ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រកាស​ជំហ​មិន​ចរចា​ជាមួយ​អ្នកនយោបាយ​ជាប់ទោស​ឡើយ​
03, Mar 2018 , 6:59 pm        
រូបភាព
ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា សម្ដេច​នៅតែ​បើកផ្លូវ​ចរចា​ជាមួយ​អ្នកនយោបាយ​ប៉ុន្តែ​មិនមែន​ផ្ដល់ឱកាស​សម្រាប់​អ្នកនយោបាយ​ជាប់ទោស​ទេ​។ ការលើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន បែបនេះ គឺ​ឆ្លើយតប​ទៅនឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រកាសថា គណបក្ស​ខ្លួន​នៅតែ​រង់ចាំ​ការសន្ទនា​ពី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ កុំ​ឲ្យ​រង​សម្ពាធ​ពី​បរទេស​។​

 
​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន សម្ដេច ហ៊ុន សែន បាន​និយាយថា «​ឥឡូវ​ខ្ញុំ​ធ្វើ​អ្វី​ច្រើន​ទេ គឺ​ខ្ញុំ​ធ្វើតាម​អ្នកឯង (​សម រង្ស៊ី​) ។ នយោបាយ​អ្នកឯង​បាន​កែ​ហើយ​ឬ​នៅ មាន​ស៊ី អត់​សែន មាន​សែន​អត់​ស៊ី តើ​កែ​ហើយ​ឬ​នៅ​។ បើ​មិនទាន់​កែ ខ្ញុំ​នឹង​កំដរ​អ្នកឯង​លេង​ដល់ទី​បញ្ចប់​។ ខ្មោច​របស់ខ្ញុំ​ងាប់ កប់​នៅ​កម្ពុជា ខ្មោច​អ្នកឯង​ងាប់​កប់​នៅ​ប្រទេសក្រៅ​។ ខ្ញុំ​បើកទ្វារ​ចំហ ទៅលើ​កិច្ច​ការសន្ទនា​ខាង​នយោបាយ​ជាមួយ​អ្នកណា​ក៏ដោយ ក៏ប៉ុន្តែ​ត្រូវ​ញែក​គ្នា​ឲ្យ​ច្បាស់ ខ្ញុំ​មិនអាច​សន្ទនា​ជាមួយ​អ្នកណា​ជាប់​បញ្ហា​ផ្លូវច្បាប់​បានទេ​…»​។​

​សូម​ស្ដាប់​សំឡេង​នាយករដ្ឋមន្ត្រី ហ៊ុន សែន​៖

 
​កាលពី​ថ្ងៃទី​២៧ កុម្ភៈ កន្លងមក អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​សកម្មភាព​នៅ​ក្រៅប្រទេស បានបង្ហាញ​គាំទ្រ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ជុំវិញ​បញ្ហា​កម្ពុជា ដោយ​ភ្ជាប់​នឹង​ការ​រំលឹក​ពី​តួនាទី​របស់​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្តតាម​និង​គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ជាដើម​។ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា ពួកគេ​ត្រៀម​បើក​កិច្ចសន្ទនា​ថ្នាក់ជាតិ​មួយ ជាមួយ​សម្ដេច ហ៊ុន សែន បើសិនជា​ប្រធាន​គណបក្ស​ប្រជាជន​យល់ព្រម​ដោះស្រាយ​បញ្ហា​ជាតិ​ជាមួយគ្នា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​៕
 
 

Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com