ។ ពេលចូល គឺដឹងហើយ...គឺថាជង់មិនដែលភ្លេចកុកទេ»។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ អះអាងថា មកដល់ពេលនេះ សមត្ថកិច្ច ពុំទាន់បានពិភាក្សា ឬរៀបចំផែនការណាមួយ ដើម្បីកម្ចាត់ចលនាសង្គ្រោះជាតិឡើយ។ ប៉ុន្តែ លោក និយាយយ៉ាងម៉ឺងម៉ាត់ថា ចលនានេះ ពុំអាចធ្វើអ្វីផ្តេសផ្តាស នៅក្នុងប្រទេសកម្ពុជា ជាដាច់ខាត។
លោក ខៀវ សុភ័គ ព្រលយថា ប្រសិនបើក្នុងកាលៈទេសៈណាមួយ ដែលមើលទៅអាចប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខនៅប្រទេសកម្ពុជា រដ្ឋាភិបាលកម្ពុជាអាចនឹងស្នើធ្វើបត្យាប័ន ដើម្បីឲ្យរដ្ឋាភិបាលនៃប្រទេសនានា បញ្ជូនអតីតអ្នកនយោបាយ ដែលចូលរួមក្នុងចលនានេះ មកដោះស្រាយតាមផ្លូវច្បាប់នៅកម្ពុជា។
លោក សុខ ឥសាន ក៏អត្ថាធិប្បាយបន្ថែមមិនតិចដែរ ចំពោះការបង្កើតចលនាសង្គ្រោះជាតិ។ តាមរយៈសារដែលសរសេរទៅកាន់ក្រុមអ្នកកាសែតក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានចំអកថា អតីតក្រុមអ្នកប្រឆាំង បានបរាជ័យផ្ទួនៗ ក្នុងការរត់ទៅឱបដៃ ឱបជើងបរទេស ហើយក៏ទាល់ច្រក ទើបបណ្តាលឲ្យមានគំនិតបង្កើតចលនានេះឡើង ដើម្បីបំភាន់សាធារណជនថា ក្រុមខ្លួននៅតែខ្លាំង និងអាចត្រឡប់មកកម្ពុជាវិញ។ បន្ទាប់មក លោកក៏ព្រមានថា រដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់និងពេញសិទ្ធិ ក្នុងការចាត់វិធានការ ចំពោះអង្គការចាត់តាំងក្រៅច្បាប់បែបនេះ។
លោក សុខ ឥសាន យល់ឃើញដូច្នេះថា៖«ការបង្កើតអង្គការចាត់តាំងខុសច្បាប់ គឺគ្មានការគាំទ្រពីប្រជាជននិងមជ្ឈដ្ឋានខាងក្រៅឡើយ។ [តែផ្ទុយទៅវិញ] កាន់តែបន្ថែមទម្ងន់ទោសដាក់ខ្លួន...»។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះ អតីតក្រុមអ្នកប្រឆាំងបានបញ្ជាក់ថា ពួកគេពុំអាចទទួលយកបានឡើយ ចំពោះស្ថានភាពក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ហេតុដូច្នេះហើយ ទើបសម្រេចចិត្តបង្កើតចលនាសង្គ្រោះជាតិ ដើម្បីប្រមូលផ្តុំអ្នកប្រជាធិបតេយ្យទាំងអស់ ឲ្យចូលរួមទាមទារឲ្យដោះលែងលោក កឹម សុខា និងអ្នកទោសមនសិការផ្សេងទៀត ព្រមទាំងសុំឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។
ពួកគេបានអំពាវនាវក្នុងសេចក្តីថ្លែងការណ៍បែបនេះថា៖«យើងសូមអំពាវនាវដល់បងប្អូនជនរួមជាតិមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមជាមួយចលនាសង្គ្រោះជាតិ ដើម្បីការពារឆន្ទៈប្រជាពលរដ្ឋខ្មែរ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយ»។
លោក សម រង្ស៊ី បានចេញមកបកស្រាយ និងពន្យល់ហេតុផលបន្ថែម តាមរយៈការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផង និងតាមវេទិកាសាធារណៈនៅក្រៅប្រទេសផង ពីមូលហេតុនៃការបង្កើតចលនានេះ។ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុក ដោយរៀបរាប់ថា សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសកម្ពុជា កំពុងតែតែលតោល និងស្រពេចស្រពិលពីអនាគតគណបក្សសង្គ្រោះជាតិ ក្រោយរងការរំលាយចោល ហើយលោក កឹម សុខា ក៏ជាប់ពន្ធនាគារ។ អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ លើកឡើងថា ព្រឹត្តិការណ៍អវិជ្ជមានទាំងនេះ គឺជាមូលហេតុចម្បង ដែលជំរុញឲ្យលោក និងសហការី ត្រូវតែផ្តួចផ្តើមគំនិតថ្មីនៃការបង្កើតចលនាសង្គ្រោះជាតិ ដើម្បីលើកទឹកចិត្ត និងបំផុសបំផុលឡើងវិញនូវកម្លាំងស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការតស៊ូក្នុងដំណាក់កាលដ៏លំបាកនេះ។
លោក សម រង្ស៊ី បន្តថា ចលនាសង្គ្រោះជាតិ ជាក្របខណ្ឌថ្មីមួយ ដែលអាចអំពាវនាវឲ្យប្រជាពលរដ្ឋ រៀបចំធ្វើបាតុកម្ម និងកូដកម្ម ដើម្បីទាមទារអ្វីមួយ ហើយគ្មាននរណាអាចប៉ះពាល់ ឬរំលាយបានឡើយ។ លោក អះអាងបន្តថា ចលនាសង្គ្រោះជាតិ នឹងប្រមូលកម្លាំងអ្នកគាំទ្រឲ្យបានកាន់តែច្រើនជាងមុន ពីព្រោះរូបភាពនៃចលនានេះ អាចទទួលសមាជិកពីមជ្ឈដ្ឋានផ្សេងៗ ដូចជាសង្គមស៊ីវិលជាដើម ដែលមិនមែនជាសមាជិកគណបក្សនយោបាយ។
លោក សម រង្ស៊ី បានបញ្ជាក់ពីបំណងចង់ក្រោយនៃការបង្កើតចលនានេះថា៖«ពេលយើងបានសម្រេចគោលបំណងហើយ ចលនាសង្គ្រោះជាតិនឹងរំលាយខ្លួនឯង ហើយអ្នកតស៊ូក្នុងចលនានេះ នឹងមកចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិវិញទាំងអស់គ្នា ដើម្បីឲ្យគណបក្សនេះ ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតខាងមុខ ហើយសង្គ្រោះជាតិយើង ឲ្យទាល់តែបាន»៕
Tag:
ខៀវ សុភ័គ
សម រង្ស៊ី
ចលនាសង្គ្រោះជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com