ជាតិ
សិល្បះ
ក្រសួង​វប្បធម៌ ពន្យារពេល​ប្រកួត​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង ដល់​ចុងខែ​ឧសភា​
19, Mar 2018 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួង​វប្បធម៌ សម្រេច​ពន្យារពេល​ទទួល​ស្នាដៃ​ចូលរួម​ប្រកួតប្រជែង​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង រហូតដល់​ចុងខែ​ឧសភា ឆ្នាំ​២០១៨​ខាងមុខ ខណៈ​ដើមឡើយ​ក្រសួង​គ្រោង​ប្រកាស​លទ្ធផល​ក្នុង​ខែមីនា​នេះ​។



​លោក ចំរើន វ៉ាន់​ថា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត បានបញ្ជាក់​មូលហេតុ​នៃ​ការពន្យារ​ពេលនេះ​ដូច្នេះ​ថា​៖«​ការពន្យារ​ដោយសារ​មានការ​សំណូមពរ​ពី​បេក្ខជន ដែលមាន​ជិត​ពាក់កណ្តាល​ដែល​រៀបចំ​ឯកសារ​មិនទាន់ ហើយ​ក្រសួង​ពន្យារពេល​យូរ​ដូច្នេះ ដើម្បី​ទុក​ឱកាស​ដល់​បេក្ខជន​ទាំងចាស់ និង​ថ្មី ដាក់ពាក្យ​ចូលរួម​ប្រឡង​ឲ្យ​បាន​កុះករ​»​។



​បើតាម​លោក ចំរើន វ៉ាន់​ថា ការប្រកាស​លទ្ធផល​នឹងធ្វើ​ឡើង​នៅក្នុង​ខែមិថុនា​ឆ្នាំ​២០១៨ ហើយ​ពិធី​ប្រគល់​ពានរង្វាន់ នឹងធ្វើ​ឡើង​ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​កម្ពុជា ដែល​ធ្វើឡើង​នា​អំឡុង​ចុងឆ្នាំ​២០១៨​នេះ​។ ស្នាដៃ​របស់​បេក្ខជន​ចំនួន ៣ រូប​/​ក្រុម នឹងត្រូវ​បានជ្រើសរើស​សម្រាប់​ជ័យលាភី​លេខ ១ ដល់​លេខ ៣  ហើយ​៣​រូប​/​ក្រុម ទៀត​ក៏​នឹង​ជ្រើសរើស ដើម្បី​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ពី​ក្រសួង​វប្បធម៌​ដែរ​។ នេះ​បើតាម ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​ដដែល​។

​សូមបញ្ជាក់ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានប្រកាស​រៀបចំ​ប្រកួតប្រជែង​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ថ្មី ដែលមាន​លក្ខណៈ​ជា​ខ្មែរ ដើម្បី​រួមចំណែក​លើកស្ទួយ​វប្បធម៌ និង​ការ​តែង​និពន្ធ​បទ​ចម្រៀង និង​បទ​ភ្លេង និង​ជាពិសេស ដើម្បី​កាត់បន្ថយ​ការចម្លង​ស្នាដៃ​បរទេស​។

​បទ​ភ្លេង និង​ទំនុកច្រៀង​របស់​បេក្ខជន ដែល​ទទួលបាន​ចំណាត់ថ្នាក់ ក្រសួង​នឹង​យកមក​ផលិត​ជា CD និង VCD ដោយ​រក្សា​សិទ្ធិ​សីលធម៌​ជូន​បេក្ខជន ប៉ុន្តែ​សិទ្ធិ​បេតិកភណ្ឌ​ជា​សិទ្ធិផ្តាច់មុខ​របស់​ក្រសួង​វប្បធម៌​។ បេក្ខជន​ដែលមាន​បំណង​ចូលរួម​ប្រកួត ត្រូវបំពេញ​ពាក្យសុំ​ចូលរួម​ប្រកួត​ជាមុនសិន ដែល​ពាក្យសុំ​នេះ​អាច​ទាញយក​បាន​ពី​តំណ​ភ្ជាប់​នេះ KhmerCultureMinistry  រួច​ផ្ញើ​មកកាន់​គណៈកម្មការ​រៀបចំ​ការប្រកួត តាមរយៈ​អ៊ី​ម៉ែ​ល [email protected] ឬ​ផ្ញើ​ទៅកាន់​ប្រអប់​សារ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ https://www.facebook.com/KhmerCultureMinistry/ ។ បន្ទាប់ពី​ពិនិត្យឃើញថា បេក្ខជន បាន​បំពេញបែបបទ​ត្រឹមត្រូវ​ហើយ​នោះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត នឹង​ឆ្លើយតប​ទៅកាន់​បេក្ខជន​វិញ តាម​អ៊ី​ម៉ែ​ល ឬ​ប្រអប់​សារ​ដែល​បេក្ខជន​ផ្ញើមក​។

​បេក្ខជន​ដែល​ទទួលបាន​សិទ្ធិ​ចូលរួម​ប្រកួត ត្រូវ​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ក្រសួង ដើម្បី ទទួលបាន​គោលការណ៍​ណែ​នា​លម្អិត ពី​លក្ខខណ្ឌ និង​នីតិវិធី​ក្នុងការ​ប្រកួត​។ បើតាម​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បេក្ខជន​អាច​និពន្ធ​ជា​លក្ខណៈ​បុគ្គល ឬ​ជា​ក្រុម  ដោយ​ត្រូវ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ចំនួន​២​បទ  ដែលជា​ស្នាដៃ​និពន្ធ​ថ្មី និង​មាន​លក្ខណៈ​ជាតិ ហើយ​បេក្ខជន អាច​ជ្រើសរើស​ចង្វា​ក់ដោយ​សេរី លើកលែងតែ​ចង្វាក់​រ៉េ​ប​។

​ចំពោះ​ខ្លឹមសារ​នៃ​ទំនុកច្រៀង ត្រូវ​បម្រើ​ការអប់រំ​ស្មារតី​កូន​ខ្មែរ ឲ្យ​ចេះ​ស្រឡាញ់ ចេះ​អភិរក្ស​សម្បត្តិ​វប្បធម៌ ទឹកដី ព្រៃព្រឹក្សា ធម្មជាតិ និង​ភាពល្អប្រសើរ នៃ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ដែល​បង្កប់​នូវ​រូប​បារ​ម្មណ៍​ល្អ មាន​ភាព​ទាក់ទាញ មាន​ពាក្យពេចន៍​រំលេច រណ្តំ​ចិត្ត និង​ខ្លឹមសារ​ប្រកបដោយ​គុណធម៌ សច្ចភាព និង​ការអប់រំ​បម្រើ​សង្គម​។

​បេក្ខជន ត្រូវ​ថត​ទំនុកភ្លេង​(​អ័គ​កា​ដង់​) និង​ទំនុកច្រៀង រួច​ផ្ញើ​មកកាន់​គណៈកម្មការ​រៀបចំ​ការប្រកួត តាមរយៈ​អាសយដ្ឋាន​អ៊ី​ម៉ែ​ល [email protected]  ឬ​ផ្ញើ​ទៅកាន់​ប្រអប់​សារ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ https://www.facebook.com/KhmerCultureMinistry/

​ក្នុងករណី​បេក្ខជន ពុំមាន​លទ្ធភាព​ប្រើប្រាស់​តាម​ប្រពន្ធ​បច្ចេកវិទ្យា សូម​ទំនាក់ទំនង​ជាមួយ​មន្ទី​រ​វប្បធម៌ និង​វិចិត្រសិល្បៈ គ្រប់​រាជធានី​/​ខេត្ត​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ​ទូរ​សព្ទ ០១៦ ២២២ ៩២០ និង ០១១ ៥៧៥ ៧៦៨ ៕


Tag:
 ក្រសួង​វប្បធម៌​
 ​ បទ​ភ្លេង​
 ​ ចម្រៀង​
© រក្សាសិទ្ធិដោយ thmeythmey.com