កីឡាជាតិ
ជាតិ
បឹងកេត​មិនទាន់​រកឃើញ ខ្សែការពារ​ថ្មី​ជំនួស រស់ សំអឿន តែ​សំឡឹង​ឃើញ​គ្រូ​កម្រិត A ម្នាក់​
16, Jan 2018 , 4:42 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្លិបបឹងកេត
រូបភាពពីហ្វេសប៊ុកក្លិបបឹងកេត
ដោយ:
​ក្រោយ​ផុត​សុពលភាព​នៃ​កិច្ចសន្យា​ខ្លួន កីឡាករ​ខ្សែបម្រើ​ការពារ រស់ សំអឿន បាន​ចាក​ចេញពី​ក្លិប​បឹងកេត​ទៅ​រួមរស់​ជាមួយ​ក្លិប​ចំណូល​ថ្មី​ដែល​ទើប​ឡើង​ពី​ក្របខណ្ឌ​លី​គ​លំដាប់​ទី​២​វិសាខា សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨​។ ក្រោយ​ការចាកចេញ​របស់ សំអឿន មកទល់​ពី​ពេលនេះ​បឹងកេត​មិនទាន់បាន​ចុះកិច្ចសន្យា​កីឡាករ​ថ្មី ដើម្បី​ជំនួស​កៅអី​នេះ​នៅឡើយ​ទេ​។ ថ្នាក់ដឹកនាំ​ក្លិប​បឹងកេត​បាន​បង្ហើប​ថា ក្លិប​បាន​មើលឃើញ​សមាសភាព​គ្រូបង្វឹក​ថ្មី ដើម្បី​ដឹកនាំ​ក្រុម​ជំនួស​តំណែង​លោក ហៅ សុជាតិ រួចហើយ​។​



​ក្រោយ​ក្លិប​បឹងកេត​ប្រកាស​ពី​ការចាកចេញ​របស់​ខ្សែបម្រើ​ការពារ រស់ សំអឿន កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៨ មកទល់ពេលនេះ​ក្លិប​មិនទាន់​រកឃើញ​កីឡាករ​ថ្មី​ដើម្បី​ចុះកិច្ចសន្យា​ជំនួស​កៅអី​របស់គេ​សម្រាប់​រដូវ​ថ្មី​នៅឡើយ​ទេ​។ ក្រៅពី​ខ្សែបម្រើ​រូបនេះ មិនមាន​កីឡាករ​ណា​ចាក​ចេញពី​ក្លិប​នេះឡើយ ដោយ​ពួកគេ​បាន​បន្ត​កិច្ចសន្យា​រយៈពេល​១​រដូវ​កាល​រៀងៗ​ខ្លួន​។ នេះ​បើតាម​ការអះអាង​របស់ លោក បែ មករា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប​បឹងកេត​។

​កីឡាករ រស់ សំអឿន បាន​ចំណាយពេល​៥​ឆ្នាំ​រួមរស់​ជាមួយ​ក្លិប​បឹងកេត​ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧​។ រូបគេ​បាន​ជួយ​ឲ្យ​ក្លិប​បឹងកេត​លើក​ពាន​ក្របខណ្ឌ​លី​គ​កំពូល​បាន​ពីរលើក​នៅ​ឆ្នាំ​២០១៦ និង​២០១៧​។ លើសពីនេះ សំអឿន បាន​ជួយ​ឲ្យ​បឹងកេត​ឈ្នះ​ពាន​មុន​បើក​រដូវ​កាល​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) CNCC Cup 2017 ទៀតផង​។ 

​ក្រោយ​សម្រេច​មិន​បន្ត​កិច្ចសន្យា​ជាមួយ​បឹងកេត​កីឡាករ រស់ សំអឿន បាន​ទៅ​ប្រកប​អាជីព​ជាមួយ​ក្លិប​ចំណូល​ថ្មី​ដែល​ទើប​ឡើង​ពី​ក្របខណ្ឌ​លី​គ​លំដាប់​ទី​២​វិសាខា​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨​។ ក្រៅពី​ខ្សែបម្រើ​ការពារ រស់ សំអឿន ក្លិប​វិសាខា​បាន​នាំចូល​កីឡាករ​ជនជាតិ​កូរ៉េខាងជើង​ទាំង​៤​របស់​ទ័ព និង​កីឡាករ​កម្ពុជា​មួយចំនួន​ទៀតផង​ដែរ ដើម្បី​ត្រៀម​ប្រជែង​ជើងឯក​ក្របខណ្ឌ​លី​គ​កំពូល និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៨​។

​ទន្ទឹមនឹងនេះ អ្នកចាត់ការ​ទូទៅ​ខាង​លើ​បាន​បង្ហើប​ឲ្យ​ដឹងថា មកទល់ពេលនេះ​ក្លិប​បាន​មើលឃើញ​គ្រូបង្វឹក​កម្រិត Licence A ដើម្បី​ដឹកនាំ​ក្រុម​ជំនួស​លោក ហៅ សុជាតិ (Licence B) សម្រាប់​ពានរង្វាន់ AFC Cup 2018 ហើយ​។ ជាមួយគ្នានេះ​ក្លិប​បឹងកេត​ក៏បាន​រកឃើញ​ទីលាន​សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ​នា​ការប្រកួត​រដូវ​កាល​ថ្មី​របស់ខ្លួន​ផងដែរ​។ តែ​ទាំង​ឈ្មោះ​គ្រូបង្វឹក និង​ទីលាន​ថ្មី​លោក មករា មិនបាន​បញ្ជាក់​ឈ្មោះ​នោះឡើយ ដោយ​ទុក​ប្រកាស​ក្នុង​ស​ន្នី​សីទ​សារព័ត៌មាន​នាពេលខាងមុខ​។ 

​គួរ​បញ្ជាក់ថា ពានរង្វាន់ AFC Cup 2018 តម្រូវ​ឲ្យ​គ្រូបង្វឹក​ក្រុម​នីមួយៗ​ទាល់​តែមាន​សមត្ថភាព​កម្រិត Licence A ទើប​អនុញ្ញាត​ឲ្យ​ដឹកនាំ​ក្រុម​ចូលរួម​។ ក្រុម​បឹងកេត​ស្ថិតនៅ​ពូ​ល F ជាមួយ​ក្រុម Home United របស់​សិង្ហ​បុរី​, Shan United មី​យ៉ាន់​ម៉ា និង​ក្រុម​របស​ហ្វីលីពីន Ceres Negros៕ 


Tag:
 បាល់ទាត់​
  បឹងកេត​
  រស់ សំអឿន​
  បែ មករា
© រក្សាសិទ្ធិដោយ thmeythmey.com