ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងការបរទេស សង្ឃឹមថា EU នឹង​គោរព​ទំនាក់ទំនង​កម្ពុជា
27, Feb 2018 , 11:44 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សង្ឃឹមថា សហភាព​អឺរ៉ុប នៅតែ​គោរព​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដោយ​មិន​ដាក់​សម្ពាធ​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការផ្សារភ្ជាប់​រឿង​នយោបាយ​ឡើយ​។ ការលើកឡើង​របស់​ក្រសួងការបរទេស​បែប​នេះ ធ្វើឡើង​ក្រោយពី​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ព្រមាន​ចាត់វិធានការ​ជាក់លាក់​មកលើ​កម្ពុជា បើសិនជា​ស្ថានការណ៍​នយោបាយ​កម្ពុជា មិន​វិល​ទៅរក​ភាពប្រក្រតី​វិញ​។​



​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក ជុំ សុន្ទរី បាន​និយាយថា កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស ដោយ​គោរព​ឯករាជ្យភាព និង​អធិបតេយ្យភាព​ប្រទេស​ដទៃ ហើយ​ប្រទេស​ដទៃ​ក៏ត្រូវ​គោរព​កម្ពុជា​វិញ​ដែរ​។ ក្នុងន័យនេះ​លោក ជុំ សុន្ទរី ចង់​សំដៅលើ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ដែល​បាន​ព្រមាន​ចាត់វិធានការ​ជាក់លាក់​លើ​កម្ពុជា ដោយ​ផ្សារភ្ជាប់​បញ្ហានយោបាយ និង​សិទ្ធិមនុស្ស​។ លោក សង្ឃឹមថា សហភាព​អឺរ៉ុប នឹង​គោរព​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​សហភាព​អឺរ៉ុប មុននឹង​មានការ​សម្រេច​ចិត្ត​ធ្វើ​អ្វីមួយ​មកលើ​កម្ពុជា​។​

​ថ្លែង​ក្រោយពី​ចុះហត្ថលេខា​រវាង​រដ្ឋាភិបាល​និង​ប្រធាន​មជ្ឈមណ្ឌល​កម្ចាត់មីន​អាស៊ាន​នៅ​ព្រឹក​ថ្ងៃទី​២៧ កុម្ភៈ អ្នកនាំពាក្យ​ក្រសួងការបរទេស​រូប​នេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា គឺ​យើង​រក្សា​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ទាំងអស់​នៅលើ​សកលលោក រួមទាំង​សហភាព​អឺរ៉ុប​ផង គោរព​គ្នា​ទៅវិញទៅមក មាន​ផលប្រយោជន៍​ទៅវិញទៅមក​…​។ នេះ​ជាគោលការណ៍​គ្រឹះ​នៃ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា​។ ហើយ​កម្ពុជា​នឹង​បន្ត​រក្សា​ទំនាក់ទំនង​ជាមួយ​សហ​ភាព​អឺរ៉ុប​មូលដ្ឋាន​នេះ ហើយ​យើង​សង្ឃឹមថា សហភាព​អឺរ៉ុប​ក៏​នឹងធ្វើ​ដូច​កម្ពុជា​ដែរ​»​។​

​បន្ថែម​ពីនេះ​លោក ជុំ សុន្ទរី ជឿជាក់ថា សហភាព​អឺរ៉ុប ក៏​មិនមាន​វិធានការ​អ្វី​មក​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា​ឡើយ ព្រោះ​ស្ថានការណ៍​កម្ពុជា មិនទាន់​ស្ថិតនៅក្នុង​សភាព​ធ្ងន់ធ្ងរ ដែល​ត្រូវ​ទទួលរង​សម្ពាធ​ទាំង​នោះទេ​។​

​កាលពី​ថ្ងៃទី​២៦ កុម្ភៈ ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បាន​បើក​កិច្ចប្រជុំ​ដែលមាន​រដ្ឋ​២៨​ជា​សមាជិក បាន​ពិភាក្សា​ពី​ស្ថានភាព​នយោបាយ​កម្ពុជា ដូចជា​ការចាប់ខ្លួន​លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្សប្រឆាំង ការបិទ និង​ការព្យួរ​អង្គការក្រៅរដ្ឋាភិបាល និង​សារព័ត៌មាន​មួយចំនួន រួមទាំង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការដក​សិទ្ធិ​នយោបាយ​របស់​មន្ត្រី CNRP ១១៨​នាក់ ។ បញ្ហា​ទាំងនេះ​គឺជា​កង្វល់​ដ៏​ធំ​មួយ របស់​ស្ថាប័ន​សហភាព​អឺរ៉ុប ដែល​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធយុត្តិធម៌ ជា​ឧបករណ៍​នយោបាយ​។​
អត្ថបទទាក់ទង

​ក្រុមប្រឹក្សា​សហភាពអឺរ៉ុប បាន​អំពាវនាវ​ដល់​ស្ថាប័ន​កំពូល​របស់​អឺរ៉ុប តាមដាន​ដោយ​យកចិត្តទុកដាក់​លើ​ការវិវត្ត​នយោបាយ​នៅ​កម្ពុជា ដើម្បី​ធានា​ឲ្យ​បាន​នូវ​គោលការណ៍​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ព្រមទាំង​រំលឹក​ផងដែរ​ថា អឺរ៉ុប​គឺជា​ទីផ្សា​ដ៏​ធំ​បំផុត​របស់​កម្ពុជា​។ «​ប្រសិនបើ​ស្ថានភាព​មិនមាន​លក្ខណៈ​ល្អប្រសើរ​ទេនោះ ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប នឹង​ចាត់វិធានការ​ជាក់លាក់​មកលើ​កម្ពុជា​»​។ នេះ​បើតាម​ខ្លឹមសារ​ក្នុង​ចំណុច​ទី​៩ នៃ​សេចក្តីសម្រេច​នា​ថ្ងៃទី​២៦ ខែកុម្ភៈ​។​

​ទាក់ទង​នឹង​ការលើកឡើង​របស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ចាត់ទុកថា ជាការ​សន្និដ្ឋាន​ដោយ​ភាពលំអៀង មកលើ​សភាពការណ៍​ន​យោ​បាយ​នៅ​កម្ពុជា​។ លោក សុខ ឥសាន បដិសេធថា កម្ពុជា​គ្មាន​បញ្ហានយោបាយ និង​សិទ្ធិមនុស្ស ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​ធ្លាក់ចុះ​ប្រជាធិបតេយ្យ ដូច​ការវាយតម្លៃ​រប​ស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​នោះទេ​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូបនេះ បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​Telegram យ៉ាង​ដូច្នេះ​ថា​៖«​ការអនុវត្ត​ច្បាប់ ដើម្បី​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា គឺជា​សិទ្ធិ​និង​ភារកិច្ច​របស់​រាជរដ្ឋាភិបាល​នៃ​គណបក្ស​ឈ្នះឆ្នោត​នៅ​កម្ពុជា ប្រកបដោយ​ឯករាជ្យ និង​មាន​អធិបតេយ្យ​របស់​កម្ពុជា ។ ការទាមទារ​(​ក្រុមប្រឹក្សា​សហ​ភា​ព​អឺរ៉ុប​)​កុំ​ឲ្យ​យក​ប្រព័ន្ធ​យុ​ត្តិ​ធ​ម៌​មក​ប្រើ ក៏​មិនអាច​ទៅរួច​ដែរ កម្ពុជា​មិន​បោះបង់ចោល​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​ចំពោះ​ជនល្មើស​ច្បាប់​បានជា​ដាច់ខាត ។ កម្ពុជា​មិន​យកតាម​គំរូ​តាម ហ៊ី​ត្លែរ និង​ប៉ុល​ ពត ​មក​ដោះស្រាយ​បញ្ហា​ឡើយ ។​ដូច្នេះ ការសម្រេច​យ៉ាងណា​របស់​ក្រុមប្រឹក្សា​សហគម​ន៏​អឺរ៉ុប​នោះ គឺជា​សិទ្ធិ​របស់​ពួកគេ តែ​មិន​អាចមាន​ឥទ្ធិពល​អ្វីមកលើ​ឯករាជ្យ និង​អធិបតេយ្យភាព ព្រមទាំង​សិទ្ធិ​សម្រេច​របស់​កម្ពុជា​បានឡើយ​»​។​

​សម្រាប់​អ្នកវិភាគ​សេដ្ឋកិច្ច​វិញ ការព្រមាន​របស់​សហ​ភាព​អឺរ៉ុប​នេះ គឺជា​ចំណោទបញ្ហា​មួយ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើងវិញ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចកម្ពុជា ដែល​ទទួលបាន​ការអនុគ្រោះ​ពន្ធ​(Everything But Arm) ពី​ទីផ្សារ​សហភាព​អឺរ៉ុប ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​តែ​យ៉ាងណា​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​និយាយថា កម្ពុជា​មិន​ចុះ​ញ៉ម ឬ​ខ្លាច​ការកៀបសង្កត់​រប​ស់បរ​ទេស​តាមរយៈ​ការផ្ដាច់​ជំនួយ​ទេ ប៉ុន្តែ​ក្រុម​បរទេស​ទាំងនោះ​វិញ​ទេ ដែល​កំពុង​បរាជ័យ​ក្នុង​ការដាក់​សម្ពាធមក​លើ​កម្ពុជា​៕


Tag:
 ជុំ សុន្ទរី​
  EU
  ក្រសួងការបរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com