ជាតិ
អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង ចង់​ជួប​លោក កឹម សុខា ក្រោយ​មានការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​
17, Jan 2018 , 3:39 pm        
រូបភាព
លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ស្ថិតនៅក្រៅបរិវេណតុលាការកំពូល ពេលដែលតុលាការកំពូល កំពុងបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា កាលពីកន្លងមកងមក
លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ស្ថិតនៅក្រៅបរិវេណតុលាការកំពូល ពេលដែលតុលាការកំពូល កំពុងបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា កាលពីកន្លងមកងមក
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អតីត​តំណាងរាស្ត្រ​ប្រាំ​រូប នៃ​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​សហការី​មួយចំនួនទៀត បានដាក់​សំណើ​ទៅកាន់​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំចូល​ជួប​លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នា​ខេត្ត​ត្បូងឃ្មុំ​។ បំណង​របស់​ក្រុមតំណាងរាស្ត្រ ដែល​ចង់​ជួប​លោក កឹម សុខា  គឺ​បង្ហាញឡើង ក្រោយពី​លោក សម រង្ស៊ី រួមទាំង​ថ្នាក់ដឹកនាំ​សំខាន់ៗ​មួយចំនួន បាន​បង្កើត «​ចលនា​សង្គ្រោះ​ជាតិ​» នៅក្រៅ​ប្រទេស នាពេល​ថ្មីៗ​នេះ​។



​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ ដែល​កាន់​សំណុំរឿង​របស់លោក កឹម សុខា មិនទាន់​ឆ្លើយតប​នឹង​សំណើ​របស់​ក្រុមតំណាងរាស្ត្រ​ខាងលើ​នោះទេ​។ ប៉ុន្តែ លោក លី សុ​ផា​ណា អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកកាសែត​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ថា សំណើ​របស់​ក្រុមតំណាងរាស្ត្រ បាន​ទៅ​ដល់ដៃ​លោក គី ឫទ្ធី ហើយ ដើម្បី​ពិនិត្យ​តាម​នីតិវិធី​។

​លោក ម៉ៅ មុនី​វណ្ណ ដែល​ធ្វើជា​តំណាង និង​នាំមុខគេ ក្នុងការ​ធ្វើសំណើ​នេះ ពុំទាន់​អាច​បង្ហើប​បានទេ​ថា លោក មានបំណង​អ្វី ចង់​ជម្រាប​ដល់​លោក កឹម សុខា​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា អ្វីដែល​សំខាន់​នាពេលនេះ គឺ​ការទទួល​បានអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ដើម្បី​ចូលជួប​លោក កឹម សុខា​។ លោក និយាយ​ដូច្នេះ​ថា​៖«​ចាំបាន​ជួប​គាត់​សិន​។ ប៉ុន្តែ យើង ដូចជា​គ្មានអ្វី​ទេ​..​គឺ​គ្រាន់តែ​ចង់ទៅ​សួរសុខទុក្ខ​គាត់​ប៉ុណ្ណឹង​»​។

​យោងតាម​សំណើ​ខាងលើ អតីត​តំណាងរាស្ត្រ ដែល​ចង់​ចូលជួប​លោក កឹម សុខា ក្នុង​ពន្ធនាគារ រួមមាន លោក ម៉ៅ មុនី​វណ្ណ លោក អ៊ូ ច័ន្ទ​រ័ត្ន លោក ជាម ច​ន្នី លោក កង គឹម​ហាក់ និង​លោកស្រី តែ ច័ន្ទ​មុនី​។

​កន្លងមក អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ដាក់សំណើ​សុំ​ជួប​លោក កឹម សុខា ម្តង​ជា​ពីរដង​រួចមកហើយ ក្រោយពី​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន យកទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ភ្លាមៗ​។ ប៉ុន្តែ សំណើ​ទាំងនោះ សុទ្ធតែ​ត្រូវបាន​ច្រានចោល​។ មកដល់ពេលនេះ អ្នក​ដែល​បាន​ចូលជួប​លោក កឹម សុខា គឺមាន​តែ​ភរិយា​របស់គាត់ និង​ក្រុម​មេធាវី​ប៉ុណ្ណោះ​។

​បើ​គិត​ទៅ លោក កឹម សុខា បាន​ជាប់ពន្ធនាគារ ជាង​បួន​ខែ​ហើយ ក្រោម​ការសង្ស័យ​របស់​តុលាការ​ថា បាន​ឃុបឃិត​ជាសម្ងាត់​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​ទង្វើ​នេះ អាច​ចាត់ទុកជា​អំពើ​ក្បត់ជាតិ​។ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល ព្រោះតែ​តុលាការ យល់ថា មាន​ចេតនា​ធ្វើ​បដិវត្ត​ពណ៌ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​៕ 


Tag:
 CNRP
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com