អន្តរជាតិ
សភា​ហ្វីលីពីន​ចាប់​ពិភាក្សា​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទៅ​ប្រព័ន្ធ​ដឹកនាំ​បែប​សហព័ន្ធ​
16, Jan 2018 , 5:03 pm        
រូបភាព
​នៅ​ថ្ងៃទី​១៦ ខែមករា សភា​ជាន់​ទាប​ហ្វីលីពីន​បានចាប់ផ្ដើម​ពិភាក្សា​ការកែ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៨៧ ដើម្បី​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋាភិបាល​បែប​ប្រធានាធិបតីនិយម ទៅជា​ប្រព័ន្ធ​ដឹកនាំ​បែប​សហព័ន្ធ​និយម​វិញ​។ ការផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​ប្រទេស​នេះ គឺជា​ពាក្យសន្យា​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ តាំងពី​ពេល​ឃោសនា​មកម្ល៉េះ​។ ក្រុម​អ្នក​រិះគន់​ហៅ​ការប៉ុនប៉ង​កែប្រែ​ច្បាប់កំពូល​ជាតិ​នេះ ជាការ​ពង្រីក​អំណាចរ​ប​ស់លោក ឌូ​ទើ​តេ ។



​ក្រុមការងារ​រដ្ឋសភា​ហ្វីលីពីន​បាន​ចាប់​ដំណើការ​កិច្ចពិភាក្សា​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​នឹង​នាំ​ហ្វីលីពីន​ទៅរក​ការដឹកនាំ​បែប​សហព័ន្ធ​និយម​។ លោក Roger Mercado ប្រធាន​ក្រុមការងារ​វិសោធនកម្ម​របស់​រដ្ឋសភា​និយាយ​នៅ​ថ្ងៃទី​១៦ ខែមករា ថា សមាជិកសភា​នឹង​អនុម័ត​ដំណោះស្រាយ​មួយ​នៅក្នុង​សប្ដាហ៍​នេះ មុននឹង​កោះប្រជុំ​រួមជាមួយ​ព្រឹទ្ធសភា​ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៨៧ ស្របតាម​បំណង​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ។​

​តាំងពី​ពេល​ឃោសនា​មក​នោះ លោក ឌូ​ទើ​តេ ចង់​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​បែប​ប្រធានាធិបតីនិយម​សព្វថ្ងៃ ដែល​លោក​អះអាងថា អំណាច​ត្រូវបាន​ប្រមូលផ្ដុំ​នៅតែ​រដ្ឋធានី​ម៉ានីល បម្រើ​ផលប្រយោជន៍​អ្នក​មាននៅ​ទីក្រុង ហើយ​បំភ្លេចចោល​ការអភិវឌ្ឍ​នៅតាម​ខេត្ត​ឆ្ងាយៗ​។ ឯ​ក្រុម​សមាជិកសភា​វិញ ចង់​បន្ថែម​អាសនៈ​សភា ពង្រីក​អាណត្តិ​សមាជិកសភា ផ្ដល់​សិទ្ធិ​ស្វ័យភាព​ផ្នែក​សារពើពន្ធ​ដល់​ខេត្ត បង្កើត​តំណែង​នាយករដ្ឋមន្ត្រី​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល តែ​រក្សា​តំណែង​ប្រធានាធិបតី​ដដែល​។​

​បើតាម​ផែនការ ការអនុម័ត​លើ​គម្រោង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ថ្មី​នឹង​ចប់​រួចរាល់​ក្នុង​ឆ្នាំ​២០១៨ នេះ មុននឹង​ដាក់​ធ្វើ​ប្រជាមតិ​នៅ​ឆ្នាំ​២០១៩ ដែល​ដំណើការ​នេះ​ត្រូវ​ចំណាយ​អស់ប្រាក់​ចំនួន​២១៨​លាន​ដុល្លារ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ យ៉ាងណាមិញ គម្រោង​កែប្រែ​នេះ គឺជា​បញ្ហា​ស្មុគស្មាញ និង​រង​ការរិះគន់​ខ្លាំង ដោយ​ក្រុមប្រឆាំង​ចោទ​សភា​ថា ព្យាយាម​បន្តអំណាច​របស់ខ្លួន​ឲ្យ​បានយូរ​។​

​លើសពីនោះ ក្រុម​អ្នក​រិះគន់​បាន​ហៅ​ការប៉ុនប៉ង ជាការ​បន្ត​អាណត្តិ​ប្រធានាធិបតី​របស់លោក ឌូ​ទើ​តេ ព្រោះ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​ចែង​ឲ្យ​ប្រធានាធិបតី​មាន​អាណត្តិ​ត្រឹម​៦​ឆ្នាំ ហើយ​បុគ្គល​ម្នាក់​កាន់តំណែង​តែម្ដង​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក ឌូ​ទើ​តេ ដែល​ត្រូវ​ចប់​អាណត្តិ​នៅ​ឆ្នាំ​២០២២ បាន​អះអាង​ម្ដង​ហើយ​ម្ដង​ទៀតថា លោក​នឹងមិន​ចង់​កាន់អំណាច​យូរ​ឡើយ ហើយ​លោក​ក៏​អាច​នឹង​ចូលនិវត្តន៍​មុន​អាណត្តិ​ចប់​ដែរ​។​

​យ៉ាងណាមិញ ការអនុម័ត​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​អាច​ជួប​បញ្ហា ព្រោះ​ព្រឹទ្ធសភា​ហ្វីលីពីន​មិន​ចង់​សម្រេចចិត្ត​រួមគ្នា​ជាមួយ​រដ្ឋសភា​ឡើយ​។ នេះ​ក៏​ព្រោះតែ​ព្រឹទ្ធសភា​ហ្វីលីពីន​មាន​សមាជិក​តែ​២៤ រូប​ប៉ុណ្ណោះ ដែល​អាច​ចាញ់​ប្រៀប​រដ្ឋសភា​មាន​សមាជិក​ដល់​ទៅ​៣០០ រូប​ឯណោះ​។ ម្យ៉ាងទៀត ការពិភាក្សា​ក៏​មិនទាន់​សម្រេច​ថា ជ្រើសរើស​ប្រព័ន្ធ​ដឹកនាំ​បែបនេះ​ណា​ដែរ ខណៈ​លោក ឌូ​ទើ​តេ ចង់បាន​ប្រព័ន្ធ​រដ្ឋាភិបាល​របស់​បារាំង ដែលមាន​នាយករដ្ឋមន្ត្រី​ផង និង​ប្រធានាធិបតី​ផង​។


Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  ប្រធានាធិបតីនិយម​
  សហព័ន្ធ​និយម
© រក្សាសិទ្ធិដោយ thmeythmey.com