កីឡាជាតិ
ជាតិ
ក្រោយការចាកចេញកីឡាករកូរ៉េខាងជើង ទ័ពបានកីឡាករកូរ៉េខាងត្បូង និងជប៉ុន ជំនួសវិញ លោក ខូវ ឆាយ (ទី៣រាប់ពីស្តាំ)ថតជុំគ្នាជាកីឡាករបរទេសដែលបានចុះកិច្ចសន្យា១រដូវកាលជាមួយទ័ព
× ក្លិបបាល់ទាត់ក្រសួងការពារជាតិ (ទ័ព) កាលពីថ្ងៃទី១៦ ខែមករា បានបង្ហាញសមាសភាពកីឡាករបរទេសទាំង៥រួមមានកូរ៉េខាងត្បូង៣នាក់ និងជប៉ុន២នាក់ដែលត្រូវជំនួសកៅអីកីឡាករកូរ៉េខាងជើងដែលផ្ទេរទៅក្លិបវិសាខា។ ជាមួយសមាសភាពថ្មីនេះ ទ័ពរំពឹងថា ខ្លួននឹងអាចកែប្រែប្រវត្តិសាស្ត្រជើងឯករងពីរឆ្នាំជាប់គ្នាសម្រាប់រដូវកាលថ្មីឆ្នាំ២០១៨។ ការរំពឹងបែបនេះដោយសារកីឡាករបរទេសដែលទើបចុះកិច្ចសន្យាសុទ្ធតែមានទម្រង់លេង និងសមត្ថភាពល្អ។
ក្រោយកិច្ចសន្យាជាមួយកីឡាករកូរ៉េខាងជើងទាំង៤អស់សុពលភាព ក្រុមទ័ពបានងាកទៅចុះកិច្ចសន្យានាំចូលកីឡាករកូរ៉េខាងត្បូងនិងជប៉ុនដើម្បីជំនួសកៅអីទាំងនេះ។ កីឡាករកូរ៉េខាងត្បូង៣រូបរួមមានខ្សែប្រយុទ្ធ Lee Junheob, ខ្សែការពារ Yoo Tae ho, ខ្សែបម្រើ Na Hyosung និងកីឡាករជប៉ុនពីររូបរួមមានខ្សែការពារ Yudai Ogawa និងខ្សែបម្រើ Daiki Matsumoto បានចុះកិច្ចសន្យាលេងឲ្យក្លិបក្រសួងការពារជាតិរយៈពេល១ឆ្នាំសម្រាប់រដូវកាលឆ្នាំ២០១៨។
អ្នកចាត់ការទូទៅក្លិបក្រសួងការពារជាតិលោក ខូវ ឆាយ បានបញ្ជាក់ថា កីឡាករបរទេសទាំង៥ដែលទើបចុះកិច្ចសន្យានេះមានទម្រង់លេងនិងសមត្ថភាពអាចទទួលយកបាន ពោលគឺមានបច្ចេកទេសល្អប្រសើរជាងកីឡាករកូរ៉េខាងជើង។ «កីឡាករបរទេសទាំងនេះបានចុះកិច្ចសន្យាលេងឲ្យក្លិបយើងពេញមួយរដូវកាល ហើយសមត្ថភាពរបស់ពួកគាត់អាចទទួលយកបាន។ ខ្ញុំគិតថាពួកគាត់នឹងអាចជួយឲ្យក្លិបដណ្តើមបានលទ្ធផលល្អក្នុងរដូវកាលឆ្នាំ២០១៨»។ នេះជាការបញ្ជាក់របស់លោក ខូវ ឆាយ។
តាមរយៈកិច្ចសន្យាថ្មីនេះអ្នកចាត់ការទូទៅខាងលើមានមហិច្ឆិតាចង់ក្លាយជាម្ចាស់ជើងឯករដូវកាលឆ្នាំ២០១៨ ដើម្បីក្លាយជាក្រុមតំណាងកម្ពុជានៅលើឆាកអន្តរជាតិ។«យើងបានជើងឯករងលីគកំពូល២ឆ្នាំគឺលើកទី១ឆ្នាំ២០១៦ ដោយចាញ់ក្រុមបឹងកេត១ពិន្ទុហើយឆ្នាំ២០១៧ យើងបានចាញ់ក្រុមបឹងកេតដោយការស៊ុតបាល់ប៉េណាល់ទីដ៏គួរឲ្យសោកស្តាយបំផុត អ៊ីចឹងមហិច្ឆតារបស់យើងនៅឆ្នាំនេះ គឺយើងចង់បានតំណែងជើងឯកដើម្បីក្លាយជាក្រុមតំណាងឲ្យកម្ពុជាទៅប្រកួតនៅក្រៅប្រទេស»។ នេះជាមហិច្ឆតារបស់លោក ខូវ ឆាយ ដែលបានលើកឡើងក្នុងពិធីបង្ហាញមុខកីឡាករបរទេសកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។
ក្រោយកិច្ចសន្យាជាមួយក្លិបក្រសួងការពារជាតិអស់សុពលភាពកីឡាករកូរ៉េខាងជើងទាំង៤នាក់រួមខ្សែប្រយុទ្ធ Cheo Myong-ho, Ri Hyok Chol, Kim Kyong-hun និងខ្សែការពារ Jang Song-hyok បានផ្ទេរទៅលេងឲ្យក្លិបចំណូលថ្មីដែលទើបឡើងពីក្របខណ្ឌលីគលំដាប់ទី២វិសាខាសម្រាប់រដូវកាលឆ្នាំ២០១៨។ កីឡាករកូរ៉េខាងជើងទាំងនេះបានចំណាយពេល២ឆ្នាំរួមរស់ជាមួយទ័ព និងបានរួមចំណែកជួយឲ្យក្រុមនេះទទួលបានជើងឯករងពីររដូវកាលគឺឆ្នាំ២០១៦ និង ២០១៧៕
Tag:
បាល់ទាត់
ទ័ព
ខូវ ឆាយ
© រក្សាសិទ្ធិដោយ thmeythmey.com