អន្តរជាតិ
ស៊ី ប្រាប់ ត្រាំ ឲ្យ​ជួយ​រក្សា​ស្ថានភាព​សព្វថ្ងៃ​នៅ​ឧបទ្វីប​កូរ៉េ
16, Jan 2018 , 8:19 pm        
រូបភាព
លោក ដូណាល់ ត្រាំ ជជែកជាមួយលោក ស៊ី ជិនភីង នាពេលកន្លងមក (រូបភាព៖ Xinhua)
លោក ដូណាល់ ត្រាំ ជជែកជាមួយលោក ស៊ី ជិនភីង នាពេលកន្លងមក (រូបភាព៖ Xinhua)
​នៅ​ថ្ងៃទី​១៦ ខែមករា ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​សម​ភាគី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ លោក ស៊ី បាន​ប្រា​ប់លោក ត្រាំ ពី​សារសំខាន់​នៃ​ស្ថានភាព​ប្រសើរ​នៅ​ឧបទ្វីប​កូរ៉េ​ក្នុងពេល​បច្ចុប្បន្ន និង​បានស្នើ​ឲ្យ​លោក ត្រាំ ជួយ​រក្សា​ការវិវឌ្ឍ​ជា​វិជ្ជមាន​នេះ​។ ក្នុងការ​សន្ទនា​នេះ មេដឹកនាំ​ទាំងពីរ​ក៏បាន​ប្ដេជ្ញា​សហការគ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ត្រឹមត្រូវ​សម្រាប់​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​



​ចាប់តាំងពី​មានការ​ចរចា​នៅ​ថ្ងៃទី​៩ ខែមករា​រវាង​មន្ត្រីជាន់ខ្ពស់​នៃ​កូរ៉េ​ទាំងពីរ ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​បាន​វិ​វ​ឌ្ឍ​យ៉ាង​វិជ្ជមាន​។ សហគមន៍​អន្តរជាតិ​បាន​ស្វាគមន៍​ជំហាន​ទៅមុខ​នេះ ព្រោះ​ជា​ក្ដីសង្ឃឹម​ថ្មី និង​កម្រ​។ ចិន និង​អាមេរិក ក៏​សាទរ​ដំណើរ​ជា​វិជ្ជមាន​នេះដែរ តែ​អាមេរិក​ហាក់​មិនទាន់​ជឿជាក់​លើ​កូរ៉េខាងជើង​នៅឡើយ និង​បានស្នើ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​បន្តទៀត​។ ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ គឺជា​ប្រធានបទ​មួយ​ក្នុងការ​សន្ទនា​រវាង​មេដឹកនាំ​ចិន ស៊ី ជិន​ភីង និង​លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៦ ខែមករា​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ចាត់ទុក​ការជួប​ចរចា​ជា​បន្ត​របស់​មន្ត្រី​កូរ៉េ​ទាំងពីរ គឺជា​ការផ្លាស់ប្ដូរ​វិជ្ជមាន​នៅ​ឧបទ្វីប​កូរ៉េ ដែល​គ្រប់គ្នា​ត្រូវតែ​រក្សា​ឲ្យ​បាន​។ លោក ស៊ី បាន​ប្រា​ប់លោក ត្រាំ ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវធ្វើ​ការរួម​គ្នា​ដើម្បី​រក្សា​ស្ថានភាព​ដែល​រកបាន​ដោយ​ពិបាក​នេះ សំដៅ​បន្ថយកម្ដៅ​នៅ​ឧបទ្វីប​កូរ៉េ និង​បង្កើត​លក្ខខណ្ឌ​ដើម្បី​ឈានទៅ​ចាប់ផ្ដើម​ការចរចា​ឡើងវិញ​។​

​ជាមួយគ្នា​នោះ មេដឹកនាំ​ចិន​រូបនេះ​ក៏បាន​ស្នើ​ឲ្យ​សហគមន៍​រក្សា​ការរួបរួម​គ្នា​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ ព្រោះ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ និង​រក្សា​ស្ថិរភាព សន្តិភាព​តំបន់ គឺជា​ប្រយោជន៍​របស់​ភាគី​ទាំងអស់​។ លោក ស៊ី ក៏បាន​ប្រកាស​ជំហរ​ចិន ដែល​ត្រៀម​រួចស្រេច​ក្នុងការ​ចាប់ដៃ​ជាមួយ​អាមេរិក និង​រដ្ឋ​ដទៃទៀត​ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​រួម គឺ​ការដោះស្រាយ​សំណុំរឿង​នុយក្លេអ៊ែរ​ដោយ​សន្តិវិធី​តែម្ដង​។​

​តាមពិតទៅ ការដែល​លោក ស៊ី ស្នើ​ឲ្យ​មានការ​រួបរួមគ្នា​នេះ ក៏​ព្រោះ​លោក​ដឹងថា សហគមន៍​អន្តរជាតិ​នៅតែ​ខ្វែងគំនិត​គ្នា​លើ​សំណុំរឿង​មួយ​នេះ​។ អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​នៅតែ​ចង់​ប្រើ​ធម៌​ក្ដៅ​ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង​ត្រឡប់​ចូល​តុ​ចរចា​វិញ ខណៈដែល​ចិន និង​រុស្ស៊ី​ប្រកាន់​ជំហរ​ត្រជាក់​។ ចិន និង​រុស្ស៊ី​បានស្នើ​ឲ្យ​អាមេរិក​ផ្អាក​សមយុទ្ធ​យោធា​នៅ​ឧបទ្វីប​កូរ៉េ និង​ស្នើ​កូរ៉េខាងជើង​ឲ្យ​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​វិញ​។​

​យ៉ាងណាមិញ សំណើ​ខាងលើ​មិន​ត្រូវបាន​អាមេរិក​ខ្វាយខ្វល់​ឡើយ​។ ក្នុងការ​ជជែក​តាម​ទូរ​សព្ទ​នេះដែរ លោក ត្រាំ បានទទួល​ស្គាល់​តួនាទី​សំខាន់​របស់​ចិន​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នេះ និង​សន្យា​បន្ត​ទំនាក់ទំនង​ជាមួយ​ចិន​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​។ ជាការ​ពិត លោក ត្រាំ ក៏​តែង​ទទូច​ឲ្យ​ចិន​ប្រើ​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ព្រោះ​ចិន​ជា​អ្នកជិតខាង និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​កូរ៉េខាងជើង​៕    


Tag:
 ​ចិន​
  អាមេរិក​
  ឧបទ្វីប​កូរ៉េ​
  ស៊ី ជិន​ភីង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com