សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
កាណាដា​៖ «​សៀវភៅ​ទំព័រ​លឿង​» ខាតបង់​បន្តបន្ទាប់ ដោយសារ​មនុស្ស​មើល​តា​ម​អន​ឡាញ​
26, Feb 2018 , 9:32 am        
រូបភាព
ដោយ: ធីតា
​បុគ្គលិក​ប្រមាណ​៥០០​នាក់​ដែល​បម្រើ​នៅ​ក្រុមហ៊ុន «​សៀវភៅ​ទំព័រ​លឿង​» (Pages Jaunes ឬ Yellow Pages) របស់​កាណាដា ប្រឈម​បាត់បង់​ការងារ​របស់​ខ្លួន​ដោយសារតែ​ការចំណាយ និង​ចំណូល​ក្នុង​ក្រុមហ៊ុន​មិនមាន​តុល្យភាព​គ្នា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក David Eckert នាយក​ក្រុមហ៊ុន ដែល​ត្រូវបាន​ដកស្រង់​សំដី​ដោយសារ​ព័ត៌មាន La Presse Canadienne​។​



​ចាប់តាំងពី​ឆ្នាំ​២០១២​មក ការចំណាយ​លើ​ផលិតផល «​សៀវភៅ​ទំព័រ​លឿង​» (Page Jaunes) របស់​ក្រុមហ៊ុន​កាណាដា រក្សា​ស្ថិរភាព ប៉ុន្តែ​ចំណូល​បាន​ធ្លាក់ចុះ​ប្រមាណ​ពាក់កណ្តាល​។ «​នេះ​ជា​ពេលដែល​យើង​ត្រូវ​គិតគូ​ដើម្បី​ឲ្យ​មាន​តុល្យភាព​គ្នា​»​។ លោក Eckert បាន​ថ្លែង​យ៉ាង​ដូច្នេះ បន្ទាប់ពី​ប្រកាស​ការខាតបង់​បន្ថែម​នា​ត្រីមាស​ទី​៤ កាលពី​ឆ្នាំកន្លងមក​។​

​នាយក​ក្រុមហ៊ុន Page Jaunes កាណាដា រូបនេះ បាន​ត្អូញត្អែ​ថា ការវិវត្ត​បច្ចេកវិទ្យា​អន​ឡាញ បានធ្វើ​ឲ្យ​ការបោះពុម្ពផ្សាយ​ធ្លាក់ចុះ​ជា​លំដាប់ ពោលគឺ​ចាប់តាំងពី​ឆ្នាំ​២០០៨​មកម្ល៉េះ​។ លោក​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ក៏​រកបាន​ចំណូល​ពី​អភិវឌ្ឍន៍​បច្ចេកវិទ្យា​អន​ឡាញ​របស់ខ្លួន​ផងដែរ ប៉ុន្តែ​វា​មិនអាច​ទប់ទល់​នឹង​ការចំណាយ​លើ​ផ្នែក​បោះពុម្ព​ផ្សាយបាន​នោះឡើយ​។

​បន្ថែម​ពីលើ​នេះ ទៀត ក្រុមហ៊ុន Pages Jaunes របស់​កាណាដា ត្រូវ​ប្រឈម​ជាមួយ​ដៃគូ​ប្រកួតប្រជែង​ជាច្រើន​ទៀត​រួមមាន​ដូចជា RedFlagDeals.com, Canada411.ca, 411.ca, Bookenda.com, DuProprio.com និង ComFree.com ជាដើម​។​

​បើតាម​ការផ្សាយ​របស់​កាសែត​បារាំង France Inter ក្រុមហ៊ុន Pages Jaunes ឬ Yellow Pages របស់​បារាំង និង​នៅលើ​ពិភពលោក ក៏​សុទ្ធតែ​រង​ផលប៉ះពាល់​ផងដែរ ដោយសារ​មនុស្ស​ភាគច្រើន ចូល​ប្រើប្រាស់​ទូរ​សព្ទ​ឆែក​មើល​ទីតាំង និង​អាស័យដ្ឋាន​អាជីវកម្ម​ផ្សេងៗ ជំនួស​ការបើក​សៀវភៅ​៕


Tag:
 សៀវភៅ​ទំព័រ​លឿង​
© រក្សាសិទ្ធិដោយ thmeythmey.com