ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ បដិសេធ​ព័ត៌មាន​បែកបាក់​ផ្ទៃក្នុង​ជួរ​ទ័ព បន្ទាប់ពី​មានការ​ផ្ទេរ​ភារកិច្ច​ឲ្យ​លោក ហ៊ុន ម៉ា​ណែ​ត
03, Mar 2018 , 3:59 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
រូបពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
 ​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បដិសេធថា គ្មាន​ការបែកបាក់​ផ្ទៃក្នុង​ជួរ​កងទ័ព​ឡើយ​។ ការបដិសេធ​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​អវិជ្ជមាន​ជុំវិញ​ការផ្ទេរ​ភារកិច្ច​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ​ពី​លោក គន់ គីម ទៅ​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​


​លោក ឈុំ សុជាតិ ចាត់ទុក​ព័ត៌មាន​នៃ​ការបែកបាក់​ផ្ទៃក្នុង​កងទ័ព​នេះ គ្រាន់តែ​ជាការ​បំភ្លៃ​ព្រឹត្តិការណ៍​របស់​ក្រុម​ដែលមាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​ប៉ុណ្ណោះ​។ លោក ឈុំ សុជាតិ បាន​បញ្ជាក់ថា ការផ្ទេរសិទ្ធិ​ដឹកនាំ​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ​ពី​លោក គន់ គីម ជូន​ដល់​នាយរង​សេនាធិការ​ចម្រុះ​នោះ មិនមាន​អ្វី​បែកបាក់​ផ្ទៃក្នុង​នោះទេ ពោលគឺ​វា​គ្រាន់តែ​ជាការ​ចែករំលែក​ការទទួលខុសត្រូវ​ពី​លោក គន់ គីម ប៉ុណ្ណោះ ។​
 
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ឆ្លើយតប​យ៉ាង​ដូច្នេះ​ថា​៖«​ការប្រគល់សិទ្ធិ​ដឹកនាំ​នាយសេនាធិការ​ចម្រុះ​នេះ គឺ​គ្រាន់តែ​ជាការ​ប្រគល់​ការងារ​ទទួលខុសត្រូវ​ជូន​មន្ត្រីជាន់ខ្ពស់​ណាមួយ នៅពេលដែល នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អវត្តមាន ឬ​ជាប់រវល់​នៅ​កិច្ចការងារ​មូលដ្ឋាន​តែប៉ុណ្ណោះ ដោយសារតែ​មួយរយៈ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម មានការ​មមាញឹក នៅ​កិច្ចការ​មូលដ្ឋាន​»​។​
 
​ដោយសារតែ​ការ​មមាញឹក​នឹង​ការងារ​មូលដ្ឋាន​នេះហើយ ទើប​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ផ្ទេរសិទ្ធិ​ដឹកនាំ បញ្ជា​ការងារ សេនាធិការ​ចម្រុះ​ជូន​ដល់ ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ ទទួល​ដឹកនាំ និង​ចាត់ចែង​ការងារ​នេះ​។ នេះ​បើតាម​លោក ឈុំ សុជាតិ​៕
 

Tag:
 ឈុំ សុជាតិ​
 ​ ហ៊ុន ម៉ា​ណែ​ត
© រក្សាសិទ្ធិដោយ thmeythmey.com