អន្តរជាតិ
សមាជិក​ព្រឹទ្ធសភា​ម្នាក់​ប្រៀបធៀប​ការវាយប្រហារ​របស់លោក Trump​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ទៅនឹង​ទង្វើ​របស់លោក Stalin
16, Jan 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ ដែលជា​អ្នក​រិះគន់​លោក​ប្រធានាធិបតី Donald Trump ខ្លាំងជាងគេ​បង្អស់​មួយរូប​នោះ នឹង​ថ្លែង​សុន្ទរកថា​ក្នុង​សប្តាហ៍​នេះ ប្រៀបធៀប​ពី​ទង្វើ​របស់លោក​Trump​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ទៅនឹង​អត្តចរិត​របស់​អតីត​មេ​ដឹក​សូ​វៀត លោក Jeseph Stalin​។​



​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​បាន​ឲ្យ​ដឹងថា លោក Jeff Flake សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​អា​រី​ហ្សូ​ណា នឹង​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ការវាយប្រហារ​របស់លោក Trump ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺជា​ទង្វើ​មិនអាច​ទទួលយកបាន និង​មិន​ដែលមាន​ពីមុនមក​។​

​លោក Flake ត្រូវបាន​គេ​រាយការណ៍​មក​ថា «​នេះ​គឺជា​សញ្ញា​ប្រាប់​ពី​ស្ថានភាព​ប្រជាធិបតេយ្យ​របស់​យើង ដែល​លោក​ប្រធានាធិបតី​របស់​យើង​ប្រើពាក្យ​សម្តី​មិន​សមរម្យ​ដែល​ធ្លាប់បាន​ប្រើប្រាស់​ដោយ​មេដឹកនាំ Josef Stalin ដើម្បី​ពិពណ៌នា​ពីស​ត្រូវ​របស់​លោក​»​។​

​លោក Flake សម្តៅ​ទៅលើ​សារ​ដែល​លោក Trump បាន​បង្ហោះ​នៅក្នុង​បណ្តាញ Twitter របស់លោក កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧ ដែល​លោក​បានប្រកាសថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​នៅក្នុង​សហរដ្ឋអាមេរិក «​គឺជា​សត្រូវ​របស់​ពល​រដ្ឋ​អាមេរិកាំង​»​។​

​លោក Flake ក៏​នឹង​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ពុធ​នេះ មុននឹង​លោក Trump ដែលជា​អតីត​អ្នកដឹកនាំ​កម្មវិធី​កម្សាន្ត​តាម​ទូរទស្សន៍​ប្រកាស​ពីអ្វី​ដែល​លោក​ហៅថា «​កម្មវិធី​ពានរង្វាន់​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បោកប្រាស់ និង​ពុករលួយ​ជាងគេ​ប្រចាំឆ្នាំ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com