អន្តរជាតិ
លោក ប្រា​យុទ្ធ ចង់ឃើញ​ថៃ​មាន​លទ្ធិប្រជាធិបតេយ្យ​តាម​បែបផែន​របស់ខ្លួន
16, Jan 2018 , 3:11 pm        
រូបភាព
ដោយ:
​ប្រមុខ​របប​សឹក​ថៃ លោក ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​ថ្លែង​នៅ​ចំពោះមុខ​កុមារ​ជាច្រើនរូប​ថា លោក ពិតជា​ចង់ឃើញ រាជាណាចក្រ​ថៃ មាន​ប្រជាធិបតេយ្យ​មួយ ដែលមាន​បែបបទ និង​ស្តង់ដារ​របស់ខ្លួន​ផ្ទាល់​តែម្តង ។ លោក មិន​ចង់ឃើញ ថៃ​ធ្លាក់​ចូលក្នុង​ជម្លោះ ដោយសារ​នយោបាយ​ទៀតឡើយ ។



​នាឱកាស​នៃ​ការផ្តល់​សុន្ទរកថា​នា​ចុង​សប្តាហ៍​មុន​ទៅកាន់​កុមារ ដែល​បាន​បំពេញ​កម្មសិក្សា​ទៅកាន់​ទីស្តីការគណៈរដ្ឋមន្ត្រី​ថៃ​ដើម្បី​ប្រារព្ធ​ទិវា​កុមារ​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​បញ្ជាក់ថា​៖«​ថៃ ត្រូវមាន​លទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែ តាម​បែបបទ​របស់​ថៃ »​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation ។

​លោកនាយក​រដ្ឋមន្ត្រី មិនបាន​កំណត់​និយមន័យ ប្រជាធិបតេយ្យ​តាមបែប​ផែន​ថៃ យ៉ាងណា​នោះទេ ក៏ប៉ុន្តែ លោក អះអាងថា ប្រជាធិបតេយ្យ​របស់​ថៃ ត្រូវតែ​មិនមាន​ជម្លោះ​នោះទេ ។ លោក ថ្លែង​បែបនេះ ដោយសារ លោក យល់ឃើញថា កន្លងមក ថៃ បាន​ជួប​នូវ​វិបត្តិ​នយោបាយ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ហើយ​ប្រជាជន​ថៃ ក៏​គួរតែ​ពិចារណា​ផងដែរ ។

​ជាមួយគ្នានេះ​ផងដែរ លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ក៏បាន​អះអាង​ពី​ចេតនា​មួយ​ក្នុងការ​ផ្សព្វផ្សាយ​មូលដ្ឋាន​គ្រឺះ​នៃ​ប្រជាធិបតេយ្យ​ទៅកាន់​កុមារ​ដើម្បី​ធានា​ពី​ស្ថិរភាព​របស់​ប្រទេស​នាពេល​អនាគត ។ នៅ​ចំពោះមុខ​កុមារ ដែល​អមដំណើរ​ជាមួយនឹង​ម្តាយ​ឳ​ពុក​របស់​ពួកគេ​ផងដែរ​នោះ លោក ប្រា​យុទ្ធ បាន​សង្កត់ធ្ងន់​ទៀតថា ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​នៃ​សន្តិភាព និង​សណ្តាប់ធ្នាប់​បំផុត​ហើយ​សម្រាប់​ថៃ បន្ទាប់ពី​មាន​ភាពប្រសើរ​ម្តង​បន្តិចៗ​ក្នុង​រយៈពេល ៣​ទៅ​៤​ឆ្នាំ​ចុងក្រោយ​មកនេះ ។

​គួរ​ជម្រាប​ផងដែរ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ បន្ទាប់ពី​លោក​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់ នៅ​ថ្ងៃ ២២ ឧសភា ឆ្នាំ​២០១៤ ។ លោកនាយក​រដ្ឋមន្ត្រី ធា្ល​ប់​បាន​ពន្យល់​រួចហើយ​ថា ការណ៍​ដែល​លោក ត្រូវធ្វើ​បែបនេះ ក៏​ព្រោះតែ​ដើម្បី​រក្សា​ស្ថិរភាព និង​សណ្តាប់ធ្នាប់​ប្រទេស ដែល​បាន​ជួប​វិបត្តិ​នយោបាយ​បន្តបន្ទាប់​នោះ ៕


Tag:
 ថៃ​
  នយោបាយ​
  ប្រជាធិបតេយ្យ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com