អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉េកាំង​នឹង​ក្លាយជា​ទីក្រុង​គំរូ​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​ប្រកប​ចីរភាព​
03, Mar 2018 , 10:39 pm        
រូបភាព
រូបភាពពីគេហទំព័រគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២២
រូបភាពពីគេហទំព័រគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២២
ដោយ: ថ្មីៗ
​អូឡាំពិក​រដូវរងា​ឆ្នាំ​២០១៨ ដែល​ក្រុង​ព្យុង​ឆាង​ធ្វើជា​ម្ចាស់​ផ្ទុះ​បានបញ្ចប់​ហើយ​។ រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន នឹង​ធ្វើជា​ម្ចាស់ផ្ទះ​បន្ត​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០២២ ។ ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ប៉េកាំង នឹង​ក្លាយជា​គម្រូ​ថ្មី​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ​ប្រកបដោយ​ចីរភាព​តាម​គោលការណ៍​របស់​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ​។​

 
​ស្រប​ពេលដែល​ក្រុង​ប៉េកាំង​ត្រៀមខ្លួន​ធ្វើ​ម្ចាស់​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ឆ្នាំ​២០២២ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បានដាក់​ចេញ​គោលការណ៍​ថ្មី​សម្រាប់​ប្រទេស​ម្ចាស់ផ្ទះ​។ ក្នុង​សេចក្ដីប្រកាស​របស់ IOC បញ្ញត្តិ​ថ្មី គឺ​ធានាថា ព្រឹត្តិការណ៍​បួន​ឆ្នាំ​ម្ដងនេះ រៀបចំ​ដោយ​ចំណាយ​ថវិកា​សមល្មម ផ្ដល់​ប្រយោជន៍ និង​ប្រកបដោយ​ចីរភាព​។ ក្រុង​ប៉េកាំង នឹង​ក្លាយជា​ម្ចាស់ផ្ទះ​ដំបូង​គេ ដែល​ត្រូវ​អនុវត្តតាម​គោលការណ៍​ថ្មី​នេះ​។​
 
​តាម​ផែនការ ក្រុង​ប៉េកាំង​នឹង​សាងសង់​កន្លែង​ប្រកួត​ចំនួន​៥ ភូមិ​អូឡាំពិក​ចំនួន​២ អាគារ​បណ្ដោះអាសន្ន​ចំនួន​៣ ធ្វើជា​កន្លែង​ផ្ដល់ព័ត៌មាន និង​ការប្រគល់​រង្វាន់ ក៏ដូចជា​អភិវឌ្ឍ​អាគារ​ចំនួន​៨ សម្រាប់​គោលដៅ​ប្រើប្រាស់​ឡើងវិញ​អំឡុងពេល​ព្រឹត្តិការណ៍​។ ដោយឡែក មជ្ឈមណ្ឌល​កីឡាហែលទឹក​ជាតិ Water Cube ដែល​ប្រើប្រាស់​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០០៨ នឹងត្រូវ​កែប្រែ​ទៅជា​កន្លែង​ប្រកួត​កីឡា Curling សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ​២០២២ វិញ​។ 
 
​ជាមួយគ្នានេះ សួន​ឧស្សាហកម្ម Shougang ដែលជា​ទីតាំង​អតីត​រោងចក្រ​ផលិត​ដែក និង​បិទ នៅ ឆ្នាំ ២០០៨ ក្លាយជា​ទីតាំង​សម្រាប់​ទីស្នាក់ការ​គណៈកម្មាធិកា​រ​រៀបចំ​ការប្រកួត​។ សួន​ឧស្សាហ​កម្មនេះ ត្រូវបាន​ផ្លាស់ប្ដូរ​ទៅជា​មជ្ឈមណ្ឌល​កីឡា និង​កំសាន្ត​។ ចំណែកឯ​អាគារ​ទាំងឡាយ​ដែល​ប្រើប្រាស់​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ​២០២២ ក៏ត្រូវ​ប្រើប្រាស់​ជា​កន្លែង​ហាត់ប្រាណ​សាធារណៈ​ដែរ​។​
 
​ជុំវិញ​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​នេះ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ធ្លាប់​លើកឡើងថា ការរៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ឆ្នាំ​២០២២ គួរ​គោរព​គំនិត​អភិវឌ្ឍ​ថ្មី ហើយ​ការសាងសង់​អាគារ​ទាំង​ឡាយ ត្រូវ​គិតដល់​ការប្រើប្រាស់​ឡើងវិញ និង​ប្រកបដោយ​ចីរភាព​ផង​។ 
 
​ក្រុង​ប៉េកាំង នឹង​ក្លាយជា​ទីក្រុង​ដំបូង​គេ ដែល​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្ដៅ​ផង រដូវ​ត្រជាក់​ផង​។ ការណ៍​នេះ​នឹង​រួមចំណែក​ច្រើន​ដល់​ការពង្រឹង​បទពិសោធន៍​របស់​ចិន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​៕

Tag:
 People’s Daily
© រក្សាសិទ្ធិដោយ thmeythmey.com