កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Leicester ថា Mahrez អាចមាន​តម្លៃ​ខ្លួន​លើសពី ១៣០​លាន​ដុល្លារ​
16, Jan 2018 , 9:19 pm        
រូបភាព
រូបភាព ពីទីភ្នាក់ងារសារព័ត៌មាន AFP
រូបភាព ពីទីភ្នាក់ងារសារព័ត៌មាន AFP
​អ្នកចាត់ការ​ទូទៅ Leicester City លោក Claude Puel ថា Riyad Mahrez អាចមាន​តម្លៃ​ខ្លួន​លើសពី​១០០​លាន​ផោន (១៣៨​លាន​ដុល្លារ​) ប្រសិនបើ​រូបគេ​ចាកចេញ​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។​



«​វា​គឺជា​ការរំពឹងទុក​ហើយ​យើង​មិនអាច​ឆ្លើយតប​ទៅនឹង​ការរំពឹងទុក​នេះ​ជាមួយនឹង​ព័ត៌មាន​ទាំងអស់​នោះទេ​។ ប្រហែលជា​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ Mahrez នឹងមាន​តម្លៃ​ខ្លួន​ច្រើនជាង ១០០​លាន​ផោន​»​។ លោក Puel លើកឡើង​ដូច្នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែមករា​។

​អ្នកចាត់ការ​សញ្ជាតិ​បារាំង វ័យ​៥៦​ឆ្នាំ ដែល​ទើប​ចូល​ដឹកនាំ​ក្រុម​រហស្សនាម​កញ្ជ្រោង​កាលពី​ខែតុលា​កន្លង​ទៅបាន​បន្ថែ​ម​ថា ដំណឹង​ចង់​ចាកចេញ​របស់​ម្ចាស់​ពានរង្វាន់​កីឡាករ​ល្អ​នៅ​អង់គ្លេស​ប្រចាំឆ្នាំ​២០១៦ គឺ​គ្រាន់​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ​ទេ ពេលនេះ​រូបគេ​កំពុង​រីករាយ​ជាមួយ Leicester និង​មិត្ត​រួម​ក្រុម តែបើ​មាន​ក្រុម​ដ៏​ទៃ​ចង់បាន Mahrez មែន​គឺ​តម្លៃ​មិន​ក្រោម ១៣០​លាន​ដុល្លារ​ឡើយ​។​

​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អាល់​ហ្សេ​រី វ័យ ២៦​ឆ្នាំ​រូបនេះ ធ្លាប់​ស្នើរ​ចាក​ចេញពី​កីឡដ្ឋាន King Power ម្តង​ដែរ ក្រោយ​ក្លិប​ម្ចាស់​ជើងឯក Premier League រដូវ​កាល ២០១៥-២០១៦ បដិសេធ​សំណើរ​ចង់បាន​របស់ AS Roma នៅមុន​បើក​រដូវ​កាល​ថ្មី​នេះ​ដល់​ទៅ​៣​ដង​រួចមក​។​

Mahrez បាន​ផ្លាស់​ពី​ក្រុម Le Havre (​ក្លិប​ក្នុង​លី​ក​ទី​២​បារាំង​បច្ចុប្បន្ន​) មក​ចូលរួម​ជាមួយ​ក្លិប​ដែលមាន​ម្ចាស់​ជា​អ្នកជំនួញ​ថៃ​ក្នុងតម្លៃ​ត្រឹម ៤០​ម៉ឺន​ផោន ប្រហែល ៥៥​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០១៤៕


Tag:
 បាល់ទាត់​
  Leicester City
  Claude Puel
  Riyad Mahrez
© រក្សាសិទ្ធិដោយ thmeythmey.com