អន្តរជាតិ
សេអ៊ូលអនុញ្ញាតឲ្យប្រជាជនប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈមិនគិតថ្លៃ បន្ថយការបំពុលខ្យល់
× អាជ្ញាធរក្រុងសេអ៊ូលបានសម្រេចអនុញ្ញាតឲ្យប្រជាជនខ្លួនប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈមិនគិតថ្លៃ ដើម្បីដោះស្រាយបញ្ហាបំពុលបរិយាកាសដែលកំពុងគំរាមកំហែងសុខភាពប្រជាពលរដ្ឋ។ ក្រៅពីផ្តល់ការធ្វើដំណើរមិនគិតថ្លៃ អាជ្ញាធរក៏បិទកន្លែងចតឡានច្រើនកន្លែង និងបញ្ឈប់ការសាងសង់ដើម្បីដោះស្រាយបញ្ហានេះដូចគ្នា។
ការបំពុលខ្យល់កាន់តែធ្ងន់ធ្ងរនៅក្នុងរដ្ឋធានីសេអ៊ូល រហូតដល់កម្រិតមួយប្រកាសអាសន្នព្រោះវាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនៅក្នុងក្រុង។ បើតាមអាជ្ញាធរតំបន់កម្រិតល្អងធូលីមានរហូតដល់ ៥០ មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ដែលវាស្ថិតក្នុងកម្រិតមួយគ្រោះថ្នាក់ផង។
យោងតាមទីភ្នាក់ងារព័ត៌មាន Korea Times ដើម្បីដោះស្រាយបញ្ហាបំពុលខ្យល់ធ្ងន់ធ្ងរនេះអាជ្ញាធរក្រុងសេអ៊ូលបានសម្រេចដាក់ចេញវិធានការសំខាន់ៗមួយចំនួនក្នុងនោះមានការអនុញ្ញតឲ្យប្រជាពលរដ្ឋប្រើមធ្យោបាយធ្វើដំណើរសាធារណៈដោយឥតគិតថ្លៃផង។
ក្រុងសេអ៊ូលចាប់ផ្តើមអនុវត្តវិធានការរបស់ខ្លួនចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយប្រជាពលរដ្ឋក្រុងសេអ៊ូលអាចជិះរថយន្ត ឬរថភ្លើងបានដោយឥតគិតថ្លៃនៅម៉ោងធ្វើដំណើរចេញឬទៅធ្វើការ។ វិធានការនេះជំរុញឲ្យប្រជាពលរដ្ឋកាន់តែច្រើននាំគ្នាងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈវិញ។
ក្រៅពីជំរុញឲ្យប្រជាជនធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរសាធារណៈ អាជ្ញាធរក្រុងសេអ៊ូលក៏បានសម្រេចដាក់កម្រិតឲ្យមន្ត្រីខ្លួនបន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន និង បិទកន្លែងចតឡានប្រហែល ៣៦០ កន្លែង រួមទាំងបន្ថយគម្រោងសាងសង់នានារបស់រដ្ឋផងដែរ។
តាមពិតទៅ វិធានការនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន ក្រោយពេលដែលកម្រិតធូលីក្នុងខ្យល់កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន និងខ្ពស់ជាបណ្តាទីក្រុងផ្សេងទៀតដូចជាញូវដេលី របស់ឥណ្ឌាទៅទៀត។ អ្នកជំនាញបានផ្តល់យោបល់ថា កម្រិតបំពុលខ្យល់កើនឡើងខ្លាំងដោយសារតែការប្រើប្រាស់ប្រេងឥន្ធនៈ និងការបន្តឧស្សាហកម្មធ្យូងថ្មផងដែរ។
គេរំពឹងថា វិធានការតឹងរ៉ឹងនេះនឹងបន្តអនុវត្តក្នុងរយៈពេលជាច្រើនថ្ងៃដើម្បីធានាថា បរិយាកាសនឹងត្រឡប់មករកស្ថានភាពល្អប្រសើរវិញ ហើយគេមិនរំពឹងថា វិធានការនេះនឹងបង្កផលប៉ះពាល់ដល់ដំណើរការងារក្រុមហ៊ុនឯកជនឡើយ៕
Tag:
សេអ៊ូល
បំពុលខ្យល់
© រក្សាសិទ្ធិដោយ thmeythmey.com