ជាតិ
Freedom House៖ ប្រជាធិបតេយ្យលើពិភពលោក ធ្លាក់ចុះខ្លាំង រួមទាំងកម្ពុជាផងដែរ
× ភ្នំពេញ៖ អង្គការ Freedom House បានបញ្ចូលកម្ពុជា ទៅក្នុងចំណោមប្រទេសនានាលើពិភពលោក ដែលកំពុងមានបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ឆ្លើយតបថា ការធ្វើដូច្នេះ គឺផ្ទុយពីការពិត។
កម្ពុជា គឺជាប្រទេសមួយ ដែលត្រូវបានអង្គការលំដាប់ពិភពលោកឈ្មោះ Freedom House ចាត់ចូលជាប្រទេស ដែលមានវិបត្តិក្នុងការអនុវត្តប្រជាធិបតេយ្យ។ អង្គការអន្តរជាតិនេះ បានប្រមូលព្រឹត្តិការណ៍សំខាន់ៗ ដែលកើតឡើងនៅកម្ពុជា ក្នុងអំឡុងឆ្នាំ២0១៧ ដើម្បីទាញចេញជាលទ្ធផលថា ប្រជាធិបតេយ្យនៅកម្ពុជា មានការធ្លាក់ចុះ។
ព្រឹត្តិការណ៍ទាំងនោះ ដែល Freedom House បានលើកឡើង រួមមាន ការចាប់លោក កឹម សុខា ដាក់ពន្ធនាគារ ការរំលាយគណបក្សសង្គ្រោះជាតិ និងការបិទស្ថាប័នសារព័ត៌មានមួយចំនួន ជាដើម។ អង្គការនេះ បានសង្កត់ធ្ងន់ៗយ៉ាងដូច្នេះ៖«លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់វិធានការយ៉ាងម៉ឺងមាត់ ក្នុងការបង្ក្រាបលើគណបក្សប្រឆាំង និងក្រុមសារព័ត៌មាន ខណៈគណបក្សប្រជាជនកម្ពុជារបស់លោក កំពុងត្រៀមលក្ខណ សម្រាប់ការបោះឆ្នោត នាឆ្នាំ២0១៨»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ហាក់ទើសចិត្តនឹង Freedom House ដែលដាក់បញ្ចូលប្រទេសកម្ពុជា ទៅក្នុងចំណោមប្រទេសនានា ដែលជួបវិបត្តិផ្នែកប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ លោក ឆ្លើយតបថា កន្លងមក Freedom House មិនដែលមានសុទិដ្ឋិនិយម ឬសាទរចំពោះការរីកចម្រើនរបស់ប្រទេសនានាលើពិភពលោកនោះទេ ហេតុដូច្នេះហើយ បានជា ហ៊ានវាយតម្លៃ ដោយបញ្ច្រាស់ពីការពិតបែបនេះ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងដូច្នេះ៖«Freedom House គ្រាន់តែធ្វើការដើម្បីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ មិនមែនប្រយោជន៍សម្រាប់ពិភពលោកទេ»។
បន្ទាប់មក លោក ផៃ ស៊ីផាន ក៏ថ្លែងការពារប្រទេសកម្ពុជា ថាមានសុខសន្តិភាពរាប់ទសវត្សមកហើយ ហើយប្រជាពលរដ្ឋរស់នៅក្នុងការរីកចម្រើន។ លោក បញ្ជាក់ចុងក្រោយបែបនេះថា៖«យើងរស់នៅក្នុងភាពសុខសាន្ត។ យើង ប្រឹងពង្រឹងស្ថាប័នជាតិ និងសេវាជូនប្រជាពលរដ្ឋ។ ប្រទេសយើង មានការចូលរួមពីមហាជន។ ដូច្នះ មានប្រជាធិបតេយ្យ ឬមិនមាន យើងមើលទៅ ដឹងហើយ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ពុំទាន់ឆ្លើយតបនឹងការវាយតម្លៃរបស់ Freedom House នោះទេ ប៉ុន្តែលោក បានសរសេរសារទៅកាន់ក្រុមអ្នកកាសែតតាមបណ្តាញទំនាក់ទំនងតេឡេក្រាមថា រដ្ឋាភិបាល ខិតខំបំពេញកាតព្វកិច្ច និងអនុវត្តកម្មវិធីនយោបាយ ឲ្យក្លាយទៅជាលទ្ធផលជាក់ស្តែង ដើម្បីជាផលប្រយោជន៏របស់ប្រជាជន។ លោក នៅតែអះអាងដូចមុនថា លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ បានសាងកំហុសដោយខ្លួនឯង ទើបរងនូវចំណាត់ការពីតុលាការបែបនេះ។
លោក សុខ ឥសាន ថ្លែងការពាររដ្ឋាភិបាលនិងគណបក្សកាន់អំណាចយ៉ាងដូច្នេះថា៖«ការចាប់ខ្លួន កឹម សុខា និងការរំលាយគណបក្សប្រឆាំង គឺកើតឡើងដោយសារតែបានធ្វើខុសច្បាប់ដោយខ្លួនឯង មិនមែនមកពីគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកទេ។ អ្នកខ្លះនិយាយមួលបង្កាច់បង្ខូចឈ្មោះគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល គឺផ្ទុយពីការពិតនិងផ្លូវច្បាប់ទាំងស្រុង»។
ការវាយតម្លៃពីលទ្ធិប្រជាធិបតេយ្យលើពិភពលោករបស់ Freedom House គឺធ្វើឡើងតាមរយៈអត្ថបទមួយ ក្រោមចំណងជើងថា «ប្រជាធិបតេយ្យ ស្ថិតក្នុងវិបត្តិ» ដែលចុះផ្សាយក្នុងគេហទំព័រ របស់ខ្លួន។ តាមការវាយតម្លៃរបស់ Freedom House ប្រជាធិបតេយ្យ នៅបណ្តាប្រទេសនានាលើពិភពលោក បានជួយវិបត្តិយ៉ាងធ្ងន់ធ្ងរ ក្នុងឆ្នាំ២០១៧។
អត្ថបទនោះ បានបញ្ជាក់ថា ក្នុងឆ្នាំ២0១៧ សិទ្ធិនយោបាយ និងសេរីភាពរបស់ពលរដ្ឋ នៅជុំវិញពិភពលោក បានធ្លាក់ចុះទៅដល់ចំណុចទាបបំផុត ដែលមិនដែលមានក្នុងរយៈពេលជាងមួយទសវត្សកន្លងមក។ Freedom House បានសរសេរយ៉ាងដូច្នេះថា៖«លទ្ធិប្រជាធិបតេយ្យកំពុងស្ថិតនៅក្នុងវិបត្តិ។ ពិសេសសិទ្ធិក្នុងការជ្រើសរើសអ្នកដឹកនាំ តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ សេរីភាពសារព័ត៌មាន និងនីតិរដ្ឋ គឺស្ថិតក្រោមការរំលោភបំពាន និងការធ្លាក់ចុះនៅទូទាំងពិភពលោក»៕
Tag:
Freedom House
កម្ពុជា
ផៃ ស៊ីផាន
ប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com