ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន រិះគន់ទូរទស្សន៍ជាតិ ដែលផ្សាយព័ត៌មានខុសបច្ចេកទេស
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់ទូរទស្សន៍ជាតិ ដែលចេញផ្សាយព័ត៌មានខុសបច្ចេកទេស ជុំវិញដំណើររបស់សម្ដេច ជួបសំណេះសំណាលជាមួយកម្មករនៅក្នុងខេត្តព្រះសីហនុ ។ បញ្ហាដែលសម្ដេច ហ៊ុន សែន បានតាមដាន និងកត់សម្គាល់នោះ គឺខ្លឹមសារព័ត៌មានរបស់ទូរទស្សន៍ជាតិ ផ្ទុយពីសកម្មភាពជាក់ស្ដែងរបស់សម្ដេច ពោលគឺផ្សាយខុសបច្ចេកទេស ត្រង់ថា នាយករដ្ឋមន្ត្រី ជួបកម្មករនៅខេត្តព្រះសីហនុ បែរជាផ្សាយនៅខេត្តកំពង់ស្ពឺទៅវិញ។
រីឯចំណុចខ្វះខាតកាន់តែធ្ងន់ធ្ងរទៀតនោះ គឺបញ្ហាចាប់ប្លង់រូបភាពវិដេអូ ដែលសម្ដេច ហ៊ុន សែន មើលឃើញថា មានបច្ចេកទេសអន់ នៃការកាត់តរូបភាពវិដេអូផ្ទុយពីខ្លឹមសារ ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៤ មីនានេះ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«អត់កែម៉ង ផ្លាស់អាមេមួយហើយ ចូលអាមេមួយទៀត នៅដដែល។ អត់ទេ ថែមលុយឲ្យប៉ុន្មាននៅតែប៉ុណ្ណឹង ដូចនេះគ្រាន់តែដាស់តឿន។ ហេតុអ្វីឯងនិយាយនៅកំពង់សោម ចេញផ្សាយព័ត៌មាននៅកំពង់ស្ពឺ អញដូចអត់យល់…។ សូមបង្អាប់ទូរទស្សន៍ជាតិបន្ថែមទៀតចុះ អត់ឡើងតែម្ដង ហើយវាអស់ហើយ កម្រិតមេដឹកនាំអំណាចខ្ពស់បំផុតរបស់ប្រទេស គឺអំណាចនាយករដ្ឋមន្ត្រី ។ ពិតមែនតែលំដាប់វិធីការរបស់វាគឺផ្សេង ប៉ុន្តែលំដាប់អំណាចគឺលំដាប់កំពូលហើយ គេយកចិត្តទុកដាក់(ផ្សព្វផ្សាយ)ណាស់ លើបញ្ហានេះ។ ទី២ បើថា Montage (កាត់តរូបភាពវីដេអូ) គឺថា Montage ឲ្យវាត្រូវ ។ ព្រោះ Montage ពេលខ្លះ ដាក់ចំមុខគេចំហមាត់ ហើយនៅពេលគេសើច ដាក់ចំអាមុខក្រម៉ូវមួយមកវិញ»។
បន្ថែមពីនេះនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាស់តឿនដល់ទូរទស្សន៍ដទៃទៀត ឲ្យប្រុងប្រយ័ត្នដល់ការចេញផ្សាយអត្ថបទព័ត៌មានផងដែរ លើបញ្ហាបច្ចេកទេសកាត់តវីដេអូនេះ៕
Tag:
ហ៊ុន សែន
ទូរទស្សន៍ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com