រថយន្ត
អន្តរជាតិ
ថៃ​នឹង​ដំណើរការ​កម្មវិធី​ទូរ​សព្ទ «Taxi OK» ដើម្បី​ពង្រឹង​សីលធម៌​អ្នកបើក​តាក់ស៊ី​
15, Jan 2018 , 7:19 pm        
រូបភាព
ដោយ: ធីតា
​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ថៃ នឹងដាក់​ដំណើរ​កម្មវិធី​ទូរ​សព្ទ​ដៃ (Mobile Application) មួយ ដែលមាន​ឈ្មោះថា «Taxi OK» នា​ថ្ងៃទី​២៥ ខែមករា ដើម្បី​បង្កើន​ស្តង់ដា​សុវត្ថិភាព​សម្រាប់​សេវាកម្ម​តាក់ស៊ី​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Thai BPS​។​



​លោក Sanit Phromwong អគ្គនាយក​នៃ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ថៃ បានបញ្ជាក់​ឲ្យ​ដឹងថា «Taxi OK» គឺជា​ផ្នែក​មួយ​នៃ​ពង្រឹង​សេវាកម្ម​តាក់ស៊ី​ថៃ​ឲ្យ​បាន​ដល់​ស្តង់ដា​អន្តរជាតិ ជាពិសេស​ឥរិយាបថ​អ្នកបើកបរ និង​សុវត្ថិភាព​យានយន្ត​។

​លោក​បាន​លើកឡើងថា តាក់ស៊ី​ថ្មី​ទាំងអស់​ដែល​បាន​ចុះឈ្មោះ​ក្រោយ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ អាច​ប្រើប្រាស់ App «Taxi OK» ដោយ​តម្រូវ​ឲ្យ​បំពាក់​ឧបករណ៍​បន្ថែម​មួយចំនួន ដូចជា ប្រព័ន្ធ​ចាប់​ទីតាំង GPS, កា​ម៉េ​រ៉ា និង​ប៊ូ​តុង​ប្រកាសអាសន្ន​។

​តាមរយៈ​ការបំពាក់​ឧបករណ៍​ទាំងនេះ ក្រុមហ៊ុន​ដែល​តាក់ស៊ី​បាន​ចុះឈ្មោះ រួមទាំង​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ថៃ អាច​តាមដាន​មើល​សកម្មភាព​បើកបរ ជាពិសេស​ការប្រើប្រាស់​ល្បឿន ការគោរព​ភ្លើង​សញ្ញា​ចរាចរណ៍​របស់​អ្នកបើក​តាក់ស៊ី​។​

​ក្នុងករណី អ្នកជិះ​ត្រូវការ​ជំនួយ​បន្ទាន់ គេ​អាច​ចុច​ប៊ូ​តុង Emergency ដែល​ស្ថិត​នៅមុខ​កៅអីអង្គុយ​របស់ខ្លួន ហើយ​កា​ម៉េ​រ៉ា​នៅក្នុង​រថយន្ត នឹង​បញ្ជូន​ព័ត៌មាន​ភ្លាមៗ​ទៅកាន់​ក្រុមហ៊ុន ក៏ដូចជា​មន្ត្រី​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​។​

​លោក Sanit បាន​អះអាងថា សេវា​កម្មនេះ​អាច​ទប់ស្កាត់​អក​ប្ប​កិរិយា​មិនល្អ​របស់​អ្នកបើកបរ​តាក់ស៊ី​។ លោក​បន្ថែមថា តម្លៃ​សេវាកម្ម​តាក់ស៊ី​ដែល​ភ្ជាប់ «Taxi OK» មិន​ខុសពី​តាក់ស៊ី​ធម្មតា​នោះឡើយ ប៉ុន្តែ​អ្នក​ដែល​ហៅ​តាម App នេះ គ្រាន់តែ​បង់លុយ​បន្ថែម​២០​បាត​ប៉ុណ្ណោះ ដើម្បី​ពង្រឹង​សុវត្ថិភាព​ខ្លួន​ក្នុងពេល​ធ្វើដំណើរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com