ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
លោក អែ​ត ខំ​ផ្សព្វផ្សាយ​ឧបករណ៍​ភ្លយ ដើម្បី​តម្កើង​ទេពកោសល្យ​បុព្វបុរស​ខ្លួន​
19, Feb 2018 , 9:30 am        
រូបភាព
​ភ្នំពេញ​៖ លោក វ៉ែន អែ​ត ជា​ជនជាតិដើម​ភាគតិច​ជង​ដ៏​កម្រ​ម្នាក់ ដែល​ចេះ​ធ្វើ និង​ចេះ​ផ្លុំ​ឧបករណ៍​ភ្លយ​។ បុរស​វ័យ​៣២​ឆ្នាំ​រូបនេះ ថា​ខ្លួន​ចង់​ចេះ​ផ្លុំ និង​ធ្វើ​ឧបករណ៍​ភ្លយ​នេះ ព្រោះ​គាត់​ស្ញប់ស្ញែង​នឹង​ទេពកោសល្យ និង​ការច្នៃប្រឌិត​របស់​បុព្វ​បុរស​ខ្លួន ដែល​ធ្វើ​ឧបករណ៍​ភ្លយ​នេះ ពី​សំឡេង​កន្លង់​យំ ពេល​វា​ក្រេប​លម្អងផ្កា​។ សម្រាប់​លោក អែ​ត អ្នករស់នៅ​តំបន់​អា​រ៉ែ​ង​រូបនេះ លោក ខំប្រឹង​ផ្សព្វផ្សាយ​ឧបករណ៍ មួយ​នេះ ព្រោះ​មិន​ចង់​ឲ្យ​វា​បាត់បង់​។​

 
 
​លោក វ៉ែន អែ​ត ជា​ជនជាតិដើម​ភាគតិច​ជង​ដ៏​កម្រ​ម្នាក់ ដែល​ចេះ​ធ្វើ និង​ចេះ​ផ្លុំ​ឧបករណ៍​ភ្លយ​។ មាន​ស្រុកកំណើត​នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង លោក អែ​ត បាន​ឲ្យ​ដឹងថា នៅក្នុង​តំបន់​ដែល​ខ្លួន​រស់នៅ លោក​ជា​ជនជាតិដើម​ភាគតិច​ជង​តែ​ម្នាក់ ដែល​ចេះ​ឧបករណ៍​ភ្លយ​នេះ បន្ទាប់ពី​គ្រូ​របស់ខ្លួន ដែលមាន​វ័យ​ប្រមាណ​៨០​ឆ្នាំ​ទៅហើយនោះ​។ 

​លោក អែ​ត បន្តថា គេ​លេង​ឧបករណ៍​ភ្លយ​ក្នុង​ពិធី​សែនអ្នកតា ពិធីការ​ផ្ដាច់​(​ពិធីមង្គលការ​ជនជាតិដើម​ភាគតិច​ជង បន្ទាប់ពី​រៀបការ​រួច​កូនស្រី​ទៅ​នៅផ្ទះ​ខាង​កូនប្រុស​) និង​របាំ​ផ្សេងៗ​របស់​ជនជាតិដើម​ភាគតិច​។​

​បើតាម​វ៉ែន អែ​ត ពីដំបូង​លោក​រៀន​ធ្វើ​ឧបករណ៍​ភ្លយ​មួយ ត្រូវ​ចំណាយពេល​ប្រមាណ​១​ខែ ប៉ុន្តែ​បច្ចុប្បន្ន លោក​ចំណាយពេល​តែ​១​សប្តាហ៍​ប៉ុណ្ណោះ​។ លោក អែ​ត បន្ត​បញ្ជាក់​ពី​បច្ចេកទេស​ធ្វើ​ភ្លយ​ដូច្នេះ​៖«​ឧបករណ៍​នេះ​ពិបាកធ្វើ​បន្តិច បើ​យើង​ចិត​អណ្ដាត ដែល​ដាក់​នៅក្នុង​ឃ្លោក​មិនត្រូវ ផ្លុំ​មិនឮ​ទេ ចិត​ល្អៀង​តែ​បន្តិច​ផ្លុំ​ឮ តែ​ស្រូបខ្យល់​មកវិញ​មិនឮ​។ ដូច្នេះ​ត្រូវ​ព្យាយាម​ណាស់​»​។​

​បុរស​វ័យ​៣២​ឆ្នាំ​រូបនេះ ថា​ខ្លួន​ចង់​ចេះ​ផ្លុំ និង​រៀន​ធ្វើ​ឧបករណ៍​ភ្លយ ដោយសារតែ​លោក​កោតស្ញប់ស្ញែង​ពី​ទេពកោសល្យ​របស់​បុព្វបុរស​ខ្លួន ដែល​បាន​ច្នៃប្រឌិត​ឧបករណ៍​ភ្លយ​នេះ ពី​សំឡេង​សត្វ​កន្លង់​យំ និង​ចង់​បន្ត​រក្សា​កុំ​ឲ្យ​បាត់បង់ ដោយសារតែ​ពេលនេះ អ្នករស់នៅ​ក្នុង​តំបន់​របស់ខ្លួន មិនទាន់មាន​អ្នក​ចង់​រៀន​ឧបករណ៍​ភ្លយ​នេះ​នៅឡើយ​។ អ្នករស់នៅ​តំបន់​អា​រ៉ែ​ង​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ដឹង​ពី​គ្រូ​របស់ខ្ញុំ​គាត់​ថា អ្នកធ្វើ​ឧបករណ៍​ភ្លយ​នេះ​ដំបូង លោក​ស្ដាប់​តាម​សំឡេង​សត្វ​កន្លង់​យំ​ពេល​វា​ក្រេប​លម្អងផ្កា ហើយក៏​ស្រាវជ្រាវ​ធ្វើ​ឧបករណ៍​ភ្លយ​នេះ​»​។ 

​លោក វ៉ែន អែ​ត បន្ថែមទៀតថា ឧបករណ៍​នេះ​ជា​របស់​ដូនតា​បន្សល់​ទុកឱ្យ បើ​វា​បាត់បង់​គួរឱ្យ​ស្ដាយ​ណាស់ ដូច្នេះហើយ​បានជា​លោក អែ​ត មានបំណង​ផ្សព្វផ្សាយ ក៏ដូចជា​បង្រៀន​ឧបករណ៍​ភ្លយ ទៅដល់​ជនជាតិដើម​ភាគតិច និង​ក្មេងជំនាន់ក្រោយ​ឱ្យបាន​ចេះ​ធ្វើ  និង​ចេះ​ផ្លុំ​កាន់តែច្រើន​គ្នា​។ 

សូម​ទស្សនាការ​ផ្លុំ​ឧបករណ៍​ភ្លយ របស់លោក វ៉ែន អែ​ត ខាងក្រោម​នេះ​៖ 
 
 ​


កន្លងមក ក្រុម​រថយន្ត​តន្ត្រី​ទិព្វ បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ផ្សព្វផ្សាយ​ពី​ឧបករណ៍​ភ្លយ​នេះ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ស្គាល់ ដោយបាន​យក​ឧបករណ៍​នេះ ទៅ​សម្ដែង​នៅតាម​ខេត្ត​នានា​។ រថយន្ត​តន្ត្រី​ទិព្វ ក៏​គ្រោង​បើក​ថ្នាក់​បង្រៀន​ឧបករណ៍​ភ្លយ នៅ​តំបន់​អា​រ៉ែ​ង​ផងដែរ​។​

​តាម​សៀវភៅ​«​តន្ត្រី​នៅ​ប្រទេស​កម្ពុជា​»​ដែល​ស្រាវជ្រាវ និង​រៀបរៀង​ដោយ​អ្នកស្រី កែវ ណា​រុំ បណ្ឌិត​ទស្សនវិជ្ជា វិទ្យាសាស្ត្រ​សិល្បៈ  ឧបករណ៍​ភ្លយ​នេះ​បាន​ផ្ដល់កំណើត​ឱ្យ​ឧបករណ៍​គែន ដែល​បុព្វបុរស​ខ្មែរ​ខិតខំ​កែច្នៃ​ឱ្យ​ជឿនលឿន​។ សៀវភៅ​ដដែល បាន​ឲ្យ​ដឹង​ទៀតថា ប្រអប់​សូរ​របស់​ភ្លយ ធ្វើ​ពី​ផ្លែ​ឃ្លោក​ទុំ មាន​រៀង​មូល ហើយ​រៀវ​តូច​ចុង រហូត​បានជា​ទម្រង់​បំពង់​សម្រាប់​ផ្លុំ​។ បច្ចុប្បន្ន​គេ​ក៏​អាច​យក​លលាដ៍ដូង​មក​ធ្វើ​បានដែរ​។ នេះ​បើតាម​សៀវភៅ​«​តន្ត្រី​នៅ​ប្រទេស​កម្ពុជា​»​ដែល​បន្តថា បំពង់​ធ្វើ​ពី​ឬ​ស្សី​ពក គេ​ត្រូវ​យកមក​ចោះ​រន្ធ​សម្រាប់​រក​សូរ ហើយ​ស៊ក​ទៅក្នុង​ប្រអប់​សូរ ធ្លាយ​ពី​ម្ខាង​ចេញទៅ​ម្ខាង ហើយ​គេ​មិន​តម្រឹម​ឱ្យ​ស្មើគ្នា​ដូច​គែន​ទេ ព្រមទាំង​មិនមាន​ប្រើប្រាស់​ច្រើន​ដូច​គែន​ដែរ​។ អ្នករស់នៅ​តំបន់​ព្រៃភ្នំ​ក្នុង​ខេត្តកំពង់ស្ពឺ កំពង់ធំ និង​ពោធិ៍សាត់ និយម​ប្រើ​ភ្លយ ពិសេស​ជនជាតិដើម​ភាគតិច​គួ​យ និង​ព័រ​។ ចំណែកឯ​នៅ​ខេត្តកំពង់ឆ្នាំង គេ​តែង​ឃើញ​ភ្លយ​មាន​នាទី​សម្រាប់​លេង​ក្នុង​របាំ​ទន្សោង​៕ 

Tag:
 វ៉ែន អែ​ត​
 ​ភ្លយ​
 ​ថ្មបាំង​
 ​កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com