ភ្នំពេញៈ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចជូនអគ្គស្នងការរងរបស់ខ្លួនចំនួន១៧នាក់ ដែលក្នុងនោះមានឋានៈនាយឧត្តមសេនីយ៍ (ផ្កាយ៤) ៨រូប និងឧត្តមសេនីយ៍ឯក (ផ្កាយ៣) ៩រូប ធ្វើជាជំនួយការដឹកនាំអង្គភាពជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
នៅក្នុងសេចក្ដីសម្រេចដែលចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកុម្ភៈ លោក នេត សាវឿន បានប្រគល់ភារកិច្ចដល់លោក ខេង សុមេធ ដឹកនាំការងារព្រំដែនទទួលទិសភូមិភាគទី៤ និងទី៥ ចំណែកលោក ដាំ វុទ្ធី គ្រប់គ្រងការងារព្រំដែនភូមិភាគទី១ ទី២ និងទី៣ ។
ការងារនគរបាលព្រហ្មទណ្ឌ និងផ្នែកបច្ចេកទេសវិទ្យាសាស្ត្រ ជាបន្ទុករបស់លោក កង សុខន ចំណែក លោក សួស អង្គារ៍ ដឹកនាំការងារគ្រប់គ្រងអាវុធជាតិផ្ទុះ ការងារបង្ការពន្លត់អគ្គិភ័យ សង្គ្រោះ និង បេតិកភណ្ឌ។ អគ្គស្នងការរង ជួន សុវណ្ណ ជាស្នងការនគរបាលរាជធានីភ្នំពេញ ជាធម្មតា។
សម្រាប់លោក គៀត ច័ន្ទថារិទ្ធ គ្មានអ្វីប្រែប្រួលនោះឡើយ ដោយបន្តធ្វើជាជំនួយការដឹកនាំការងារសេនាធិការដ្ឋាន លោក ថោង លីម ដឹកនាំការងារចោរកម្ម ក្រុមស៊ើបអង្កេត បទល្មើសឆ្លងដែន ការងារវិនិយោគិន និងទេសចរណ៍បរទេស។
លោក ឆៃ ស៊ីណារិទ្ធ មានបន្ទុកការងារដ៏ច្រើនគួរឲ្យកត់សម្គាល់ ដោយលោកត្រូវដឹកនាំការងារសន្តិសុខផ្ទៃក្នុង ការងារប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា ការងារស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេសការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងការងារគ្រប់គ្រងសន្តិសុខឯកជន។
លោក យក់ សុខា ជាជំនួយការដឹកនាំការងារប្រឆាំងការជួញដូរមនុស្ស និងការងារយែនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ម៉ក់ ជីតូ ដឹកនាំការងារប្រឆាំងគ្រឿងញៀន លោក ទូច ណារ៉ុថ ដឹកនាំការងារអង្គរក្ស និងការងាររៀបចំផែនការការពារ ខណៈ លោក ហ៊ឹម យ៉ាន ដឹកនាំការងារនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងការងារនគរបាលទេសចរណ៍។
ការងាររដ្ឋបាល ក្នុងផែននគរបាលព្រំដែន គ្រប់គ្រង និងដឹកនាំការងារជំនាញនៃនាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងទទួលជួយការងារព្រំដែន ទិសភូមិភាគ៤ និងភូមិភាគ៥ ស្ថិតក្រោមការគ្រប់គ្រងរបស់ លោក ហ៊ូ សាគុណ។ ខណៈ មួន សារ៉ន មានភារកិច្ចដឹកនាំអង្គភាពអន្តរាគមន៍ និងអមការងារសម្តេចនាយករដ្ឋមន្ត្រី លោក ស ថេត មានបន្ទុកដឹកនាំនាយកដ្ឋាននគរបាលការពារ និងអង្គភាពតម្រួតបទបញ្ជា។
លោក ប៉ែន វិបុល រ៉ាប់រងការងារនៅនាយកដ្ឋានបុគ្គលិក ចំណែកឯលោក ឌី វិជ្ជា ដែលជាកូនប្រសារសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានបេសកកម្មដឹកនាំការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ការងារបច្ចេកទេសសន្តិសុខ និងការងាររួមនាយកដ្ឋានកណ្តាលសន្តិសុខ៕