ជាតិ
សេដ្ឋកិច្ច
ស្ថាប័នរដ្ឋ​មួយទៀត ព្រមាន​ពី​ការជួញដូរ​រូបិយ​បណ្ណ​ឌីជីថល​
17, Jan 2018 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (SECC) បាន​ព្រមាន​ពី​ហានិភ័យ​ខ្ពស់ ចំពោះ​ការជួញដូរ​រូបិយ​បណ្ណ​ឌីជីថល​។ SECC អះអាងថា ខ្លួន​មិនទាន់​បានផ្ដល់​ការអនុញ្ញាត​ដល់​ក្រុមហ៊ុន​ណាមួយ ឲ្យ​ធ្វើ​ប្រតិបត្តិការ​បោះផ្សាយ ឬ​ជួញដូរ​រូបិយ​បណ្ណ​ឌីជីថល​នោះទេ​។

 

​មួយខែ​បន្ទាប់ពី​មានការ​ព្រមាន​របស់​ធ​នាគារ​ជាតិ  គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (SECC) នៅ​ថ្ងៃទី​១៦​ខែមករា បានចេញ​សេចក្ដីជូនដំណឹង​មួយ ដើម្បី​បង្ការ​ហានិភ័យ ជុំវិញ​ការជួញដូរ​រូបិយ​បណ្ណ​ឌីជីថល របស់​សាធារណជន​។ SECC បាន​ឲ្យ​ដឹងថា រូបិយ​បណ្ណ​ឌីជីថល ជា​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី មិនទាន់មាន​ការសិក្សា​ច្បាស់លាស់ ដែល​ការជួញដូរ ឬ​ជាប់​ពាក់ព័ន្ធ​អាចមាន​ហានិភ័យ​ខ្ពស់ និង​បង្ក​ឲ្យ​ខាតបង់​ប្រាក់​ច្រើន​ជាយថាហេតុ​។

SECC បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា​៖«​សូម​សាធារណជន មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការជាប់​ពាក់ព័ន្ធ ឬ​ប្រឡូក ក្នុងការ​ជួញដូរ​រូបិយ​បណ្ណ​ឌីជីថល​ទាំងនេះ ដែល​នាំ​ដល់​ការទទួលខុសត្រូវ និង​រ៉ាប់រង​ដោយ​ខ្លួនឯង​លើ​ហានិភ័យ និង​ការខាតបង់​ជាយថាហេតុ​»​។​

SECC អះអាងថា ខ្លួន​មិនទាន់​បានផ្ដល់​ការអនុញ្ញាត​ដល់​ក្រុមហ៊ុន​ណាមួយ ឲ្យ​ធ្វើ​ប្រតិបត្តិការ​បោះផ្សាយ ឬ​ជួញដូរ​រូបិយ​បណ្ណ​ឌីជីថល​នោះទេ​។​
អត្ថបទទាក់ទង

​ជុំវិញ​រូ​បិ​បណ្ណ​ឌីជីថល​នេះដែរ SECC ក្នុងពេល​ថ្មីៗ​នេះ បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន Camnext Global Ltd ដើម្បី​សិក្សា​លើ​យន្តការ ប្រភេទ​ឧបករណ៍​ហិរញ្ញវត្ថុ​ឌីជីថល និង​ឧបករណ៍​ផ្សេងទៀត ដែល​ប្រើប្រាស់​ជា​មធ្យោបាយ​ប្រមូល​សាច់ប្រាក់​ពី​សាធារណជន ឬ​ជាម​ធ្យោ​បា​ក្នុងការ​ជួញដូរ​។ សេចក្ដីជូនដំណឹង​ខាងលើនេះ លើកឡើង​ទៀតថា SECC ត្រូវការ​សិក្សា​ហានិភ័យ​ពាក់ព័ន្ធ​ឲ្យ​បាន​ច្បាស់​ជាមុនសិន មុន​ឈានដល់​ការរៀបចំ​បទបញ្ញត្តិ​គ្រប់គ្រង​ឧបករណ៍​ហិរញ្ញវត្ថុ​ឌីជីថល​ថ្មីៗ​ទាំងនោះ​ក្នុង​វិស័យ​មូល​ប​ត្រ ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ជា​ប្រយោជន៍ និង​ទំនុកចិត្ត​សម្រាប់​អ្នកចូលរួម​ក្នុង​ទីផ្សារ​៕


Tag:
 រូបិយ​បណ្ណ​ឌីជីថល​
  SECC
  NBC
© រក្សាសិទ្ធិដោយ thmeythmey.com