ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​ថ្មី ដែល​គ្រោង​បង្កើត​ដោយ​ប្អូនប្រុស​លោក កែម ឡី ទំនង​ផ្ទុយ​ពី​ច្បាប់​
04, Mar 2018 , 12:07 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​«​កែម ឡី​» ដែល​គ្រោង​បង្កើតឡើង​ដោយ​លោក កែម រិ​ទ្ធិ​សិត ទំនង​ផ្ទុយ​ពី​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ហាម​ដាក់​រូបភាព និង​ឈ្មោះ​បុគ្គល សម្គាល់​គណបក្ស​។​

​បើទោះជា​គណបក្ស កែម ឡី មិនទាន់​លេចចេញ​ជា​រូបរាង​ក្តី ប៉ុន្តែ​ព័ត៌មាន​នេះ ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ពី​បណ្ដា​សារព័ត៌មាន​ក្នុងប្រទេស​កម្ពុជា តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់លោក  កែម រិ​ទ្ធិ​សិត ប្អូនប្រុស​លោក កែម ឡី កាលពី​ចុងខែ​កុម្ភៈ កន្លងមក​។ លោក កែម រិ​ទ្ធិ​សិត បាន​និយាយថា ការបង្កើត គណបក្ស កែម ឡី គឺមាន​គោលបំណង​យក​ទស្សនទាន​ល្អៗ របស់លោក​បណ្ឌិត កែម ឡី ទៅ​បន្ត​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។​
 
​ការបង្កើត​គណបក្ស​នេះ គឺ​ស្របទៅតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា​៤២ ដែល​ចែងថា​«​ប្រជាពលរដ្ឋ​ខ្មែរ មាន​សិទ្ធិ​បង្កើត​សមាគម និង​គណបក្សនយោបាយ​។ សិទ្ធិ​នេះ​ត្រូវ​កំណត់​ក្នុង​ច្បាប់​។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងឡាយ​អាច​ចូលរួម​ក្នុង​អង្គការ​មហាជន ជួយ​គ្នា​ទៅវិញទៅមក ការពារ​សមិទ្ធផល​ជាតិ និង​សណ្ដាប់ធ្នាប់​សង្គម​»​។ 
 
​ប៉ុន្តែ​គម្រោង​បង្កើត​គណបក្ស កែម ឡី នេះ ទំនង​មិនអាច​ទៅរួច ដោយសារ​វា​ផ្ទុយ​ពី​ច្បាប់​ស្តីពី​គណបក្ស​ន​យោបាយ ដែល​ចែង​ហាម​ប្រើ​រូបភាព និង​ឈ្មោះ​បុគ្គល សម្គាល់​គណបក្ស​។ យោងតាម​មាត្រា​១១​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​ចែងថា ១៖ ឈ្មោះ​ជា​អក្សរ​ពេញ ជា​អក្សរ​កាត់ និង​សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ​ត្រូវតែ​ខុសគ្នា​ពី​ឈ្មោះ​ជា​អក្សរ​ពេញ ឬ​អក្សរ​កាត់ និង​សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ​នានា​។ ២៖ ឈ្មោះ​គណបក្សនយោបាយ​មិនត្រូវ​ធ្វើឡើង ដោយ​គ្រាន់តែ​កែសម្រួល​បន្តិចបន្តួច​នៅលើ​ឈ្មោះ​គណបក្សនយោបាយ​នានា ឬ​យកឈ្មោះ​រូបវ័ន្ត​បុគ្គល​មក​ដាក់​ឡើយ​។ ៣៖ សញ្ញា​សម្គាល់​របស់​គណ​បក្សនយោបាយ មិនត្រូវ​ចម្លង ឬ​យកតាម​សញ្ញា​ជាតិ រូបភាព​តំណាង​ឲ្យ​សាសនា ប្រាសាទអង្គរវត្ត ឬ​ព្រះឆាយាល័ក្ខណ៍ ឬ​រូបសំណាក​របស់​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​អង្គ ឬ​រូបភាព​របស់​រូបវ័ន្ត​បុគ្គល​ឡើយ​។​
 
​ជាក់ស្តែង​គណបក្ស​ពីរ ធ្លាប់បាន​ផ្លាស់ប្តូរ​រូប និង​ឈ្មោះ​រូបវ័ន្ត​បុគ្គល​មកហើយ គឺ​គណបក្ស សម រង្ស៊ី បាន​ប្ដូរ​ឈ្មោះ​ទៅជា​គណបក្ស ភ្លើងទៀន ។ ចំណែក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ដក​រូប​សម្ដេច​នរោត្តម រណឫទ្ធិ ចេញពី​ស្លាក​សម្គាល់​គណបក្ស​។​
អត្ថបទទាក់ទង
មកដល់ពេលនេះ លោក កែម រិ​ទ្ធិ​សិត ប្អូនប្រុស​លោក កែម ឡី បានដាក់ពាក្យ​ជា​ផ្លូវ​ការស្នើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​បង្កើត​គណបក្ស កែម ឡី ហើយ ប៉ុន្តែលោកសុំមិនបញ្ជាក់លម្អិតទេ។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក កែម រិ​ទ្ធិ​សិត បាន​បញ្ជាក់ថា ៖«​យើង​នៅសល់​ពេល​១​ខែ​ទៀត ទើប​យើង​អាច​បញ្ជាក់បាន​»​។ 
 
​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​និយាយថា ក្រសួងមហាផ្ទៃ ស្វាគមន៍​និង​ទទួលយក​ពាក្យ​ចុះឈ្មោះ​គណបក្សនយោបាយ ពី​ប្រជាពលរដ្ឋ​គ្រប់រូប ដែល​ចង់​ចូលរួម​សកម្មភាព​នយោបាយ​។ និយាយ​ត្រង់ចំណុច​នេះ លោក ខៀវ សុភ័គ ក៏បាន​រំលឹក​ទៅ​លោក កែម រិ​ទ្ធិ​សិត ដែល​ចង់​បង្កើត​គណបក្សនយោបាយ ប្រើ​ឈ្មោះ​លោក កែម ឡី នោះ ឲ្យ​អនុវត្ត​តាមច្បាប់​ស្តីពី​គណបក្សនយោបាយ​សិន មុននឹង​សម្រេច​យកពាក្យ​មក​ដាក់​នៅ​ក្រសួងមហាផ្ទៃ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​មិន​ជំទាស់​ការបង្កើត​គណបក្ស​របស់គាត់​(​កែម រិ​ទ្ធិ​សិត​)​ទេ ប៉ុន្តែ​បើ​គាត់​ចង់​បង្កើត​គណបក្ស​យកឈ្មោះ កែម ឡី មក​ប្រើ យើង​សុំ​ឲ្យ​អនុវត្ត​ច្បាប់​គណបក្សនយោបាយ ត្រង់​មាត្រា​១១ សិន ។ ព្រោះ​មាត្រា​១១ បែង​ចែង​យ៉ាងច្បាស់​ពី​ការហាម​ប្រើ​ឈ្មោះ​បុគ្គល និង​រូប​បុគ្គល​សម្គាល់​បក្សនយោបាយ​»៕

Tag:
 កែម រិ​ទ្ធិ​សិត​
  កែម ឡី​
 ​ នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com