អន្តរជាតិ
គ្រូ​ពេ​ទ្រ​ប្រចាំ​សេត​វិមាន​៖ លោក ត្រាំ មាន​សុខ​ភាពល្អ តែ​ត្រូវ​បន្ថយ​ទម្ងន់​
17, Jan 2018 , 7:39 pm        
រូបភាព
លោក Ronny Jackson គ្រូពេទ្យប្រចាំសេតវិមាន (រូបភាព៖ Xinhua)
លោក Ronny Jackson គ្រូពេទ្យប្រចាំសេតវិមាន (រូបភាព៖ Xinhua)
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ឆ្លង​ផុត​ការធ្វើ​តេស្ត​សុខភាព​ដើម្បី​ស្វែងរក​ជំងឺផ្លូវចិត្ត​។ គ្រូពេទ្យ​ប្រចាំ​សេត​វិមាន​និយាយថា សុខភាព​ជារួម​របស់​លោក ត្រាំ មាន​លក្ខណៈ​ល្អប្រសើរ តែ​ត្រូវ​ចាប់ផ្ដើម​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន​ដើម្បី​កាត់បន្ថយ​ទម្ងន់​។ លោក ត្រាំ បានធ្វើ​តេស្ត​សុខភាព​កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​ការអះអាង​ក្នុង​សៀវភៅ​មួយ​ថា លោក​មាន​បញ្ហា​សុខភាព ហើយ​មិន​សក្តិសម​នឹង​តំណែង​ប្រធានាធិបតី​ឡើយ​។​



​លទ្ធផល​នៃ​ការធ្វើ​តេស្ត​សុខភាព​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានចេញ​ហើយ​។ នៅ​ថ្ងៃទី​១៦ ខែមករា វេជ្ជបណ្ឌិត​របស់​សេត​វិមាន Ronny Jackson និយាយថា សុខភាព​លោក ត្រាំ ល្អ​ណាស់ មិន​ថា​សុខភាព​ផ្លូវចិត្ត​ឡើយ​។ ប៉ុន្តែ​គ្រូពេទ្យ​រូបនេះ​បញ្ជាក់ថា លោក ត្រាំ លើស​ទម្ងន់​ដែល​ត្រូវតែ​ហាត់ប្រាណ និង​ត្រូវ​កាត់បន្ថយ​ការបរិភោគ​អាហារ​ដែលមាន​ជាតិ​ខ្លាញ់ កូ​ឡេស​ស្តេ​រ៉ូ​ល និង​កាបូន​អ៊ី​ដ្រា​ត​។​

​លោក ត្រាំ បាន​ទៅធ្វើ​តេស្ត​សុខ​ភាពជា​លើកដំបូង​ក្នុងនាម​ជា​ប្រធានាធិបតី​នៅ​កាលពី​សប្ដាហ៍​មុន ដើម្បី​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​ថា លោក​មាន​បញ្ហា​ផ្លូវចិត្ត​ដែល​មិន​អាចធ្វើ​ប្រធានាធិបតី​បាន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ត្រាំ បាន​ប្រាប់​ឲ្យ​លោក Jackson បញ្ចូល​ការធ្វើ​តេស្ត​ផ្លូវចិត្ត​ចូលក្នុង​ការពិនិត្យ​សុខភាព​ជារួម និង​បានផ្ដល់​សិទ្ធិ​ឲ្យ​បញ្ចេញ​ព័ត៌មាន​ទាំងអស់​ទាក់ទង​លទ្ធផល​សុខភាព​នេះ​ផងដែរ​។​

​តាមពិតទៅ លោក ត្រាំ ដែលមាន​អាយុ​៧១​ឆ្នាំ​ទៅហើយ ជា​មនុស្ស​ចូលចិត្ត​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ដូចជា​មាន់​បំពង ប៊ឺ​ហ្គើ និង​សាច់គោ​អាំង ប៉ុន្តែ​លោក​មិនសូវ​ធ្វើ​លំ​ហាត់ប្រាណ​ឡើយ ទោះជា​លេង​កីឡា​ហ្គោល​ជា​ញឹកញយ​ក្ដី​។ លោក Jackson បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក ត្រាំ ត្រូវ​បញ្ចុះទម្ងន់​ពី​៤,៥​គីឡូក្រាម ទៅ​៦,៨​គីឡូក្រាម ខណៈ​ទម្ងន់ និង​កម្ពស់​របស់លោក​សព្វថ្ងៃ មិន​សមាមាត្រ​គ្នា​ឡើយ​។​

​វេជ្ជបណ្ឌិត​ដដែល​នេះ​នឹង​បង្កើន​ដូ​ស​ថ្នាំ Crestor ដើម្បី​បន្ថយ​បរិមាណ​កូ​ឡេស​ស្តេ​រ៉ូ​ន និង​បញ្ជូន​អ្នកជំនាញ​ផ្នែក​ជីវជាតិ​ទៅកាន់​ចង្ក្រាន​បាយ​សេត​វិមាន​ផងដែរ​។ ជាមួយគ្នា​នោះ លោក ត្រាំ ក៏ត្រូវ​បង្កើន​ការធ្វើ​លំ​ហាត់ប្រាណ​ដែរ ទោះជា​លោក​ចង់​ផ្ដោតលើ​ការបន្ថយ​ចំណី​ជាង​ក្ដី​។ បើតាម​ការវាយតម្លៃរ​ប​ស់លោក Jackson លោក ត្រាំ មាន​សុខ​ភាពល្អ​ដើម្បី​បន្ត​អាណត្តិ​ប្រធានាធិបតី ឬក៏​អាច​ឈ្នះឆ្នោត​នៅ​អាណត្តិ​ទី​ពីរ​ទៅទៀត​។

​យ៉ាងណាមិញ អ្នកគ្រូ​ពេទ្យ Ranit Mishori មកពី​វ៉ាស៊ីនតោន បានបង្ហាញ​គំនិត​ផ្ទុយ​ពី​លោក Jackson ។ លោកស្រី Mishori និយាយថា លោក ត្រាំ ទទួល​ការធ្វើ​តេស្ត​ច្រើនជាង​ការណែនាំ​ទៅទៀត ដែល​នេះ​បង្ហាញថា លោក​ប្រឈមមុខ​បញ្ហា​សុខភាព​។ «​គាត់​ជាម​នុស្ស​ប្រុស អាយុ​៧១​ឆ្នាំ លើស​ទម្ងន់ មាន​កូ​ឡេស​ស្តេ​រ៉ូ​ល​ខ្ពស់ និង​ដុះ​ក្បាលពោះ​។ នេះ​ជាស​ញ្ញា​ទាំង​បួន​ដែល​បង្ហាញថា លោក ត្រាំ ប្រឈមមុខ​ខ្ពស់​នឹង​ជំងឺ​សរសៃ​បេះដូង​»​។ នេះ​ជា​សម្ដី​របស់លោក Mishori ៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com