អន្តរជាតិ
ប្រមុខ​ការទូត​ចិន​រំឭក​រដ្ឋ​អាហ្វ្រិក «​ប្រយ័ត្ន​ខក​ឱកាស​សហការ​ជាមួយ​ចិន ព្រោះ​ចង់បាន​តៃវ៉ាន់​»
17, Jan 2018 , 9:59 pm        
រូបភាព
​ប្រមុខ​ការទូត​ចិន​លោក វ៉ាង យី នៅ​ថ្ងៃទី​១៦ ខែមករា បានស្នើ​ឲ្យ​រដ្ឋ​អាហ្វ្រិក​ទាំងអស់​ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាហ្វ្រិក និង​ចិន ដែលជា​មហាអំណាច​មាន​សេដ្ឋកិច្ច​ជឿនលឿន​។ លោក វ៉ាង យី និយាយ​បែបនេះ ដោយ​ចង់​សំដៅ​ដល់​ប្រទេស​អាហ្វ្រិក​ដែល​នៅមាន​ចំណងទាក់ទង​ការទូត​ជាមួយ​តៃវ៉ាន់​។​



​មហា​យក្ស​ចិន​បាន​ជះ​លុយរាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ទៅកាន់​ទ្វីបអាហ្វ្រិក រាប់ទាំង​ការផ្ដល់​ជំនួយ​អភិវឌ្ឍ និង​ការវិនិយោគ​ក្នុង​វិស័យសេដ្ឋកិច្ច​។ កិច្ចសហប្រតិបត្តិការ​នេះ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ចិន និង​អាហ្វ្រិក​កាន់តែ​រឹងមាំ​ជា​លំដាប់​។ រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បាន​ប្រាប់​បណ្ដា​ប្រទេស​អាហ្វ្រិក​ទាំងអស់ មិនត្រូវ​ខកខាន​ឱកាស​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ខ្លួន​ឡើយ ព្រោះ​ចិន​នឹង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ទាំងនោះ​ឲ្យ​រីកចម្រើន​។​

​លោក វ៉ាង យី និយាយ​បែបនេះ ខណៈ​លោក​ទស្សនកិច្ច​នៅ​រដ្ឋ​អាហ្វ្រិក​សៅ​តូ​ម៉េ និង​ប្រាំង​ស៊ី​ប ដែលជា​ប្រទេស​ចុងក្រោយ​នៃ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីបអាហ្វ្រិក​នៅ​ដើមឆ្នាំ​២០១៨ នេះ​។ ទឹកប្រាក់​សន្ធឹកសន្ធាប់​របស់​ចិន ក៏បាន​អូសទាញ​បណ្ដា​រដ្ឋ​អាហ្វ្រិក​នានា​ដែលមាន​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ឲ្យ​ងាក​មក​ជ្រើសរើស​ទីក្រុង​ប៉េកាំង​វិញ​។ សៅ​តូ​ម៉េ និង​ប្រាំង​ស៊ី​ប ទើប​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ចិន​ក្នុង​ឆ្នាំ​២០១៦ ក្រោយ​ផ្ដាច់ចំណង​ការទូត​ជាមួយ​តៃវ៉ាន់​។​

​ទន្ទឹមនឹង​ការអះអាង​ថា ចិន​មាន​តែមួយ ហើយ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន មន្ត្រីការទូត​ចិន​ជាន់ខ្ពស់​រូបនេះ​បាន​កោតសរសើរ​សៅ​តូ​ម៉េ និង​ប្រាំង​ស៊ី​ប ដែល​សម្រេចចិត្ត​ត្រឹមត្រូវ​។ ចាប់តាំងពី​បោះបង់​តៃវ៉ាន់ ហើយ​ចាប់ដៃ​ចិន​មក​នោះ ទំនាក់ទំនង​ទ្វេភាគី​បាន​ត​ភ្ជាប់​លើ​គ្រប់​វិស័យ ឯ​រដ្ឋ​អាហ្វ្រិក​មួយ​នេះ​ទទួល​ជំនួយ​យ៉ាងច្រើន ដែល​បង្ហាញ​ពី​ផលប្រយោជន៍​ជាក់ស្ដែង​ដែល​ទទួលបាន​ពី​ការទទួលស្គាល់​នយោបាយ​ចិន​តែមួយ​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​លើកឡើង​ដែរ​ថា ដោយសារ​មាន​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ រដ្ឋ​អាហ្វ្រិក​ខ្លះ​មិនអាច​ភ្ជាប់​ចំណង​ការទូត​ជាមួយ​ចិន​បានឡើយ ហើយក៏​មិនអាច​ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក​ដែរ​។ យ៉ាងណាមិញ លោក​សង្ឃឹមថា នឹងមិន​មាន​រដ្ឋ​អាហ្វ្រិក​ណា​ខកខាន​ឱកាស​ជា​ប្រវត្តិសាស្ត្រ​ដែល​ផ្ដល់​ដោយ​ចិន​ឡើយ និង​ជឿថា បងប្អូន​ប្រុស​ស្រី​នៃ​ទ្វីបអាហ្វ្រិក នឹង​បន្ត​គាំទ្រ​ការរួបរួម​គ្នា​របស់​ចិន​។​

​សូមបញ្ជាក់ថា ប្រទេស​ដែល​ទទួលស្គាល់​តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ​មាន​មិន​ច្រើន​ឡើយ ហើយ​ភាគច្រើន​ជា​រដ្ឋ​តូចៗ​នៅ​អាមេរិក​ខាងត្បូង និង​អាហ្វ្រិក​។ ប៉ុន្តែ​ឆ្នាំ​មកនេះ ចិន​បាន​អូសទាញ​មិត្តភក្តិ​តៃវ៉ាន់​បានជា​ច្រើន​ប្រទេស តាមរយៈ​ការប្រើប្រាស់​ទឹក​លុយ​ដ៏​សន្ធឹកសន្ធាប់ ខណៈ​តៃវ៉ាន់​មិនអាច​ប្រកួតប្រជែង​ជាមួយ​អំណាច​ទឹកប្រាក់​របស់​ចិន​បានឡើយ​៕
 

Tag:
 ចិន​
  អាហ្វ្រិក​
  តៃវ៉ាន់​
  វ៉ាង យី
© រក្សាសិទ្ធិដោយ thmeythmey.com