អន្តរជាតិ
អាមេរិក​រៀបចំ​ផែនការ​ច្រៀក​ស៊ី​រី​ជា​ចម្រៀក​តាមរយៈ​ការបង្កើត​កងទ័ព​ថ្មី​?
16, Jan 2018 , 11:01 am        
រូបភាព
ភាគច្រើននៃកម្លាំងយោធាថ្មីផ្ដួចផ្ដើមដោយអាមេរិក នឹងមានសមាសភាពពីសកម្មជនឃើដស៊ីរី (រូបភាព៖ Xinhua)
ភាគច្រើននៃកម្លាំងយោធាថ្មីផ្ដួចផ្ដើមដោយអាមេរិក នឹងមានសមាសភាពពីសកម្មជនឃើដស៊ីរី (រូបភាព៖ Xinhua)
​កាលពី​ចុង​សប្ដាហ៍​មុន ក្រុម​សម្ព័ន្ធមិត្ត​ចម្រុះ​ដឹកនាំ​មុខ​ដោយ​អាមេរិក​បានប្រកាស​ផែនការ​បង្កើត​កងទ័ព​ចំនួន​បី​ម៉ឺន​នាក់​នៅ​ភាគ​ខាងជើង​ស៊ី​រី​។ សមាសភាព​កងទ័ព​ថ្មី​នេះ គឺជា​សកម្មជន​ប្រយុទ្ធ​នៅ​ស៊ី​រី​ដែល​ក្រុមចម្រុះ​គាំទ្រ​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម តួយ៉ាង​សកម្មជន​ឃើ​ដ​ស៊ី​រី (YPG) ជាដើម ហើយ​មាន​នាទី​ការពារ​ទឹកដី​ដែល​ពួកគេ​កំពុង​ត្រួតត្រា​តាម​បណ្ដោយ​ព្រំដែន​តួ​ក​គី អ៊ីរ៉ាក់ និង​តាម​បណ្ដោយ​ទន្លេ Euphrates ។ ស៊ី​រី តួ​ក​គី និង​រុស្ស៊ី ប្រតិកម្ម​យ៉ាងខ្លាំង​នឹង​គម្រោង​នេះ​។​



​គម្រោង​បង្កើត​កងទ័ព​ល្បាត​ព្រំដែន​របស់​អាមេរិក​នៅ​ស៊ី​រី កំពុង​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​។ អាមេរិក​ចង់​បង្កើត​កម្លាំង​ទ័ព​ថ្មី​ចំនួន​បី​ម៉ឺន​នាក់​ដើម្បី​ការពារ​តំបន់​ព្រំដែន​ភាគ​ខាងជើង​របស់​ស៊ី​រី ដែល​សព្វថ្ងៃ​កំពុងកាន់​កាប់​ដោយ​ក្រុម​សកម្មជន​ប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​សម្ព័ន្ធភាព​ចម្រុះ​។ សមាសភាព​ភាគច្រើន​នៃ​កម្លាំង​ថ្មី​នេះ គឺជា​សកម្មជន​ស៊ី​រី (SDF) ដែលជា​សាខា​របស់​ចលនា​ភាគតិច​ឃើ​ដ (YPG) នៅ​ស៊ី​រី ដែល​អាមេរិក​ជា​អ្នកផ្ដល់​ការហ្វឹកហាត់​ដោយផ្ទាល់​។​

​ក្រោម​ជំនួយ​របស់​ក្រុមចម្រុះ ក្រុម​ស៊ី​រី​ឃើ​ដ SDF បាន​ត្រួតត្រា​ទឹកដី​ភាគ​ខាងជើង​ស៊ី​រី​ស្ទើរ​ទាំងស្រុង បន្ទាប់​ដណ្ដើមបាន​ទីក្រុង Raqqa រួចមក​។ ជារួម ទឹកដី​ស៊ី​រី​ចាប់ពី​ព្រំដែន​ជាមួយ​តួ​ក​គី​នៅ​ភាគ​ខាងជើង រហូត​ព្រំដែន​ខាងកើត​ជាមួយ​អ៊ីរ៉ាក់ មកទល់នឹង​ច្រាំងទន្លេ Euphrates ស្ថិតក្នុង​ដៃ​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​អាមេរិក​។ ដូចនេះ​កម្លាំង​ទ័ព​ថ្មី​នេះ​អាចជួយ​ក្រុម​ឃើ​ដ​ការពារ​ទឹកដី​ពី​ការ​គំរាម​របស់​តួ​ក​គី និង​រដ្ឋាភិបាល​ស៊ី​រី​។​

​បំណង​របស់​អាមេរិក​ក្នុង​ការបង្កើត​កម្លាំងយោធា​ថ្មី​នេះ អាចជា​ចេតនា​ក្នុង​ការបន្ត​ជ្រៀតជ្រែក​កិច្ចការ​របស់​ស៊ី​រី ស្រប​ពេលដែល​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​បាន​ខ្ចាត់ខ្ចាយ​ស្ទើរ​ទាំងស្រុង​ទៅហើយ​។ បច្ចុប្បន្ននេះ អាមេរិក​ពង្រាយ​យោធា​ប្រមាណ​ពីរពាន់​នាក់​នៅ​ស៊ី​រី​ដើម្បី​ហ្វឹកហ្វឺន​ក្រុម​ឧទ្ទាម ក្រោម​ទង់​សម្ព័ន្ធមិត្ត​ចម្រុះ​អន្តរជាតិ​។ ដោយសារ​ការ​ងើបឡើង​របស់​ក្រុម​ជ្រុម​និយម​នេះហើយ ទើប​អាមេរិក​មាន​លេស​ចូក​ដៃ​ក្នុង​បញ្ហា​ស៊ី​រី​បាន​នោះ​។​

​ស៊ី​រី តួ​ក​គី និង​រុស្ស៊ី សុទ្ធតែ​ជំទាស់​ផែនការ​របស់​អាមេរិក​ទាំងអស់​។ នៅ​ថ្ង​ទី​១៥ ខែមករា រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergey Lavrov ចាត់ទុក​ផែនការ​អាមេរិក​ជា​គម្រោង​ដើម្បី​ច្រៀក​ទឹកដី​ស៊ី​រី​។ ក្នុង​សន្និសីទកាសែត​មួយ លោក Lavrov និយាយថា អាមេរិក​មិន​ចង់បាន​ព្រំដែន​ស៊ី​រី​សព្វថ្ងៃ​នេះឡើយ ហើយ​ការបង្កើត​កងទ័ព​ថ្មី​នៅ​ភាគ​ខាងជើង លើក​ជា​សំណួរ​ជាច្រើន​ថា អាមេរិក​កំពុង​ព្យាយាម​ហែក​ស៊ី​រី​ទៅជា​ចម្រៀក​។​

​រដ្ឋាភិបាល​ស៊ី​រី​៖ ការបង្កើត​កម្លាំង​ទ័ព​ថ្មី ជា​បទល្មើស​ជាក់ស្ដែង​របស់​អាមេរិក​

​ក្រ​សួ​ការបរទេស​ស៊ី​រី​បាន​ហៅ​ផែនការ​របស់​អាមេរិក ជាការ​បទល្មើស​ជាក់ស្ដែង​បំពាន​អធិបតេយ្យ និង​ការរួបរួម​ជាតិ​របស់​ស៊ី​រី​។ ស៊ី​រី​ក៏​ព្រមាន​កម្ទេច​កម្លាំងយោធា​ថ្មី​នេះ​ដើម្បី​បញ្ចប់​វត្តមាន​របស់​អា​មេ​រិ​ក​ក្នុង​ទឹកដី​របស់ខ្លួន​ដែរ​។ តាំងពីដើម​មក​នោះ ស៊ី​រី​តែង​ចាត់ទុក​វត្តមាន​របស់​អាមេរិក ជា​រឿង​ខុសច្បាប់​អន្តរជាតិ ព្រោះ​អាមេរិក​មក​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ស៊ី​រី​ឡើយ ក្រៅពី​យក​លេស​បោសសម្អាត​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នោះ​។  

​ជាមួយគ្នានេះ រដ្ឋាភិបាល​ស៊ី​រី​ក៏​ប្រកាស​ចាត់ទុក​ជនជាតិ​ស៊ី​រី​ណា​ដែល​ចូលរួម​ក្នុង​កម្លាំងយោធា​របស់​អា​មេ​រិ​ក ជា​ជន​ក្បត់ជាតិ ដែល​ត្រូវតែ​ចាត់វិធានការ​សមស្រប​ផងដែរ​។ ដោយ​ចាត់ទុក​ផែនការ​របស់​អាមេរិក​ជា​គំនិត​ទុ​ច្ច​រឹត ស៊ី​រី​បាន​គំរាមថា កងទ័ព​របស់ខ្លួន​នឹង​ប្រយុទ្ធ​ដើម្បី​បោសសម្អាត​អាមេរិក និង​ឧបករណ៍​របស់ខ្លួន​ផងដែរ​។​

​តួ​ក​គី​ក្ដៅស្លឹកត្រចៀក​ជាងគេ

​តួ​ក​គី​បានបង្ហាញ​ការមិន​ពេញចិត្ត​ខ្លាំងជាងគេ​ទៅនឹង​គម្រោង​កសាង​កម្លាំង​ទ័ព​របស់​អាមេរិក​នៅ​ភាគ​ខាងជើង​ស៊ី​រី ជាប់​ព្រំដែន​ជាមួយ​តួ​ក​គី​ផ្ទាល់​។ ការណ៍​នេះ​នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​អង់កា​រ៉ា កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​ជាង​មុន​ទៀត​។ ប្រធានាធិបតី​តួ​ក​គី​លោក រ៉េ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ បាន​ហៅ​ផែនការ​របស់​អាមេរិក ជាការ​បង្កើត​កងទ័ព​ភេរវកម្ម ដែលមាន​គោលដៅ​ប្រឆាំង​តួ​ក​គី​តែម្ដង​។​

​តួ​ក​គី​មិន​ពេញចិត្ត​ផែនការ​របស់​អាមេរិក ព្រោះ​ភាគច្រើន​នៃ​ទ័ព​ថ្មី​នេះ គឺជា​សកម្មជន​ឃើ​ដ​ស៊ី​រី ដែល​តួ​ក​គី​ចាត់ទុកជា​ក្រុម​ភេរវកម្ម និង​មាន​ទំនាក់​ទំនងជា​ក្រុម​ភាគតិច​ខុសច្បាប់ ឃើ​ដ​តួ​ក​គី (PKK) ផងដែរ​។ ការ​ងើបឡើង​របស់​ក្រុម​ឃើ​ដ​ស៊ី​រី អាច​នាំ​ដល់​ការ​ងើបឡើង​របស់​ក្រុម​ឃើ​ដ​តួ​ក​គី ដែល​នឹង​ក្លាយ​បញ្ហា​ប្រឈម​សម្រាប់​តួ​ក​គី​មិន​ខាន​។ ក្នុងន័យនេះ លោក អ៊ែរ​ដូ​ហ្កា​ន់ ប្រកាសថា តួ​ក​គី​នឹង​កម្ទេច​យោធា​ថ្មី​នេះ មុន​ចាប់កំណើត​ទៅទៀត​។​

​ក្រោយ​ការប្រកាស​របស់​អាមេរិក តួ​ក​គី​បានចាប់ផ្ដើម​ពង្រីក​វត្តមាន​កងទ័ព​របស់​ខ្លួន​តាម​ព្រំដែន​ជាមួយ​ស៊ី​រី​។ រថយន្ត​ដឹកនាំ​ទាហាន​ជាច្រើន​ត្រូវបាន​បញ្ជូន​ទៅកាន់​ខេត្ត Sanliurfa នៅ​ភាគ​អាគ្នេយ៍​ទល់មុខ​ទឹកដី​ស៊ី​រី​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក​ប្រធានាធិបតី​តួ​ក​គី​ព្រមាន​អាមេរិក​ថា តួ​ក​គី​មិន​ទទួលខុសត្រូវ​លើ​ផលវិបាក​ដែល​កើតឡើង​ឡើយ បើ​អាមេរិក​ឈរ​នៅ​កណ្ដាល​រវាង​តួ​ក​គី និង​អង្គការ​ភេរវកម្ម​នោះ​៕      


Tag:
 អាមេរិក​
  ស៊ី​រី​
  តួ​ក​គី
© រក្សាសិទ្ធិដោយ thmeythmey.com