ជាតិ
មន្ត្រីរដ្ឋាភិបាល៖ គ្មានឡើយ ការលាងលុយកខ្វក់របស់វិនិយោគិនចិននៅកម្ពុជា លោក ឱម យ៉ិនទៀង (ឆ្វេង) និងលោក ផៃ ស៊ីផាន
× ភ្នំពេញ៖ រដ្ឋាភិបាល បដិសេធថា គ្មានករណីអ្នកវិនិយោគចិន ប្រើប្រាស់លុយកខ្វក់មកលាងសម្អាតនៅប្រទេសកម្ពុជាឡើយ។ ការបដិសេធរបស់រដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន The New York Times របស់អាមេរិក បានចុះផ្សាយអំពីភាពមិនប្រក្រតីរបស់វិនិយោគិនចិន ដែលនាំគ្នាសម្រុកមកដាក់ទុនរកស៊ីនៅកម្ពុជា ដោយនាំយកលុយកខ្វក់ពីប្រទេសចិន។
ក្នុងអត្ថបទសេដ្ឋកិច្ចរបស់សារព័ត៌មាន The New York Times ដែលចុះផ្សាយកាលពីថ្ងៃទី៩ មករា បានលើកឡើងពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងឆាប់រហ័ស តាមរយៈការដាក់វិនិយោគពីសំណាក់អ្នកជំនួញជនជាតិចិន។ The New York Times បានបន្តថា កម្ពុជា គឺជាទីកន្លែងសម្បូរកម្លាំងពលកម្ម និងផ្ដល់ផលប្រយោជន៍ល្អដល់អ្នកវិនិយោគចិន។ ប៉ុន្តែមានកត្តាផ្សេងទៀត ដែលជាមូលហេតុពិតប្រាកដនោះ គឺថាទីក្រុងភ្នំពេញ ជាទីផ្សារអចលនទ្រព្យសម្រាប់អ្នកវិនិយោគចិនផងដែរ។
សារព័ត៌មានរបស់អាមេរិកមួយនេះ បានស្រង់សម្តី លោក George McLeod អ្នកជំនាញពិគ្រោះយោបល់ពីហានិភ័យនយោបាយ ដែលមានមូលដ្ឋាននៅទីក្រុងបាងកក យ៉ាងដូច្នេះថា៖«អ្នកជំនួញចិន បានដឹងយ៉ាងច្បាស់ថា កម្ពុជាជាប្រទេសមានបញ្ហាបំណុលធ្ងន់ធ្ងរ ។ អ្នកជំនួញ ដែលមកវិនិយោគទាំងនោះ ភាគច្រើនមានមូលធនប្រហែល២ ទៅ៣លានដុល្លារប៉ុណ្ណោះ ដែលកំពុងដាក់ទុនវិនិយោគនៅក្រៅប្រទេសចិន ដើម្បីគេចវេះចេញ ពីការតាមដានរបស់អាជ្ញាធរចិនផងដែរ»។
បន្ថែមពីនេះ The New York Times សរសេរទៀតថា កម្ពុជាគឺជាទីកន្លែងមួយ ដែលប្រើប្រាស់ទុនវិនិយោគក្នុងវិស័យសេដ្ឋកិច្ច ជាមួយនឹងប្រាក់ដុល្លារអាមេរិកនៅក្នុងគណនី សម្រាប់ការបង្វិលប្រាក់ក្នុងទំហំយ៉ាងច្រើន លើវិស័យសេដ្ឋកិច្ចនេះ ដែលវាអាចបង្កើតឱកាសឲ្យអ្នកវិនិយោគចិន លាងសម្អាតប្រាក់ទៀតផង។ លោក George McLeod បាននិយាយប្រាប់កាសែត The New York Times ដូច្នេះថា៖
«ធនាគារកណ្ដាលកម្ពុជា នៅមានភាពធូរលុងនៃការគ្រប់គ្រងផ្ទៃក្នុង និងគោលនយោបាយជុំវិញការប្រឆាំង នឹងការលាងសម្អាតលុយ (លុយបានមកពីការរកស៊ីខុសច្បាប់) និងការកំណត់អត្តសញ្ញាណឲ្យច្បាស់ ចំពោះអ្នកវិនិយោគទាំងនោះ ដែលវាកំពុងតែផ្ដល់ឱកាសឲ្យអ្នកវិនិយោគចិនយ៉ាងធំ ក្នុងការបើកផ្លូវសម្រាប់ដឹកជញ្ជូនប្រាក់កខ្វក់ ដែលបានមកពីបទឧក្រិដ្ឋ និងមន្ត្រីរដ្ឋាភិបាលចិនដែលពុករលួយ។បើតាមបទពិសោធន៍របស់ខ្ញុំ ដែលកំពុងស៊ើបអង្កេតលើករណីនេះនៅកម្ពុជានោះ ខ្ញុំជឿជាក់ថា ប្រាក់កខ្វក់ទាំងនោះ បានមកពីចិន People Republic of China (P.R.C) ដែលជាផ្នែកមួយ នៃមូលធនវិនិយោគក្នុងប្រទេសកម្ពុជានេះ»។
តែយ៉ាងណារដ្ឋាភិបាលកម្ពុជា បដិសេធចំពោះការលើកឡើងលោក George McLeod ដែលចុះផ្សាយដោយកាសែត The New York Times នេះ។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាននិយាយថា អ្នកវិនិយោគចិន ដែលមកដាក់ទុនរកស៊ីនៅកម្ពុជា សុទ្ធតែទទួលបានការគាំទ្រ និងលើកទឹកចិត្តពីរដ្ឋាភិបាលចិន។ ក្នុងន័យនេះ លោក ផៃ ស៊ីផាន បានពន្យល់ថា រាល់ថវិកាដែលអ្នកជំនួញចិន យកមកវិនិយោគនេះ គឺមានការត្រួតពិនិត្យពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង ឬពីនាយករដ្ឋមន្ត្រីជាដើម មុននឹងអនុញ្ញាតឲ្យពួកគេមករកស៊ីនៅកម្ពុជា។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ បានបកស្រាយដូច្នេះថា៖«អ្នកវិនិយោគឯកជនចិន និងអ្នកវិនិយោគជាផ្លូវការជាង៩០ យើងឃើញអ្នកវិនិយោគទាំងអស់នេះ គឺពួកគេអាចយកលុយចេញមកប្រើ ល្គឹកណារដ្ឋាភិបាលចិនអនុញ្ញាត។ នេះជាកិច្ចការពិនិត្យពិច័យ ប្រយ័ត្នប្រយែង ប្រឆាំងអំពើពុករលួយ និងការលាងលុយរបស់ចិន។ ដូច្នេះ លុយដែលធ្លាក់មកកម្ពុជា យើងមិនឃើញលុយទាំងអស់នេះ ជាលុយស្មោកគ្រោកទេ»។
ស្ដាប់ប្រសាសន៍របស់ លោក ផៃ ស៊ីផាន៖
ងាកមកករណីត្រួតពិនិត្យប្រាក់វិនិយោគនៅកម្ពុជាវិញ លោក ផៃ ស៊ីផាន បានបន្ថែមថា ធនាគារកណ្ដាលកម្ពុជា មានការគ្រប់គ្រង តាមដានត្រឹមត្រូវ លើទឹកប្រាក់វិនិយោគ ដែលបង្វិលចូលគណនីរបស់ក្រុមអ្នកជំនួញចិនទាំងអស់ រួមទាំងថវិកាវិនិយោគិនបរទេសដទៃទៀតផងដែរ។ បើតាម លោក ផៃ ស៊ីផាន នៅក្នុងធនាគារកណ្ដាល មានក្រុមការងារ FBI និងគណៈកម្មការប្រឆាំង នឹងការលាងលុយកខ្វក់ ដើម្បីត្រួតពិនិត្យលើប្រាក់វិនិយោគ នៅតាមគណនីរបស់អ្នកជំនួញបរទេសទាំងអស់។
ស្តាប់ការលើកឡើងរបស់លោក ផៃ ស៊ីផាន៖
ទាក់ទងនឹងបញ្ហាខាងលើនេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង បាននិយាយថា អង្គភាពលោក បានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយចិន ដើម្បីស៊ើបអង្កេតលើករណីលំហូរសាច់ប្រាក់វិនិយោគិនចិននៅកម្ពុជា ដោយយកចិត្តទុកដាក់បំផុត ប៉ុន្តែមិនទាន់រកឃើញ ករណីអ្នកវិនិយោគចិន លាងប្រាក់កខ្វក់ឡើយ។ «កន្លងមកយើងក៏បានសហការយ៉ាងស្អិតល្មួត ជាមួយអង្គភាពប្រឆាំងអំពើពុករលួយចិន ព្រោះចិនមានគោលការណ៍ប្រឆាំងពុករលួយខ្លាំងក្លាដែរ ហើយគេមិនចង់ឲ្យមុខសញ្ញាពុករលួយចិន រត់គេចទៅប្រទេសណាដោយងាយស្រួលទេ។ បើមានកើតឡើងនៅប្រទេសណា គេនឹងស្នើសហការចាប់បញ្ជូនទៅវិញ។ ហើយកន្លងមក យើងក៏មានការសហការជាមួយចិន ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានមួយចំនួនដែរ ដែលពាក់ព័ន្ធនឹងការលាងលុយនេះ ប៉ុន្តែមិនទាន់មានឃើញអ្វីពិតប្រាកដថា ជាអំពើនៃការលាងលុយទេ»។ នេះបើតាមលោក ឱម យ៉ិនទៀង។
សូមស្ដាប់សំឡេង៖
កម្ពុជាកំពុងស្ថិតនៅមាត់ច្រកនៃ«បញ្ជីប្រផេះ» (Grey List) របស់ក្រុមប្រឆាំងការសម្អាតប្រាក់កខ្វក់អាស៊ីប៉ាស៊ីហ្វិក (APG)។ «បញ្ជីប្រផេះ» គឺជាសញ្ញាហានិភ័យមួយ ដល់បណ្ដាប្រទេសនៅក្នុងពិភពលោក នៃសមាជិកក្រុមប្រឆាំងការសម្អាតប្រាក់កខ្វក់អាស៊ីប៉ាស៊ីហ្វិច (APG) ដែលសង្ស័យថា មានករណីចរាចរលើការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ។ APG ទុករយៈពេល១៥ខែ (គិតពីខែកក្ដដា១ឆ្នាំ២០១៧ ដល់តុលា ឆ្នាំ២០១៨) ដើម្បីគេចផុតពី«បញ្ជីប្រផេះ» ដែលកុំឲ្យបង្កផលប៉ះពាល់ដល់អ្នកវិនិយោគក្នុងប្រទេសកម្ពុជា។ កម្ពុជាត្រូវផ្ដល់របាយការណ៍រយៈពេល៣ខែម្ដង ដល់ក្រុមប្រឆាំងការសម្អាតប្រាក់កខ្វក់អាស៊ីប៉ាស៊ីហ្វិច ត្រួតពិនិត្យនឹងវាយតម្លៃ។ នេះបើតាមរបាយការណ៍វាយតម្លៃ (Mutual Evaluation Report-MER) ដែលបានធ្វើនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២០ របស់APG នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។
តែយ៉ាងណាលោក ឱម យ៉ិនទៀង បានប្រាប់សារព័ត៌មានថ្មីៗថា មកដល់ពេលនេះកម្ពុជា មិនទាន់ប្រឈមមុខជាប់ក្នុងបញ្ជី«ប្រផេះ» ឬស្ថិតនៅមាត់ទ្វារ«បញ្ជីប្រផេះ» នៅឡើយទេ ពោលគឺកម្ពុជានៅតែស្ថិតនៅក្នុងបញ្ជី«ស» ដែលបង្ហាញថា នៅកម្ពុជាគ្មានករណីលាងសម្អាតប្រាក់ឡើយ៕
សូមស្ដាប់សំឡេង៖
Tag:
ឱម យ៉ិនទៀង
ផៃ ស៊ីផាន
សម្អាតប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com