អន្តរជាតិ
អ្នកវិភាគ​៖ ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​តម្លៃថោក​ពី​ចិន​ដល់​តំបន់​អាស៊ីអាគ្នេយ៍​អាច​នឹង​បង្អាក់ដំណើរ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​
18, Jan 2018 , 7:59 pm        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន ៖ នៅពេល​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​មាន​កំណើន​ក្នុងប្រទេស​ចិន ទាំង​ចិន​និង​ឡាវ កំពុង​សម្លឹងមើល​ទីផ្សារ​លក់​ថាមពល​អគ្គិ​ស​នី​ដែល​សល់​លើសលុប​ទៅកាន់​ប្រទេសជិតខាង​ខ្លួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ក្រុមអ្នកវិភាគ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន និយាយថា តម្លៃ​ថាមពល​អគ្គិសនី​ថោក​អាច​នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍន៍​ក្នុងប្រទេស​នានា​ដូចជា​ប្រទេស​កម្ពុជា​។​



​លោក Brian Eyler នាយក​កម្មវិធី​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimson Center ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ថ្លែងប្រាប់ VOA ផ្នែក​ខេមរភាសា​ថា ការផ្គត់ផ្គង់​អគ្គិសនី​ដែល​សំបូរហូរហៀរ ហើយ​មាន​តម្លៃថោក​អាច​នឹង​បង្អាក់​គម្រោងការ​របស់​ឡាវ​ក្នុងការ​ក្លាយខ្លួនជា​ប្រទេស​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

«​បើតាម​ស្ថានការណ៍​សំខាន់​នេះ ទំហំ​អគ្គិសនី​ដែល​អាច​ចេញពី​ការកសាង​វា​រី​អគ្គិសនី​ឡាវ គឺជា​បំណែក​តូច​មួយ​នៃ​តម្រូវការ​ជាក់ស្តែង​ដែល​ប្រទេស​នានា​ដូចជា​ថៃ ឡាវ កម្ពុជា ហើយនឹង​វៀតណាម​ត្រូវការ​»​។​

​ថាមពល​អគ្គិសនី​ចេញពី​ខេត្ត យូ​ណាន​(Yunnan) ប្រទេស​ចិន​ដែល​គេ​ឃើញថា​កើតឡើង ដោយសារ​ការកសាង​ទំនប់​វា​រី​អគ្គិសនី​ជាច្រើន​ក្នុង​ឆ្នាំ​ថ្មីៗ​នេះ អាច​ប្រើប្រាស់​លើស​តម្រូវការ​ក្នុង​តំបន់​ជិត​ឆ្ងាយ​នៃ​ទន្លេមេគង្គ និង​ដៃទន្លេ​នោះ នឹងមាន​តម្លៃ​ប្រហែល​៣​សែន​ដុល្លារ ឬ​ក្រោម​៤០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។ ការណ៍​នេះ​មានន័យថា តម្លៃ​ភ្លើង​ដែល​ទៅដល់​ប្រទេស​កម្ពុជា ច្បាស់​ជា​នឹង​នៅតែ​ថោក​ជាង​តម្លៃ​ភ្លើង​ដែល​ត្រូវ​ទិញ​ពី​ទំនប់​វា​រី​អគ្គិសនី​របស់​ឡាវ ដូចជា​ទំនប់​សា​យ៉ា​បូរី​និង​ដន សា​ហុង​។​

«​ដោយសារតែ​រដ្ឋាភិបាល​ចូលចិត្ត​ប្រើ​មធ្យោបាយ​តាម​ប្រព័ន្ធគ្រប់គ្រង​បែប​ប្រមូលផ្តុំ គេ​ឃើញ​មាន​កន្លែង​ផ្ទុក​ចរន្តអគ្គិសនី​ដ៏​ធំ​នៅតែ​ក្នុង​តំបន់​ទីក្រុង​។ តែ​សមត្ថភាព​នៃ​ការផលិត​ស្ថិតនៅ​តំបន់​ដាច់ស្រយាល ក្នុង​តំបន់ភ្នំ​។ ដូច្នេះ​បើ​លោកអ្នក​គិត​អំពី​វា​រី​អគ្គិសនី គឺ​គ្រាន់តែ​មានគំនិត​សាងសង់​ប្រព័ន្ធ​ផ្ទេរ និង​ចែកចាយ​ភ្លើង​ដល់ទី​កន្លែង​ដាច់ស្រយាល​ឆ្ងាយៗ ហើយ​ភ្ជាប់​ប្រព័ន្ធ​ទាំងនោះ​ទៅនឹង​ទីប្រជុំជន​ក្នុង​ទីក្រុង​តែប៉ុណ្ណោះ​»​។​

​លោក​បាន​បន្តថា ពិភពលោក​នឹងមិន​ជ្រើសរើស​ផ្លូវ​ដូច្នោះ​ទៀត​ទេ​។ លោក​បាន​បន្ថែមថា​៖

«​តែ​ពិភពលោក​នេះ​មិនមែន​ដើរទៅ​តាមផ្លូវ​នោះទេ​។ ពិភពលោក​ដើរ​ឆ្ពោះទៅរក​ប្រព័ន្ធ​បែងចែក ដែល​ថាមពល​អគ្គិសនី​នឹង​ហូរ​ទៅកាន់​ទិសដៅ​ជាច្រើន​កន្លែង​ទាំងអស់​នៅ​ជុំវិញខ្លួន​យើង​។ ដូច្នេះ​តំបន់​ទីក្រុង​អាច​ផលិត​អគ្គិសនី​ផងដែរ​តាមរយៈ​ប្រព័ន្ធ​ព្រះអាទិត្យ​ដើម្បី​ចែកចាយ តាមរយៈ​ទីតាំង​មាន​ខ្យល់​ស្ថិតនៅ​ជិត​ទីក្រុង​។ វា​ពិតជា​មិន​តម្រូវ​ឲ្យ​មាន​តម្រូវ​ការបន្ត​តាម​វិធី​ជា​ប្រព័ន្ធ​ប្រមូលផ្តុំ​ទៀត​ទេ​»​។​

​លោក Brian Eyler បាន​បន្ថែមថា បើ​យ៉ាងនោះ​មែន ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ពី​ខេត្ត យូ​ណាន ផ្តល់​ឲ្យ​រដ្ឋាភិបាល​តំបន់​អាស៊ីអាគ្នេយ៍​នូវ​ច្រក​នៃ​ឱកាស​ដើម្បី​ប្តូរ​ទៅ​ចាប់យក​ថាមពល​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​បាន ជាពិសេស​គឺ​ពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និង​ថាមពល​ឥន្ទ​នៈ​ជីវសាស្ត្រ ដែល​អាច​ផ្តល់​ដំណោះស្រាយ​រយៈពេល​វែង​ចំពោះ​ការខ្វះខាត​ថាមពល​។​

​មកដល់ពេលនេះ មាន​ទំនប់​វា​រី​អគ្គិសនី​ចំនួន​៣០ ត្រូវ​សាងសង់​ក្នុងប្រទេស​ឡាវ ហើយ​មាន​ចំនួន​៧​សាងសង់​ក្នុងប្រទេស​កម្ពុជា ដែល​ផ្តល់​ថវិកា​សំខាន់បំផុត​ពី​ក្រុមហ៊ុន​រដ្ឋ​ប្រទេស​ចិន​។​

​លោកស្រី Courtney Weatherby អ្នកវិភាគ​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល StimsonCenter បាន​ថ្លែងប្រាប់ VOA ខេមរភាសា​ថា ប្រទេស​កម្ពុ​ជាមាន​ជម្រើស​ក្នុងការ​វិនិយោគ​លើ​ថាមពល​ពន្លឺព្រះអាទិត្យ​។​

«​ខ្ញុំ​គិតថា វា​ជា​រឿង​អាចទៅរួច ហើយ​វា​មាន​អ្នកជំនាញ​បច្ចេកទេស​នេះ អាចជួយ​បាន ហើយនឹង​សហគមន៍​អន្តរជាតិ​ផងដែរ ដើម្បី​ជួយ​រក​ច្រក​ផ្លូវ​ផ្សេង​ដែល​អាច​នឹងត្រូវ​តាម​តម្រូវការ​សម្រាប់​ប្រទេស​ឡាវ កម្ពុជា ហើយនឹង​វៀតណាម ដើម្បី​បង្កើត​ប្រាក់ចំណូល​ជាតិ​ពី​វិស័យ​អគ្គិសនី ហើយ​អាច​ការពារ​ស្ថានភាព​បរិស្ថាន​សង្គម​បាន​ប្រសើរ ដែលមាន​ដ៏​សំបូរបែប​នៅ​ជុំវិញ​ទន្លេមេគង្គ​បច្ចុប្បន្ន ដែល​រឿងនេះ ចាំបាច់​ត្រូវ​ចាប់ផ្តើម​ពិភាក្សាគ្នា​ភ្លាមៗ​អំពី​ប្រធានបទ​នេះ ជំនួស​ឲ្យ​ការដែល​ធ្វើតាម​ការងារ​ដដែលៗ​»​។​

​តម្លៃ​បច្ចេកវិទ្យា​ដើម្បី​សាងសង់​ប្រព័ន្ធ​ស្រូប​ថាមពលព្រះអាទិត្យ ដែល​គេ​ស្គាល់​នៅ​ប្រទេស​កម្ពុជា​ថា​ជា​ប្រព័ន្ធ សូ​ឡា​នោះ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែល​ក្រុម​អ្នកជំនាញ​ថា ការណ៍​នេះ​គឺជា​ចង្អុល​បង្ហាញថា​នឹងមាន​ប្រាក់ចំណេញ​ច្រើន ក្នុង​រយៈពេល​វែង​តទៅទៀត​សម្រាប់​ការវិនិយោគ​លើ​ថាមពលព្រះអាទិត្យ​។​

​យ៉ាងណា​ក៏​នៅមាន​ប្រទេស​ជាច្រើន​នៅតែ​ប្រឆាំងនឹង​ការផ្លាស់ប្តូរ ហើយ​មើលឃើញថា វិនិយោគ​ផ្នែក​ថាមពល​អគ្គិសនី​ដើរ​ដោយ​ប្រព័ន្ធ​ព្រះអាទិត្យ មាន​ភាព​ប្រថុយប្រថាន ដោយសារតែ​វា​អាច​ទទួលបាន​ផលចំណេញ​តិចតួច​ត្រឡប់មកវិញ​នៅឡើយ​។​

​ជាមួយគ្នានេះដែរ ការសាងសង់​ទំនប់​អគ្គិសនី​ធំៗ​រាប់សិប​តាម​ប្រព័ន្ធ​ទន្លេមេគង្គ​ក្លាយជា​រឿងចម្រូងចម្រាស​ក្នុង​តំបន់​ចំពោះ​ផលប៉ះពាល់​ដល់​បរិស្ថាន​សង្គម​។​

​លោកស្រី Courtney Weatherby បាន​បញ្ជាក់ថា​៖

«​ការ​ប្រឈម​ដ៏​ធំជាងគេ​ពេលនេះ និង​មកដល់​កម្រិត​នេះ គឺ​យើង​កំពុង​ចាប់ផ្តើម​មើលឃើញ​ផលប៉ះពាល់​ទាំងនោះ​។ ហើយ​ការ​ប្រឈម​ដ៏​ធំជាងគេ​ចំពោះ​ដំណើរការ​ទៅមុខទៀត​នោះ គឺ​ការ​ធានាថា​គម្រោង​ទៅ​អនាគត​ទាំងឡាយ​ត្រូវធ្វើ​ដោយមាន​ការសម្របសម្រួល​គ្នា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​។ ធ្វើ​ដូច្នេះ​គេ​អាច​កាត់បន្ថយ​និង​បង្រួម​ផលប៉ះពាល់​យ៉ាងច្រើន​តាម​ដែល​អាច​ធ្វើបាន ពីព្រោះ​ការបង្កើត​គម្រោង​នានា​អាច​កើតឡើង​មែន តែ​វា​អាច​កើតឡើង​តាម​វិធី​ខ្ជីខ្ជា​ដែល គម្រោង​នានា​ត្រូវគេ​មើលទៅ​លើ​ការកាត់បន្ថយ​បញ្ហា​រៀងៗ​ខ្លួន តែ​គ្មាន​ការសម្របសម្រួល​គ្នា ហើយ​បើដូច្នោះ​ជា​លទ្ធផល​នៅ​ទីបញ្ចប់ អាច​នឹង​ក្លាយទៅជា​មហន្តរាយ​សម្រាប់​ប្រទេស​នៅ​ខ្សែទឹក​ខាងក្រោម​»​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​កាលពី​សប្តាហ៍​មុន ប្រទេស​ចិន​បាន​ជំរុញ​ឲ្យ​មានការ​បង្កើត​គម្រោងរ​យៈ​ពេល​៥​ឆ្នាំ​សម្រាប់​ទន្លេមេគង្គ ក្នុងពេល​ជួបប្រជុំ​ជាមួយ​ប្រទេស​នៅ​ខ្សែទឹក​ខាងក្រោម​។ លោកនាយក​រដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាង បាន​ថ្លែង​ក្រោយពី​កិច្ចប្រជុំ​ថា កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ទាំងនេះ​មិនមែន​គ្រាន់តែ​ស្ថិតនៅលើ​បបូរមាត់​ទេ​។ លោក លី បាន​បញ្ជាក់ថា​៖

«​សហប្រតិបត្តិការ​មេគង្គ ឡាន​ឆាង មិនមែនជា​កន្លែង​និយាយ​តែ​បបូរមាត់​នោះទេ គឺ​យើង​និយាយ​លើ​គោលការណ៍​សំខាន់​នៅក្នុង​កិច្ចប្រជុំ​នេះ យើង​ត្រូវគោរព​គ្នា​ទៅវិញទៅមក ចាត់ទុក​គ្នា​ទៅវិញទៅមក ដោយ​ស្មើភាព ដើម្បី​ការអភិវឌ្ឍ​រួម​»​។​

​គម្រោងការ​ជាក់ស្តែង​នេះ​មាន​លក្ខណៈ​ទំ​លំ​ទូលាយ ដោយ​គ្របដណ្តប់​លើ​គ្រប់​វិស័យ​នៃ​ការគ្រប់គ្រង ដែល​ពិបាក​នឹង​ចាប់យក​ចំណុច​គោលបំណង​ជាក់លាក់​ហើយក៏​គ្មាន​ជំហាន​ច្បាស់លាស់​ដែល​ឃើញថា​អាច​ដោះស្រាយ​ការ​គម្រាមកំហែង បង្កើត​ដោយ​មនុស្ស​ដែល​កំពុង​កើន​យ៉ាងខ្លាំង​ចំពោះ​ប្រព័ន្ធ​ទន្លេមេគង្គ​ដែរ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com