អន្តរជាតិ
លោក​ឌូ​ទើ​តេ ថា ហួស​ពេលដែល​ត្រូវ​កែ​មាត់​និយាយ​ឈ្លើយ​របស់លោក​ហើយ​
16, Jan 2018 , 8:59 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ដែលមានរហស្សនាមថា មេដឹកនាំមាត់អត់គម្រប (រូបភាព៖ AFP)
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ដែលមានរហស្សនាមថា មេដឹកនាំមាត់អត់គម្រប (រូបភាព៖ AFP)
​នៅ​ចុង​សប្ដាហ៍​មុន ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ការពារ​ការប្រើប្រាស់​ពាក្យសម្ដី​អសុ​រសនា​ពេលកន្លងមក​។ លោក ឌូ​ទើ​តេ និយាយថា លោក​ប្រើប្រាស់​សម្ដី​ឈ្លើយ​ដាក់​តែ​មនុស្ស​ឈ្លើយ​ប៉ុណ្ណោះ ហើយ​វា​ក៏​យឺត​ពេល​ទៅហើយ​ដែល​ចង់​ឲ្យ​លោក​កែប្រែ​ទម្លាប់​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ​ទាំងនោះ​។



​នរណា​ក៏​ដឹង​ដែរ​ថា លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រធានាធិបតី​ហ្វីលីពីន ជា​មេដឹកនាំ​ចូលចិត្ត​ប្រើប្រាស់​ពាក្យពេចន៍​គ្រោតគ្រាត និង​អសុរ​ស រហូតដល​ជាប់​ឈ្មោះ​ជា​ប្រធានាធិបតី​មាត់​អត់​គម្រប ឬ​អណ្តាត​អាស៊ីត​ជាដើម​។ លោក ឌូ​ទើ​តេ ក៏​ធ្លាប់​ប្រើពាក្យ​មិន​សមរម្យ​ដាក់​ប្រទេស​នានា​ដែល​រិះគន់​សង្គ្រាម​គ្រឿងញៀន​របស់លោក និង​មេដឹកនាំ​បរទេស​រាប់​តាំងពី​អតីត​ប្រធានាធិបតី​អាមេរិក ប៉ា​រ៉ា​ក់ អូ​បា​ម៉ា ជាដើម​ផង​។​

​ចំពោះ​ការប្រើ​ពាក្យ​មិន​ពិ​រោះ​នេះ លោក ឌូ​ទើ​តេ បាន​បកស្រាយ​ថា លោក​និយាយ​ឈ្លើយ​ដាក់​មនុស្ស​ដែល​និយាយ​ឈ្លើយ​ដាក់​លោក​ប៉ុណ្ណោះ​ ពោលគឺ​មាត់​លោក​សម្បូ​ដោយ​ពាក្យ​មិនល្អ បើ​មាន​អ្នកណា​រករឿង​លោក​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Strait Times ។ ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​សារភាពថា ពេលខ្លះ​ក៏​ប្រើ​សម្ដី​មិន​សក្តិសម​នឹង​តំណែង​របស់លោក​ឡើយ តែ​លោក​មាន​អាកប្បកិរិយា​ដូចនេះ​តាំងពី​កាន់តំណែង​អភិបាលក្រុង Davao មកម្ល៉េះ​។

​ក្នង​ន័យ​នេះ លោក ឌូ​ទើ​តេ បាន​ប្រាប់​ឲ្យ​អ្នកដទៃ​ទទួលយក​ការប្រើប្រាស់​សម្ដី​គំរោះគំរើយ​ទាំងនោះ ហើយ​ម្យ៉ាង វា​ហួស​ពេលដែល​លោក​អាច​កែប្រែបាន​ទៅហើយ​។ «​វា​ជា​អត្តចរិត​ផ្ទាល់​កប់​ក្នុង​ចិត្ត​។ ខ្ញុំ​មិនអាច​ធ្វើ​អ្វី​បានទេ​លើ​រឿងនេះ​»​។ នេះ​ជា​សម្ដី​របស់លោក ឌូ​ទើ​តេ ក្នុង​ពិធី​ខួបកំណើត​របស់​មន្ត្រីជាន់ខ្ពស់​ម្នាក់​កាលពី​ចុង​សប្ដាហ៍​មុន​។   

​តាមពិត​ទៅនោះ លោក ឌូ​ទើ​តេ តែង​ប្រើប្រាស់​ពាក្យ​ទ្រគោះបោះបោក​ដាក់​អ្នក​រិះគន់​លោក រដ្ឋាភិបាល និង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ដែល​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​។ អាមេរិក អង្គការសហប្រជាជាតិ និង​អឺរ៉ុប​ចេញមុខ​ច្រើនជាងគេ បាន​រិះគន់​ការ​បោសសម្អាត​នេះ ជាពិសេស​ការសម្លាប់​ម​នុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​តែម្ដង​។ ជា​ញឹកញយ​នោះ លោក ឌូ​ទើ​តេ ក៏​ប្រើប្រាស់​ពាក្យ​គ្រប់យ៉ាង​តែម្ដង មិន​ថា​នៅលើ​វេទិកាសាធារណៈ​អ្វី​ឡើយ​។

​មិន​ត្រឹមតែ​ប្រើប្រាស់​ពាក្យ​មិនសូវ​សមរម្យ​ឡើយ ប្រធានាធិបតី​រូបនេះ​ក៏​តែង​និយាយ​កំប្លែង​ដោយ​ប្រើប្រាស់​ពាក្យអាសគ្រាម​ផងដែរ​។ មន្ដ្រី​ជា​ស្ត្រី​ក្នុង​រដ្ឋាភិបាល​លោក ឌូ​ទើ​តេ ក៏​ចេញមក​ការពារ​ប្រធានាធិបតី​របស់ខ្លួន​ដែរ ដោយ​ប្រាប់​ឲ្យ​ស្ត្រី​ក្នុងប្រទេស​លើកលែងទោស​ឲ្យ​លោក ឌូ​ទើ​តេ ទៅ ហើយ​ខ្លះទៀត​អះអាងថា រឿង​សំខាន់​នោះ គឺ​លោក ឌូ​ទើ​តេ យកចិត្តទុកដាក់​លើ​ប្រជាជន​៕

Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com