រថយន្ត
អន្តរជាតិ
ទោះទំនើបក្តី ក៏មនុស្សភាគច្រើនមិនហ៊ានប្រថុយជិះរថយន្តដែលបើកដោយស្វ័យប្រវត្តិឡើយ
× គម្រោងក្នុងការធ្វើឲ្យចក្រភពអង់គ្លេស ឈានមុខគេលើដំណើរការរថយន្តដែលគ្មានមនុស្សបើក ឬរថយន្តស្វ័យប្រវត្តិ នឹងពិបាកឈានទៅដល់គោលដៅខ្លាំងណាស់។ ថ្វីដ្បិតតែវាជាបច្ចេកវិទ្យាទំនើបក៏ដោយ ប៉ុន្តែបើយោងតាមការសិក្សាមួយ សាធារណជននៅតែមានអារម្មណ៍ថា គ្មានសុវត្ថិភាព និងចាត់ទុកថា ជាការចំណាយថវិកា និងពេលវេលាឥតប្រយោជន៍។
កាសែត The Times បានធ្វើការស្ទង់មតិមួយ លើគម្រោងប្រើប្រាស់រថយន្តដែលគ្មានមនុស្សបើក។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ស្ទើរតែ២/៣នៃអ្នកបើកបរយានយន្ត មិនមានបំណងទិញរថយន្តដែលបើកដោយស្វ័យប្រវត្តិឡើយ។ ជាមួយគ្នានេះ មនុស្សជាច្រើនផ្តល់ចម្លើយថា ពួកគេមិនមានទំនុកចិត្តក្នុងការប្រើប្រាស់រថយន្ដដែលគ្មានមនុស្សបើក ដោយសារភ័យខ្លាចថា វាជាអាចត្រូវបានប្រើប្រាស់ជាគោលដៅដើម្បីវាយប្រហារណាមួយ។
ការសិក្សារបស់កាសែតដ៏ធំនៅអង់គ្លេសមួយនេះ ក៏បានបង្ហាញផងដែរថា រថយន្តដែលបើកខ្លួនឯង អាចផ្តល់ទិដ្ឋភាពមិនល្អសម្រាប់សង្គម និងនាំឲ្យមានភាពស្មុគស្មាញ។ មនុស្សប្រមាណ៦០ភាគរយ បានវាយតម្លៃថា ទោះបីជាមានបច្ចេកវិទ្យាខ្ពស់ក៏ដោយ ក៏បញ្ហាសុវត្ថិភាពនៅតែមិនទាន់គួរឲ្យទុកចិត្តនោះឡើយ។
លោក Christian Wolmar បាននិយាយប្រាប់ The Times ថា៖ «គ្មានតម្រូវការចាំបាច់ណាមួយក្នុងការប្រើប្រាស់រថយន្តដែលគ្មានមនុស្សបើកនោះឡើយ។ សេវាកម្មដឹកជញ្ជូនប្រភេទនេះ អាចល្អសម្រាប់តំបន់កណ្តាលទីក្រុងឡុងដ៍ ប៉ុន្តែបើអ្នករស់នៅជាង៥គីឡូម៉ែត្រពីនេះ អ្នកគ្មានហេតុផលអ្វីដែលត្រូវការវានោះឡើយ»។
អ្នកជំនាញរូបនេះ បានរំលឹកថា មានករណីស្លាប់ជាច្រើនដោយសារតែសេវាកម្មដឹកជញ្ជូននៅពេលដែលបច្ចេកវិទ្យាមិនដំណើរការ។ បើតាម Wolmat រដ្ឋាភិបាលគួរតែគិតលើការវិនិយោគបច្ចេកវិទ្យាមូលដ្ឋានស្រាប់ ដូចជាផ្លូវរថភ្លើង ឬក៏ធ្វើឲ្យរថយន្តកាន់តែមានសុវត្ថិភាព ជាជាងគិតទៅលើអ្វីដែលថ្មី ហើយចំណាយថវិកា និងពេលវេលាឥតប្រយោជន៍៕
© រក្សាសិទ្ធិដោយ thmeythmey.com