យ៉ានតាមដងផ្លូវ
រថយន្ត
អន្តរជាតិ
ទោះ​កីឡា​យានយន្ត​មិនមែនជា​ប្រភេទ​កីឡា​អូឡាំពិក ប៉ុន្តែ​វា​ជា​កីឡា​ដ៏​ពេញនិយម​មួយ​
16, Jan 2018 , 2:15 pm        
រូបភាព
រថយន្ដ​ដំបូង​គេ​បង្អស់​ត្រូវបាន​ច្នៃប្រឌិត នៅ​ប្រទេស​បារាំង ដោយ​លោក CUGNOT Nicolas នា​អំឡុង​ឆ្នាំ​១៧៦៩ ។ ប៉ុន្តែ​គេ​ត្រូវបាន​រង់ចាំ​ជិត​១០០​ឆ្នាំ​ទៀត ដើម្បី​ឃើញ​រថយន្ត​មួយ ដែល​អាច​ប្រើប្រាស់ នោះ​គឺជា​ស្នាដៃ​របស់លោក MANZETTI Innoncent នៅ​ប្រទេស​អ៊ីតាលី ដោយ​ម៉ាស៊ីនរថយន្ត​ប្រើ​កម្លាំង​ទឹក​ពុះ​។



​ការប្រណាំង​រថយន្ត​លើកទីមួយ​ត្រូវបាន​រៀបចំ​នៅ​ឆ្នាំ​១៨៩៥ នៅ​ប្រទេស​បារាំង ដោយ​ចេញដំណើរ​ពី​ទីក្រុង​ប៉ារីស​ទៅដល់​ទីក្រុង Bordeaux និង​ត្រឡប់​ទៅ​ទីក្រុង​ប៉ារីស​វិញ​។ នាពេលនោះ ក្រុម​ជាង​២០​បាន​ចូលរួម​ប្រកួតប្រជែង​លើ​ចម្ងាយ​ជាង​១២០០​គីឡូម៉ែត្រ ហើយ​ក្រុម​តែ​៩​ប៉ុណ្ណោះ​ដែល​បាន​ទៅដល់​គោលដៅ​។​



​នៅ​ឆ្នាំ​១៩០៤ សហព័ន្ធ​កីឡា​យានយន្ត​អន្តរជាតិ (Fédération Internationale de l'Automobile) ត្រូវបាន​បង្កើតឡើង ដោយមាន​ទីស្នាក់ការ​នៅក្នុង​ទីក្រុង​ប៉ារីស​។  សហព័ន្ធ​នេះ មាន​តួនាទី​គ្រប់គ្រង​កីឡា​ប្រណាំង​រថយន្ដ​ទូទាំង​ពិភពលោក ដោយ​សហព័ន្ធ​ជាតិ​នានា​ជា​សមាជិក​។

​ការប្រណាំង​រថយន្ត​មាន​ពីរ​ដំណាក់កាល​ធំៗ​៖ ការចាកចេញ​ពេល​ជាមួយគ្នា ( circuit) និង​ចាកចេញ​ម៉ោង​ខុសគ្នា (​ក្រៅ circuit)​។ រីឯ​រថយន្ដ​ដែល​ត្រូវ​ប្រណាំង​មាន​ច្រើន​ប្រភេទ ដូចជា​រថយន្ត​ខ្នាតតូច (kart និង quad) រថយន្ត​ធម្មតា (​រថយន្ត​ដែល​អនុញ្ញាតអោយ​ធ្វើចរាច​រណ៍ កែច្នៃ ឬ​មិនមែន​កែច្នៃ និង​រថយន្ត​ដែល​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍ កៅអី​មួយ ឬ​កៅអី​ពីរ​) និង​រថយន្ត​ធំ (​ធំ​ធម្មតា និង​កុងតឺន័រ​)​។ ចំណែក​ការប្រកួត​វិញ ក៏មាន​វិញ្ញាសា​ជាច្រើន​ផងដែរ រួមមាន​ការប្រណាំង​លើ​ទីលាន (​ផ្លូវ​កៅស៊ូ ផ្លូវដី និង​ផ្លូវ​ព្រឹល​) ប្រណាំង​ក្រៅ​ទីលាន (​តាម​ជំហាន​ដឹង​ផ្លូវ​មុន និង​តាម​ជំហាន​ត្រូវ​រក​ផ្លូវ​) ប្រណាំង​លើផ្លូវ​ឡើង (​ទួល​) និង​ប្រណាំង​ល្បឿន​លើផ្លូវ​ត្រង់ (​ទោល​)​។​



​នៅ​កម្ពុជា កីឡា​យានយន្ត មាន​វត្តមាន​ជិត​១០​ឆ្នាំ​ហើយ ដោយ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​។ សហព័ន្ធ​នេះ មាន​លោក មៀ​ច សុផាន់​ណា ជា​ប្រធាន​។ ទោះបីជា​ការប្រណាំង​យានយន្ត​មិនមែនជា​ប្រភេទ​កីឡា​អូឡាំពិក​ក៏ដោយ ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានទទួល​ស្គាល់​សហព័ន្ធ​កីឡា​យានយន្ដ​កម្ពុជា​ជា​ផ្លូវការ ហើយ​គណកម្មការ​អន្តរជាតិ​អូឡាំពិក​ក៏​ទទួលស្គាល់​សហព័ន្ធ​កីឡា​រថយន្ដ​អន្តរជាតិ​ជា​ផ្លូវការ​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com