អន្តរជាតិ
ដើម្បីលើកកម្ពស់ភាសាជាតិ បារាំងមានពាក្យថ្មីប្រើជំនួសពាក្យ Smartphone
× ពាក្យ Smartphone (ទូរសព្ទឆ្លាតវៃ) នឹងក្លាយជាភាសានិយាយ ឬភាសាបន្ទាប់បន្សំប៉ុណ្ណោះ សម្រាប់អ្នកប្រើប្រាស់ភាសាបារាំង ពីព្រោះកាលពីពេលថ្មីៗកន្លងមកនេះ គណៈកម្មាធិការពង្រឹងការប្រើប្រាស់ភាសាបារាំង បានកំណត់ឲ្យប្រើប្រាស់ពាក្យថ្មីមួយទៀត។
«Le Mobile Multifonction» ដែលមានន័យថា «ទូរសព្ទដៃដែលមានមុខងារច្រើន» គឺពាក្យដែលត្រូវប្រើប្រាស់ផ្លូវការក្នុងភាសាបារាំង ដោយត្រូវជំនួសពាក្យ «Smartphone» ឬ «ទូរសព្ទឆ្លាតវៃ» ។ គណៈកម្មាធិការពង្រឹងការប្រើប្រាស់ភាសាបារាំង (La Commission d’enrichissement de la langue française) បានបញ្ជាក់កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលនឹងចាប់ផ្តើមជំរុញការប្រើប្រាស់ពាក្យថ្មីនេះ ក្នុងឯកសារផ្លូវការ។
តាមពិតទៅ បើតាមការផ្សាយរបស់ AFP ចាប់តាំងពីឆ្នាំ២០០៩មក បារាំងបានកំណត់ឲ្យប្រើប្រាស់ពាក្យផ្សេងក្រៅពី «Smartphone» រួចទៅហើយ ពោលគឺពាក្យ «Terminal de Poche» ឬ «Ordiphone» ដែលក្នុងន័យសំដៅលើទូរសព្ទឆ្លាតវៃ។ ដូច្នេះ ក្រោយការអនុម័តនេះ ពាក្យ «Le Mobile Multifonction» ត្រូវជំនួស «Terminal de Poche» ឬ «Ordiphone» ដោយស្វ័យប្រវត្តិ។
ក្រៅពីពាក្យ «Smartphone» បារាំងក៏មានពាក្យខ្លួនឯងផ្ទាល់ផងដែរ ដោយ ពាក្យ «Téléviseurs connectés» ជំនួស «SmartTV», «L’Internet des Objets» ជំនួស «Internet of Things» ជាដើម។ ពាក្យ «Start-Up» ក៏ស្ថិតក្នុងការពិចារណាផងដែរ៕
Tag:
ភាសាជាតិ
Smartphone
© រក្សាសិទ្ធិដោយ thmeythmey.com