រថយន្ត
អន្តរជាតិ
នូ​វែ​ល​សេ​ឡង់​រឹតត្បិត​ការ​នាំចូល​រថយន្ត​ពី​ជប៉ុន​ដោយសារ​សត្វល្អិត Stink Bug
26, Feb 2018 , 8:19 pm        
រូបភាព
ដោយ: ធីតា
Stink Bug ដែលជា​ប្រភេទ​សត្វល្អិត​ដ៏​មាន​ក្លិន​ស្អុយ បានធ្វើ​ឲ្យ​ការនាំចេញ​រថយន្ត​រប​ស់ជ​ប៉ុន​ចូលទៅ​កាន់​នូ​វែ​ល​សេ​ឡង់​រាំងស្ទះ​។ អាជ្ញាធរ​នូ​វែ​ល​សេ​ឡង់ ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ទប់ស្កាត់​ការ​វាយ​លុយ​ពី​សំណាក់​សត្វល្អិត​បរទេស​ទៅលើ​ដែន​កោះ​ដ៏​ស្រស់ស្អាត​របស់ខ្លួន​។ ដោយ​ភ័យ​ខ្លាំង​ការគំរាមកំហែង​លើ​ប្រព័ន្ធ​អេកូ និង​កសិដ្ឋាន នូ​វែ​ល​សេ​ឡង់ បាន​ហាមឃាត់​ការ​នាំចូល​រថយន្ត​ពី​ជប៉ុន​ដែលមាន​វត្តមាន​សត្វល្អិត Stink Bug​។​





​ក្រសួង​ឧស្សាហកម្ម​ចម្បង​របស់​នូ​វែ​ល​សេ​ឡង់ (MPI) បាន​ចាប់​រឹតបន្តឹង​ការ​នាំចូល​រថយន្ត និង​គ្រឿង​ម៉ាស៊ីន​ពី​ប្រទេស​ជប៉ុន​។ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន TVNZ នេះ​ជា​វិធានការ​ទប់ស្កាត់​គ្រោះថ្នាក់​ដល់​បរិស្ថាន និង​ផ្នែក​កសិកម្ម ជាពិសេស​បន្លែ ផ្លែឈើ ដែល​បង្កឡើង​ដោយ​សត្វល្អិត Stink Bug​។ កាលពី​ដើមខែ​កន្លងមក អាជ្ញាធរ​នូ​វែ​ល​សេ​ឡង់ បាន​ពិនិត្យឃើញថា នាវា​ដឹកទំនិញ​បី​គ្រឿង​ដែល​ផ្ទុក​រថយន្ត​ថ្មី និង​ធ្លាប់ប្រើ​ប្រាស់​រួច​នៅ​ប្រទេស​ជប៉ុន មាន​វត្តមាន​សត្វល្អិត​ដ៏​គ្រោះថ្នាក់​នេះ​។​

​លោក David Vinsen ប្រធាន​សមាគម​ឧស្សាហកម្ម​នាំចូល​យានយន្ត​នូ​វែ​ល​សេ​ឡង់ បាន​ថ្លែង​ឲ្យ​ប្រាប់​ទូរទស្សន៍ CNN ថា លោក​មិនដែល​ធ្លាប់​ឃើញ​ចំណាត់ការ​ដ៏​តឹងរ៉ឹង​បែបនេះ​ឡើយ​ពីមុនមក​។ លោក​បាន​បញ្ជាក់ថា ក្រោយ​ឃើញ​វត្តមាន​សត្វល្អិត Stink Bug អាជា្ញធរ​ហូ​ឡង់​បានធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់ ដែល​ក្នុងនោះ​រថយន្ត​ប្រមាណ​៩៥​ភាគរយ មិនមាន​បញ្ហា​អ្វី​នោះឡើយ​។​

​លោក David បាន​បន្ថែម​ផងដែរ​ថា រថយន្ត​ប្រមាណ​៨០០០​គ្រឿង មិនទាន់​ត្រូវបាន​ដឹក​ចេញពី​ផែ​ជប៉ុន​នោះឡើយ ដោយ​អាជ្ញាធរ​ជំនាញ​នូ​វែ​ល​សេ​ឡង់ តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រកមើល Stink Bug និង​សត្វល្អិត​ចង្រៃ​ផ្សេងៗ​ទៀត ជាមុនសិន​។​

​វិធានការ​ប្រឆាំង​សត្វល្អិត Stink Bug បានធ្វើ​ឲ្យ​ការងារ​ក្នុង​ឧ​ស្សហកម្ម​ផ្នែក​លក់​យានយន្ត​នូ​វែ​ល​សេ​ឡង់ រង​ផលប៉ះពាល់​ផងដែរ ក្នុងនោះ​ការងារ​រាប់ពាន់ ទាក់ទង​នឹង​ការដឹកជញ្ជូន​រថយន្ត​ពី​ផែ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​នូ​វែ​ល​សេ​ឡង់ បានប្រកាសថា ពួកគេ​គិតគូ​ពី​និរន្ត​ភាព​ផ្នែក​កសិកម្ម​របស់ខ្លួន ពីព្រោះ​បើ​បណ្តោយ​ឲ្យ​សត្វល្អិត Stink Bug រាលដាល​នៅក្នុង​ប្រទេស ឧ​ស្សហកម្ម​ដំណាំ​បន្លែ​ផ្លែឈើ នឹង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត​៕



© រក្សាសិទ្ធិដោយ thmeythmey.com