ភ្នំពេញ៖ ពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះភិរម្យភាសាអ៊ូ ហៅក្រមង៉ុយ និងបណ្ឌិត អ៊ូ ចុង គឺជាពាក្យពេចន៍មានតម្លៃ ដែលមនុស្សគ្រប់គ្នាត្រូវប្រតិបត្តិប្រចាំថ្ងៃ។ នេះជាសាររបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែឲ្យតម្លៃលើពាក្យរបស់ព្រឹទ្ធាចារ្យទាំងពីរ។
ដោយសារតែពេញចិត្តពាក្យទូន្មានទាំងនេះ សម្ដេច ហ៊ុន សែន បានបោះពុម្ភផ្សាយសៀវភៅ១១ម៉ឺនក្បាលរបស់ក្រមង៉ុយ និងបណ្ឌិត អ៊ូ ចុង សម្រាប់ចែកចាយដល់គ្រូបង្រៀនទូទាំងប្រទេស ដើម្បីឲ្យពួកគាត់យកពាក្យពេចន៍របស់ព្រឹទ្ធាចារ្យទាំងពីរ អប់រំប្រៀនប្រដៅសិស្ស ឲ្យពួកគេចេះគោរពមាតាបិតា និងជាមនុស្សដែលមានក្រមសីលធម៌នៅក្នុងសង្គមផងដែរ។
ថ្លែងក្នុងពិធីកាត់ឫសសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ មីនានេះ សម្ដេច ហ៊ុន សែន បានលើកឡើងដូច្នេះថា៖«សូម្បីតែខ្ញុំក៏នៅតែមើលពាក្យប្រៀនប្រដៅនេះដែរ។ ពាក្យប្រៀនប្រដៅរបស់ ក្រមង៉ុយ និងពាក្យប្រៀនប្រដៅរបស់អាចារ្យ អ៊ូ ចុង ពិតជាមានតម្លៃកាត់ថ្លៃមិនបានទេ នូវពាក្យកំណាព្យកាព្យជួនរបស់គាត់ ទាក់ទងនឹងការប្រតិបត្តិគុណមាតាបិតានេះ គឺអស់ទាស់ហើយ»។
ដោយនិយាយសង្ខេបពីប្រវត្តិព្រឹទ្ធាចារ្យទាំងពីរនោះ សារព័ត៌មានសូមរំលឹកបន្តិចថា ព្រឹទ្ធាចារ្យ ក្រមង៉ុយ មានឈ្មោះដើម អ៊ុក អ៊ូ ហៅង៉ុយ ប្រសូត នៅឆ្នាំ១៨៦៥ នៅភូមិព្រៃអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នស្រុកអង្គស្នួល) ខេត្តកណ្ដាល បិតារបស់លោក គឺចៅពញាធម្មធារា មេឃុំកំបូល នាម អ៊ុក និងមាតានាម អៀង។ គាត់ធ្លាប់បានបួសរៀនធម៌អាថ៌ជ្រៅជ្រះ និងចេះប្រែព្រះត្រ័យបិដកជាដើម។ ព្រឹទ្ធាចារ្យ អ៊ុក អ៊ូ មានទេព្យកោសល្យសូត្រកំណាព្យ ច្រៀង និងទេសនា បែបអត្ថន័យអប់រំដល់ប្រជាពលរដ្ឋចាស់ ក្មេង ឲ្យមានក្រមសីលធម៌ សុជីវធម៌ និងប្រព្រឹត្តអំពើល្អនៅក្នុងសង្គម។ ពាក្យពេចន៍ឃ្លោងឃ្លាអប់រំ តាមរយៈការច្រៀង សូត្រកំណាព្យ ដោយប្រើឧបករណ៍សាដៀវ បានធ្វើឲ្យព្រឹទ្ធាចារ្យ អ៊ុក អ៊ូ មានកិត្តិនាមល្បីរហូតដល់ព្រះបាទស៊ីសុវត្ថិ ដែលគ្រងរាជជំនាន់នោះ ត្រាស់បង្គាប់ឲ្យចូលគាល់ និងច្រៀងថ្វាយ ទើបព្រះអង្គសព្វប្រទ័យប្រទានគោរមងារ«ភិរម្យភាសា» ដល់ព្រឹទ្ធាចារ្យ ក្រុមង៉ុយ។ លោកព្រឹទ្ធាចារ្យ ក្រមង៉ុយ បានទទួលអនិច្ចកម្ម នៅឆ្នាំ ១៩៣៦ ក្នុងជន្មាយុ៧១ឆ្នាំ ដោយឯកសារមួយចំនួន បញ្ជាក់ថា ស្លាប់ដោយសារជំងឺទល់លាមក ។ ព្រះភិរម្យភាសាអ៊ូ មានភរិយា ឈ្មោះ អ៊ិន និងមានកូនសុទ្ធតែប្រុសចំនួន៦រូបរួមមានឈ្មោះ ដួង,ចេង ,ចា,ចិន,ចុង,ចេវ ។
ស្នាដៃរបស់ព្រះភិរម្យភាសាអ៊ូ ហៅក្រមង៉ុយ មាន ច្បាប់ល្បើកថ្មី (១៩២២) ច្បាប់កេរកាលថ្មី (១៩២២) សេចក្តីរំលឹកដាស់តឿន (១៩៣១) ពាក្យកាព្យប្រដៅជនប្រុសស្រី និងបណ្ដាំក្រមង៉ុយ (១៩៣៥) ជាដើម។
ឯកសារខ្លះលើកឡើងថា បណ្ឌិត អ៊ូ ចុង ដែលមានទេព្យកោសល្យខាងសំនួនវោហារ ហើយល្បីល្បាញនោះ គឺជាកូនព្រឹទ្ធាចារ្យ អ៊ុក អ៊ូ ហៅព្រះភិរម្យភាសាអ៊ូ ។ ប៉ុន្តែឯកសារមិនបញ្ជាក់ថា បណ្ឌិត អ៊ូ ចុង ហៅអាចារ្យ ចុង កើតនៅឆ្នាំណាឡើយ ដោយគ្រាន់តែបានបញ្ជាក់ថា គាត់ទទួលអនិកម្មក្នុងគុកនយោបាយនៅឆ្នាំ ១៩៥៥ ។ ស្នាដៃរបស់ព្រឹទ្ធាចារ្យ អ៊ូ ចុង រួមមានច្បាប់ គោរពមាតាបិតា, ពុទ្ធប្រវត្តិ, និងដំបូន្មានផ្សេងៗជាដើម៕