ជាតិ
រថយន្ត
លោក ឃុន ចាន់ថា សាទរយ៉ាងខ្លាំង ចំពោះ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍របស់​អាជ្ញាធរ
15, Jan 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន StarAuto ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត MercedesBenz ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​សាទរ​យ៉ាងខ្លាំង ចំពោះ​ចំណាត់​របស់​នគរបាល​ចរាចរណ៍​ផ្លូវគោក ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​កាលពីពេល​ថ្មីៗ​នេះ​។



​នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន StarAuto​រូបនេះ​ថ្លែងថា​ចំណាត់ការ​របស់​នគរ​បាល​ចរាចរណ៍​នាពេលនេះ នឹង​ជួយ​ឲ្យ​សណ្តាប់ធ្នាប់​នៅលើ​ដងផ្លូវ​មាន​ភាពប្រសើរ​ជាង​មុន និង​លើកកម្ពស់​ការគោរព​ច្បាប់​ចរាចរណ៍​ផងដែរ ព្រមទាំង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ពី​ច្បាប់​ចរាចរណ៍​ឡើងវិញ​។ លោក ឃុន ចាន់ថា បញ្ជាក់​ដូច្នេះ​៖ «​កាលណា​ប៉ូលិស​ចាប់ផ្តើម​អនុវត្តន៍​អ៊ីចឹង ឃើញថា​ម្នាក់ៗ​ចាប់ផ្តើម​គោរព​ច្បាប់​។ បញ្ច្រាស​ក៏​លែង​ជិះ អ្នក​ដែល​ធ្លាប់​ជិះ​អត់​មាន​មួក ក៏មាន​មួក អ្នកជិះ​បន្ទាប់ពី​អ្នកបើកបរ​ក៏មាន​មួក អ្នក​ដែល​ធ្លាប់​បើកបរ​អត់​ខ្សែក្រវាត់ ក៏​ពាក់​ខ្សែក្រវាត់​វិញ​។ នេះ​ជា​រូបភាព​ល្អ​»​។​

​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​នឹង​កាត់បន្ថយ​បានជា​អតិ​បរមាន​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​ខណៈដែល​លោក ឃុន ចាន់ថា បានកត់សម្គាល់​ថា​តួលេខ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅបាន​ថយចុះ ប៉ុន្តែ​ចំនួន​អ្នកស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើនឡើង​ទៅវិញ​។
អត្ថបទទាក់ទង
d

​បន្ថែម​ពីនេះ នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន StarAuto ក៏​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល បង្កើន​ការអប់រំ​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ច្បាប់​ចរាចរណ៍​ជា​បន្តទៀត ខណៈ​នៅតាម​ក្រុមហ៊ុន​ឯកជន ក៏ដូចជា​ស្ថាប័នរដ្ឋ ក៏ត្រូវ​ចាប់ផ្តើម​អប់រំ​បុគ្គលិក និង​មន្ត្រី​របស់ខ្លួន​ជាប្រចាំ​អំពី​ច្បាប់​ចរាចរណ៍​នេះដែរ ដើម្បី​ចូលរួម​កាត់បន្ថយ​សោកនាដកម្ម ដែល​បង្កឡើង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​សូមបញ្ជាក់ថា នគរបាល​ចរាចរណ៍ បាន​បើក​យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ បន្ទាប់ពី​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទោស​អាជ្ញាធរ​មូលដ្ឋាន និង​ព្រមាន​ដក​អភិបាល​ខណ្ឌដូនពេញ ទាក់ទង​នឹង​ចរាចរណ៍​គ្មាន​សណ្តាប់ធ្នាប់​ក្នុង​រាជធានី កងកម្លាំង​នគរបាល​ទាំង​ផ្នែក​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ ចាប់​បើក​ប្រតិបត្តិ​ការឃាត់​យានយន្ត ជាពិសេស​ម៉ូតូ និង​ម្ចាស់​យានយន្ត​៕


Tag:
 ចរាចរណ៍​
 ​ យានយន្ត​
  ​ឃុន ចាន់ថា​
  MercedesBenz
  StarAuto​
© រក្សាសិទ្ធិដោយ thmeythmey.com