អន្តរជាតិ
UN បារម្ភ​ខ្លាំង​ក្រោយ ត្រាំ កាត់បន្ថយ​ជំនួយ​គាំទ្រ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន
17, Jan 2018 , 10:39 pm        
រូបភាព
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) ព្រួយបារម្ភ​ខ្លាំង​នៅពេលដែល​សហរដ្ឋអាមេរិក​សម្រេច​កាត់​ជំនួយ​ដល់​អង្គការសហប្រជាជាតិ​សម្រាប់​គាំទ្រ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​។ ការសម្រេចចិត្ត​នេះ​ធ្វើឡើង​ត្រឹម​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​លោក ដូ​ណា​ល់ ត្រាំ គំរាម​ផ្តាច់ជំនួយ​ប៉ា​ឡេ​ស្ទី​ន​ដែល​រឹងរូស​មិន​ចូល​ចរចា​ជាមួយ​អ៊ីស្រាអែល​។​



​ក្រសួងការបរទេស​អា​មេ​រិ​ក​បានប្រកាស​កាត់​បន្ថយ​លុយ ៦៥​លាន​ដុល្លារ​នៃ​ជំនួយ​សរុប ១២៥ លាន​ដុល្លារ​អាមេរិក​ដែល​ផ្តល់​ឲ្យ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ការងារ​មនុស្សធម៌​និង​គាំទ្រ​ជនភៀសខ្លួន (UNRWA) នៅ​ថ្ងៃ​អង្គារ​ទី ១៦ មករា​។

​ការសម្រេចចិត្ត​របស់​លោក ដូ​ណា​ល់ ត្រាំ នេះ​បានធ្វើ​ឲ្យ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ខឹងសម្បារ​ខ្លាំង ប៉ុន្តែ​ធ្វើ​ឲ្យ​អ៊ីស្រាអែល​សប្បាយចិត្ត​ខ្លាំង​។ ចំណែក​មន្ត្រី​អង្គការសហប្រជាជាតិ​វិញ​នោះបាន​បង្ហាញ​ការបារម្ភ​ខ្លាំង​ព្រោះ​ការបន្ថយ​ជំនួយ​នេះ​នឹងធ្វើ​ឲ្យ​បញ្ហា​ប្រឈម​កាន់តែ​ធ្ងន់ធ្ងរ​នៅពេល​ខាងមុខ​។​
 
«​ខ្ញុំ​ព្រួយបារម្ភ​ខ្លាំង ហើយ​ខ្ញុំ​រំពឹង​ខ្លាំង​ថា នៅពេល​ខាងមុខ​អាមេរិក​នឹង​បន្ត​ផ្តល់ជំនួយ​ដល់​គម្រោង​គាំទ្រ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ដោយសារ​អាមេរិក​ជា​ប្រទេស​ផ្តល់ជំនួយ​ដ៏​សំខាន់​មួយ​»​។ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ថ្លែង​ដូច្នេះ​។

​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ UNRWA ទទួលបន្ទុក​ផ្តល់​សេវា​សំខាន់ៗ​មាន​ទាំង​ជំនួយ​មនុស្សធម៌ អប់រំ សេវា​សង្គម និង សុខាភិបាល​ដល់​បណ្តាជ​ន​ភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​នៅ​ទឹកដី​ដែល​អ៊ីស្រាអែល​កាន់កាប់ នៅ​ហ្ស៊​កដា​នី ស៊ី​រី និង​លី​បង់​។​

​ប្រមុខ​អង្គការសហប្រជាជាតិ​ដដែល​បាន​សង្កត់​ធ្ង​ន​ថា សេវា​ទាំងអស់​ដែល​ទីភ្នាក់ងារ​លោក​ផ្តល់​ឲ្យ​ជនភៀសខ្លួន​គឺមាន​សារសំខាន់​ខ្លាំង ហើយ​បើសិនជា​មិនមាន​ជំនួយ​នេះ​ទេ ប្រជាជន​ទាំងនោះ​នឹង​ប្រឈមមុខ​គ្រោះថ្នាក់​ខ្លាំង​ផង​នៅពេល​ខាងមុខ​។ ប៉ុន្តែ​លោក បាន​អះអាងថា អង្គការសហប្រជាជាតិ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ទប់ស្កាត់​បញ្ហា​ទាំងនេះ​។ 

​ដូ​ណា​ល់ ត្រាំ សម្រេច​កាត់​ជំនួយ​គាំទ្រ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​នេះ កើតឡើង​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​មេដឹកនាំ​រូបនេះ​គំរាម​ផ្តាច់ជំនួយ​ប៉ា​ឡេ​ស្ទី​ន​ព្រោះ​ប៉ា​ឡេ​ស្ទី​ន​មិន​ព្រម​ចូល​តុ​ចរចា​ជាមួយ​អ៊ីស្រាអែល​។ ម្យ៉ាង​វា​ក៏​កើតឡើង​ក្រោយ​ពេលដែល​ប៉ា​ឡេ​ស្ទី​ន​សុំ​ជំនួយ​ឲ្យ​មហា​សន្ន​បាត​អង្គការសហប្រជាជាតិ​ថ្កោលទោស​អាមេរិក ដែល​ហ៊ាន​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​កន្លងមក​នោះ​។​

​យ៉ាងណាមិញ អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក Heather Nauert  បាន​អះអាងថា ការសម្រេច​កាត់បន្ថយ​ជំនួយ​នេះ​មិន​ទាក់ទង​ទាល់តែសោះ​ជាមួយ​ការដាក់ទណ្ឌកម្ម​ប៉ា​ឡេ​ស្ទី​ន ដែល​បដិសេធ​ចូល​ចរចា​ជាមួយ​អ៊ីស្រាអែល​កន្លងមក​។ ក្រៅពីនេះ វា​ក៏​មិន​ទាក់ទិន​ការសម្រេច​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុងការ​ថ្កោលទោស​អាមេរិក​ដែល​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​ដែរ​។



Tag:
 UN
  ដូ​ណា​ល់ ត្រាំ​
  ប៉ា​ឡេ​ស្ទី​ន​
  អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស
© រក្សាសិទ្ធិដោយ thmeythmey.com