ជាតិ
កម្ពុជា​-​វៀតណាម សាងសង់​ផ្សារ​គំរូ​ព្រំដែន​ជា​លើកដំបូង ក្នុង​ទំហំ​ទឹកប្រាក់​២​លាន​ដុល្លារ
16, Jan 2018 , 9:39 am        
រូបភាព
រូបពីហ្វេសប៊ុកក្រសួង៖ លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម (ខាងឆ្វេង) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក វ៉ូ ហ្គុងមិញ (ខាងស្ដាំ) នៅក្នុងពិធីសម្ពោធការដ្ឋានសាងសង់ផ្សារគរូព្រំដែនកម្ពុជា-វៀតណាម
រូបពីហ្វេសប៊ុកក្រសួង៖ លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម (ខាងឆ្វេង) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក វ៉ូ ហ្គុងមិញ (ខាងស្ដាំ) នៅក្នុងពិធីសម្ពោធការដ្ឋានសាងសង់ផ្សារគរូព្រំដែនកម្ពុជា-វៀតណាម
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ កម្ពុជា​-​វៀតណាម សាងសង់​ផ្សារ​គំរូ​ព្រំដែន​ជា​លើកដំបូង ដែលមាន​ឈ្មោះថា​«​ផ្សារ​ដា​» ក្នុង​ទំហំ​ទឹកប្រាក់​២​លាន​ដុល្លារ​។ ផ្សារ​គំរូ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នេះ រៀបចំ​សាងសង់​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ -​ខេត្ត​តៃនិញ​។​



​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ បាន​និយាយថា ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​- វៀតណាម​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​ចរាចរណ៍​ទំនិញ ក្នុងទិសដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន ជាពិសេស​លើកកម្ពស់​ជីវភាព​ប្រជាជន​ទាំងពីរ​ផងដែរ​។

​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ស្រង់​សម្ដី​លោក ប៉ាន់ សូរ​ស័ក្តិ នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្សារ​គំរូ​ព្រំដែន នៅ​ថ្ងៃទី​១៦ មករា យ៉ាង​ដូច្នេះ​៖«​ការបង្កើត​ផ្សារ​គំរូ​នេះ គឺជា​ការចាប់ផ្តើម​ទំព័រ​សករាជ​ថ្មី​មួយទៀត នៃ​ការពង្រឹង​កិច្ចសហការ និង​សម្រួល​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ឲ្យ​កាន់​តែមាន​ភាពងាយស្រួល និង​ជិត​ប្រជាពលរដ្ឋ ជាពិសេស​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ចំនួន ៥,០០០​លាន​ដុល្លារ តាម​ផែនការមេ​ដែល​បាន​គ្រោងទុក​ក្នុងពេល​អនាគត​។​ខ្ញុំ​សង្ឃឹមថា​ផ្សារ​នេះ នឹង​បម្រើ​អត្ថប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា និង​សម្រាប់​ដាក់លក់​ទំនិញរ​បស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម និង​របាំង​ពាណិជ្ជកម្ម​នានា ដែល​តែ​តែង​រាំងស្ទះ​ដល់​ធ្វើ​ចរាចរណ៍​ទំនិញ និង​ផលិតផល​នៅតាម​ព្រំដែន​កម្ពុជា និង​វៀតណាម​» ។​

​ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​កម្ពុជា លោក វ៉ូ ហ្គុ​ង​មិញ បាន​និយាយថា ផ្សារ​គំរូ​ព្រំដែន​នេះ ជាការ​ពង្រឹង​មិត្តភាព​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំងពីរ​ថែមទៀត​។​«​ខ្ញុំ​សង្ឃឹមថា​ការសាង់សង់​ផ្សារ​ដា​នេះ នឹង​នាំមក​នូវ​ក្តីសង្ឃឹម​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា និង​វៀតណាម ហើយនឹង​ក្លាយជា​គំរូ​នៃ​ការអភិវឌ្ឍ និង​ការពង្រីក​កិច្ចសហការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃ​អនាគត ប្រកបដោយ​ជោគជ័យ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ឯក​អគ្គរដ្ឋទូត​វៀតណាម​។​

​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) មក​កម្ពុជា មានតម្លៃ​ចន្លោះ​ពី ១,៧​ពាន់​លាន​ដុល្លារ ទៅ ២​ពាន់​លាន​ដុល្លារ​អាមេរិក​។ ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​វៀតណាម មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ គិត​ត្រឹម​រយ​:​ពេល​១១​ខែ នៃ​ឆ្នាំ​២០១៧ ប្រទេស​ទាំងពីរ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម ៣,៤៣៨​លាន​ដុល្លារ ពោលគឺ​បាន​កើនឡើង ៣១,៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​ចំនួន​ត្រឹមតែ ២,៩២៦​លាន​ដុល្លារ ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា គម្រោង​សាងសង់​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-​វៀតណាម​នេះ ត្រូវបាន​អនុម័ត​កាលពី​ឆ្នាំ​២០១៣ ហើយ​ត្រូវបាន​ភាគី​ទាំងពីរ បន្ត​អនុវត្ត​ឡើងវិញ​នៅ​ឆ្នាំ​២០១៦ នៅលើ​ផ្ទែ​ដី​ទំហំ ១៩,៦២៨​ម៉ែត្រការ៉េ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ថា​រី​ត្បូងឃ្មុំ ជាមួយ​ទុនវិនិយោគ​សរុប​ចំនួន ៤៤,៧៦១,៤១១,០០០​វៀតណាម​ដុង (​ប្រមាណ​ជិត ២ លាន​ដុល្លារ​អាមេរិក​) ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​៕


Tag:
 កម្ពុជា​
 ​ វៀតណាម​
 ​ ផ្សារ​គំរូ
© រក្សាសិទ្ធិដោយ thmeythmey.com