រថយន្ត
អន្តរជាតិ
បុរស​ម្នាក់​ដែល​ដើរ​១៨​គីឡូម៉ែត្រ​ទៅធ្វើ​ការ​រាល់ថ្ងៃ បាន​កាដូ​រថយន្ត​ពី​មិត្ត​រួមការ​ងារ​
26, Feb 2018 , 7:39 pm        
រូបភាព
ដោយ: ធីតា
​បុរស​ម្នាក់​ដែល​រស់នៅ​ក្រុង Little Rock រដ្ឋ Arkansas សហរដ្ឋអាមេរិក ទទួលបាន​កាដូ​ដ៏​ភ្ញាក់ផ្អើល​ពី​មិត្ត​រួម​ការងារ​របស់ខ្លួន​។ តាម​ការផ្សាយ​របស់ CNN លោក Trenton Lewis អាយុ​២១​ឆ្នាំ មានកូន​ស្រី​ម្នាក់​អាយុ​១​ខួប តែងតែ​រត់ និង​ដើរទៅ​ធ្វើការ​ជា​រៀងរាល់​ព្រឹក​លើ​ចម្ងាយ​ផ្លូវ​១៨​គីឡូម៉ែត្រ​។ ដោយសារ​ការអាណិតអាសូ​រ មិត្ត​រួម​ការងារ​បានរួម​គ្នា​រៃអង្គាស​ថវិកា​ទិញ​រថយន្ត​ជូន​លោក​មួយគ្រឿង​។​



​លោក Trenton Lewis ត្រូវបាន​ចាត់ទុកថា ជា​បុគ្គលិក​ល្អ​មួយរូប​នៅ​ក្រុមហ៊ុន​មួយ​ដែលមាន​ឈ្មោះថា UPS​។ រៀងរាល់​ម៉ោង​៤​ព្រឹក លោក​តែងតែ​ក្រោក​ចេញដំណើរ​ទៅធ្វើ​ការ​ដោយ​ថ្មើរជើង​លើ​ចម្ងាយ​ផ្លូវ​១៨​គីឡូម៉ែត្រ​។ បន្ថែម​ពីលើ​នេះ​ទៀត លោក​មានកូន​ស្រី​អាយុ​១៤​ខែ​ឈ្មោះ Karmen នៅក្នុង​បន្ទុក ប៉ុន្តែ​លោក​មិនដែល​ប្រាប់​អ្នក​ឲ្យ​បានដឹង​នោះឡើយ​។​

«​កូនស្រី​របស់ខ្ញុំ គឺ​រឹងមាំ​ណាស់​»​។ លោក Lewis បាន​ថ្លែងប្រាប់ CNN ដោយ​អះអាង​បន្ថែមថា លោក​អាចធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ឆ្លើយ​ទៅនឹង​តម្រូវការ​របស់​កូនស្រី​ខ្លួន​។​



​ស្ថានភាព​គ្រួសារ ជាពិសេស​ការរស់នៅរ​បស់ Karmen រួមទាំង​ការធ្វើដំណើរ​ដោយ​ថ្មើរ​ទៅធ្វើ​ការ​របស់ Lewis ស្ថិតនៅក្នុង​ភាព​សម្ងាត់​អស់​រយៈពេល​ជាង​៧​ខែ​មកហើយ​។​

​ទីបំផុត មិត្ត​រួមការ​ងារ​នៅ​ក្រុមហ៊ុន UPS បាន​តាមដាន​ដឹង​រឿង​រាវ​របស់លោក Lewis ហើយ​ពួកគេ​មានការ​អាណិតអាសូ​រយ៉ា​ង​ខ្លាំង មុននឹង​សម្រេច​ធ្វើ​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​។ ពួកគាត់​បាន​រៃអង្គាស​គ្នា​ទិញ​រថយន្ត​មួយគ្រឿង​ជូន​លោក Lewis​។​

​បុរស​ជា​ឪពុក​ដែលមាន​វ័យ​២១​ឆ្នាំ​រូបនេះ បាន​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​រំជួលចិត្ត​ខ្លាំងណាស់ ចំពោះ​កាយវិការ​ដ៏​មានន័យ​របស់​មិត្ត​រួមការ​ងារ […] ខ្ញុំ​បាន​ប្រើប្រាស់​ជើង​របស់ខ្ញុំ ដើម្បី​បំពេញ​គ្រប់យ៉ាង​សម្រាប់​ព្រះ​នាង​តូច​របស់ខ្ញុំ​»​។​

​សម្រាប់​លោក Lewis មិត្ត​រួមការ​ងារ​ឈ្មោះ Patricia Bryant ប្រៀបដូចជា​ម្តាយ​ទី​ពីរ​របស់ខ្លួន​។ គាត់ និង​លោក Kenneth ដែលជា​ស្វាមី បាន​បម្រើការ​នៅ​ក្រុមហ៊ុន UPS ជិត​៤០​ឆ្នាំ​មកហើយ​។ អ្នក​ទាំងពីរ​ខឹង​លោក Lewis ដែល​លាក់​រឿងរ៉ាវ​លំបាក​របស់ខ្លួន​។​

​ក្រោយ​ដឹង​រឿង អ្នកស្រី Patricia បាន​និយាយប្រាប់​ទៅ​មិត្ត​រួម​ការងារ​ផ្សេងទៀត​។ ពួកគាត់​បានសម្រេច​ចិត្ត​រៃ​លុយ​គ្នា​ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ ដើម្បី​ទិញ​រថយន្ត​ម៉ាក Saturn ឆ្នាំ​២០០៦ សម្រាប់ Lewis​។​

​លោក Lewis បាន​អះអាងថា លោក​មិនអាច​បំភ្លេច​គុណ​នេះឡើយ​ក្នុង​ជីវិត​របស់លោក​។ ជាមួយនឹង​ការរក្សា​ស្ថានភាព​អាថ៌កំបាំង​ក្នុង​ជីវិត​គ្រួសារ​របស់ខ្លួន លោក Lewis បាន​អះអាងថា លោក​នឹងមាន​ពេល​បើករថយន្ត​ជូន​កូនស្រី ធ្វើដំណើរ​កម្សាន្ត​នៅក្នុង​ក្រុង​៕


© រក្សាសិទ្ធិដោយ thmeythmey.com