ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានទទួលអាសនៈព្រឹទ្ធសភាទាំង៥៨ ក្នុងនីតិកាលទី៤នេះ ។ នេះបើតាមលទ្ធផលផ្លូវការរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី៣ មីនា។
លទ្ធផលផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះគ្រប់ភូមិភាគទាំង៨ លើគណបក្ស៣ផ្សេងទៀត ។ ក្នុងនោះភូមិភាគ១ គណបក្សប្រជាជនទទួលបាន ៦អាសនៈ, ភូមិភាគទី២ ទទួល ៨អាសនៈ, ភូមិភាគទី៣ ទទួល ៥អាសនៈ, ភូមិភាគទី៤ ទទួល ១០អាសនៈ, ភូមិភាគទី៥ ទទួល ៧អាសនៈ, ភូមិភាគទី៦ ទទួល ៧អាសនៈ, ភូមិភាគទី៧ ទទួល ៩អាសនៈ និងភូមិភាគទី៨ ទទួល ៦អាសនៈ។
សេចក្តីសម្រេចរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ដូច្នេះថា៖«លទ្ធផលបោះឆ្នោតនៃការជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដូចមានចែងក្នុងប្រការ១ ខាងលើ មានអនុភាពគតិយុត្តចាប់ពីថ្ងៃចុះហត្ថលេខាចាប់ពីថ្ងៃនេះតទៅ»។
កន្លងមកគណបក្សនយោបាយចំនួន២ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ដែលបានចូលរួមការបោះឆ្នោត បានបង្ហាញជំហគាំទ្រ និងទទួលយកលទ្ធផលបោះឆ្នោតនាពេលខាងមុខ ដោយឥតប្រកែកឡើយ។
តាមរយៈសេចក្តីថ្លែងការណ៍របស់គណបក្សទាំងពីរនេះ បានវាយតម្លៃខ្ពស់លើដំណើការរៀបចំការបោះឆ្នោត ដោយចាត់ទុកថា ការបោះឆ្នោតព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន គ្មានហិង្សា ហើយមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ គណបក្សទាំងពីរព្រមទទួលស្គាល់ទាំងលទ្ធផលជាបឋម និងលទ្ធផលជាផ្លូវការ។
ប៉ុន្តែគណបក្សខ្មែររួបរួមជាតិ ហាក់មិនទាន់មានសេចក្តីថ្លែងការណ៍គាំទ្រការបោះឆ្នោតនេះទេ ស្របពេលដែលគណបក្សសញ្ជាតិខ្មែរ ដែលមិនបានចូលរួមការបោះឆ្នោតចេញមុខសាទរការបោះឆ្នោតព្រឹទ្ធសភាកន្លងមកដែរ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤នេះ មានអាសនៈ៦២ ដោយសមាជិកព្រឹទ្ធសភា៥៨ គឺកើតចេះពីការបោះឆ្នោតអសកល។ ចំណែកសមាជិកព្រឹទ្ធសភា៤រូបទៀត កើតចេញពីជ្រើសតាំងដោយព្រះមហាក្សត្រ ២រូប និងរដ្ឋសភាជ្រើសតាំង២រូប៕