អន្តរជាតិ
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ខកចិត្ត​ដែល​ឥណ្ឌា​មិន​ទទួលស្គាល់​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់ខ្លួន​
15, Jan 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ បានបង្ហាញ​ការខកចិត្ត​ចំពោះ​ឥណ្ឌា​ដែល​មិន​ព្រម​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​។ ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​រូបនេះ​បាន​បញ្ជាក់ថា លោក​មិន​បណ្តោយ​ឲ្យ​បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី និង​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​កន្លងមក​។



​រដ្ឋាភិបាល​អ៊ីស្រាអែល​មិន​ពេញចិត្ត​ទាល់តែសោះ​ចំពោះ​ជំហរ​អ​ព្យា​ក្រឹត្យ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ដែល​មិន​ព្រម​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល និង​ថ្កោលទោស​អាមេរិក​ដែល​ទទួលស្គាល់​ទីក្រុង​ពិសិដ្ឋ​នេះ​ជា​ផ្នែក​មួយ​របស់​អ៊ីស្រាអែល​កាលពីដើម​ខែធ្នូ​ឆ្នាំមុន​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេន​ចា​មិ ណេ​តាន់​យ៉ា​ហ៊ូ បានបង្ហាញ​ការខកចិត្ត​ចំពោះ​ជំហរ​របស់​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​ដែល​មិន​គាំទ្រ​ការទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ក្នុងពេលដែល​លោក​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល​រយៈពេល​ប្រាំ​មួយថ្ងៃ​។

​លោក ណេ​តាន់​យ៉ា​ហ៊ូ បានបញ្ជាក់​ដូច្នេះ​៖« ជាធម្មតា​ខ្ញុំ​ខកចិត្ត ប៉ុន្តែ​ខ្ញុំ​គិតថា ទស្សនកិច្ច​របស់ខ្ញុំ ជា​ភស្តុតាង​សម្រាប់​បង្ហាញ​ឲ្យ​ឃើញថា ទំនាក់ទំនង​របស់​យើង​គឺ​កំពុង​ដើរទៅ​មុខ​ច្រើន​វិស័យ​ផង​»​។​

​តាមពិតទៅ ឥណ្ឌា​បាន​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​ជាង ១២០ ជា​សមាជិក​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដើម្បី​ថ្កោលទោស​សហរដ្ឋអាមេរិក​ដែល​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​ជា​ផ្លូវការ​នោះ​។
 
​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​ខាងលើ​បាន​អធិប្បាយ​ផងដែរ​ថា លោក​មាន​សម្ព័ន្ធភាព​ពិសេស​ជាមួយ​សម​ភាគី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ដែល​វា​ជាស​ញ្ញា​វិជ្ជមាន​សម្រាប់​ភាគី​ទាំងពីរ​ក្នុងការ​ពង្រឹង​ចំណងមិត្តភាព​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ គេ​រំពឹងថា ភាគី​ទាំងពីរ​នឹង​ចុះ​កិច្ចព្រមព្រៀង​ថ្មី​ជាច្រើន​ពាក់ព័ន្ធ​ថាមពល អាកាសចរណ៍ និង​ភាពយន្ត​ផងដែរ​។

​តាមពិតទៅ​លោក ណេ​តាន់​យ៉ា​ហ៊ូ ចាប់ផ្តើម​ទស្សនកិច្ច​របស់ខ្លួន​នៅ​ឥណ្ឌា​ក្នុង​រយៈពេល ៦ ថ្ងៃ​នៅ​ចុង​សប្តាហ៍​កន្លង​ទៅដោយ​គោលដៅ​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​នោះ​គឺ ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​។​

​យ៉ាងណាក៏ដោយ មុន​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ប៉ុន្មាន​សប្តាហ៍ ភាគី​ឥណ្ឌា​បានសម្រេច​លុបចោល​កិច្ចព្រមព្រៀង​ទិញ​អាវុធ​បាញ់​រថក្រោះ​ដែលមាន​តម្លៃ ៥០០​លាន​ដុល្លារ​ពី​ឥណ្ឌា​។ អ៊ីស្រាអែល​នាំចេញ​សព្វាវុធ​ក្នុង​ទំហំ​ទឹកប្រាក់ មួយ​ពាន់​លាន​ដុល្លារ​រៀងរាល់ឆ្នាំ​ទៅកាន់​ប្រទេស​ឥណ្ឌា ប៉ុន្តែ​កន្លងមក​លោក នាយករដ្ឋមន្ត្រី​ឥណ្ឌា ម៉ូ​ឌី បាន​ព្យាយាម​ពង្រឹងសមត្ថភាព​ផលិត​សព្វាវុធ​ក្នុងស្រុក​និង​បញ្ឈប់​ការនាំ​ចូល​វិញ​៕


Tag:
 ហ្ស៊េ​រុយ​សា​ឡិ​ម​
  បេន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ​
  ឥណ្ឌា​
  នា​រិ​ន្ទ្រា ម៉ូ​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com