ជាតិ
សម្ដេច ហ៊ុន សែន ហួសចិត្ត​ចំពោះ​និស្សិត​ពេទ្យ ដែល​ស្នើសុំ​បន្ធូរ​វិញ្ញាសា​ប្រឡង​
16, Jan 2018 , 9:19 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល បាន​ព្យាយាម​កែសម្រួល​គោលនយោបាយ​មួយចំនួន ដោយ​អនុញ្ញាត​ឲ្យ​សិស្ស​ជាប់​និទ្ទេស D និង​E អាច​ប្រឡង​ចូល​សិក្សា​ជំនាញ​ពេទ្យ ដូច​សិស្ស​ជាប់​និទ្ទេស C​ដល់​A ផងដែរ​។ រដ្ឋាភិបាល ចង់​ផ្ដល់ឱកាស​ឲ្យ​និស្សិត​ទាំងនោះ អាច​សិក្សា​ជំនាញ​ដែល​ខ្លួន​ស្រលាញ់​។ បន្ថែម​ពីនេះ​ប្រមុខ​រដ្ឋាភិបាល តែងតែមាន​ទស្សនៈ​ថា អ្នក​ជាប់​និទ្ទេស A មិន​ប្រាកដ​រៀន​ជំនាញ​ពេទ្យ ពូកែ​ជាង​អ្នក​ជាប់​និទ្ទេស E​ឡើយ ហើយ​អ្នក​ជាប់​និទ្ទេស​E រៀន​ខ្សោយ​ជាង​អ្នក​ជាប់​និទ្ទេស A  រហូត​នោះដែរ​។ ទាំងនេះ​ជាការ​លើកទឹកចិត្ត​ដល់​សិស្ស ដែល​ស្រលាញ់​មុខវិជ្ជា​ពេទ្យ​នេះ​។



​ប៉ុន្តែ​រឿង​មួយ​ដែល​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​អាចជួយ​ដោះស្រាយ​បញ្ហា​និស្សិត​ពេទ្យ​បាន​នោះ គឺ​ការបន្ធូរបន្ថយ​វិញ្ញាសា​ប្រឡង​សម្រាប់​ពួកគេ​។ និយាយ​ត្រង់ចំណុច​នេះ សម្ដេច ហ៊ុន សែន ហួសចិត្ត​ចំពោះ​និស្សិត​ពេទ្យ​ម្នាក់ ដែល​បាន​ចូល​សរសេរ​(Comment)​ក្នុង​ហ្វេ​ស​ប៊ុ​ក​សម្ដេច ដោយ​សុំ​ឲ្យ​សម្ដេច​អន្តរាគមន៍​លើ​ការចេញ​វិញ្ញាសា​ប្រឡង​នេះ​។

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ព្យាបាល​ជំងឺមហារីក និង​សម្ភព​ថ្មី​នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​កាលម៉ែត នៅ​ព្រឹក​ថ្ងៃទី​១៥ មករា​នេះ ប្រមុខ​រដ្ឋាភិបាល បាន​ឆ្លើយតប​ដូច្នេះ​ថា​«​ខ្ញុំ​អស់ឆ្ងល់​ហើយ ចំណុច​ហ្នឹង​! សូម​ឆ្លើយតប​ថា ខ្ញុំ​ធ្វើ​អត់​បានទេ​ចំណុច​នេះ វិញ្ញាសា​ប្រឡង គឺជា​វិញ្ញាសា​ដែលមាន​ការរៀបចំ​ត្រឹមត្រូវ សម្រាប់​ជ្រើសរើស​អ្នក​ដែល​ពូកែ​ពិតប្រាកដ មិនអាច​បន្ធូរបន្ថយ​វិញ្ញាសា​សម្រាប់​អ្នក​ប្រឡង​បានទេ​…»​។​

​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ៖




​បន្ថែម​ពីនេះ​សម្ដេច ហ៊ុន សែន បាន​បង្គាប់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ពិនិត្យ​និង​វាយតម្លៃ​ឲ្យ​បាន​ច្បាស់ មុននឹង​ផ្ដល់​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​បង្កើត​គ្លីនិក ឬក៏​កន្លែង​លក់​ឱសថ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ណាមួយ​ដល់​ពលរដ្ឋ​៕


Tag:
 ហ៊ុន សែន​
 ​ សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com