ជាតិ
នយោបាយជាតិ
ថ្នាក់ដឹកនាំខ្មែរឥស្លាម២រូបជាប់ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៤ (ពីឆ្វេងទៅស្តាំ) លោក ឆាយ វណ្ណា និងលោក លី សារី
× ភ្នំពេញ៖ ថ្នាក់ដឹកនាំខ្មែរឥស្លាមចំនួន២រូប បានជាប់ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបសគណកម្មាធិការរៀបចំការបោះឆ្នោត ដែលបានផ្សព្វផ្សាយពីសមាភាពសមាជិកព្រឹទ្ធសភា តាមភូមិភាគមួយចំនួន។
ក្នុងចំណោមសមាជិកព្រឺទ្ធសភាកូតាគណបក្សប្រជាជនកម្ពុជានោះ មានលោក លី សារី បានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៥ និងលោក ឆាយ វណ្ណា ឈ្មោះឥស្លាម អាពូប៉ាកា សាឡេះ ជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ (ខេត្តកំពង់ចាម និងត្បូងឃ្មុំ) ។ លោក លី សារី ប្រាប់សារព័ត៌មានថ្មីៗថា លោក ជាអតីតគ្រូបង្រៀន និងធ្លាប់ជាសមាជិកក្រុមប្រឹក្សាខេត្តកំពត ហើយក្រោយមកក៏បានក្លាយជាអ៊ីមាំខេត្តកំពត (ថ្នាក់ដឹកនាំខ្មែរ-អីស្លាមក្នុងខេត្តកំពត) នៅឆ្នាំ២00៧។ ឯលោក ឆាយ វណ្ណា បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
យ៉ាងណាក៏ដោយ បញ្ជីឈ្មោះសមាជិកព្រឹទ្ធសភា នីតិកាលទី៤ មិនទាន់ចេញទាំងអស់ទេ។ គេមិនទាន់ច្បាស់ថា នឹងមានខ្មែរឥស្លាមប៉ុន្មានរូបទៀត ដែលមានក្នុងបញ្ជីនេះដែរ។
លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះគ្រប់ភូមិភាគទាំង៨ លើគណបក្ស៣ផ្សេងទៀត ។ ក្នុងនោះភូមិភាគ១ គណបក្សប្រជាជនទទួលបាន ៦អាសនៈ, ភូមិភាគទី២ ទទួល ៨អាសនៈ, ភូមិភាគទី៣ ទទួល ៥អាសនៈ, ភូមិភាគទី៤ ទទួល ១០អាសនៈ, ភូមិភាគទី៥ ទទួល ៧អាសនៈ, ភូមិភាគទី៦ ទទួល ៧អាសនៈ, ភូមិភាគទី៧ ទទួល ៩អាសនៈ និងភូមិភាគទី៨ ទទួល ៦អាសនៈ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤នេះ មានអាសនៈ៦២ ដោយសមាជិកព្រឹទ្ធសភា៥៨ គឺកើតចេះពីការបោះឆ្នោតអសកល។ ចំណែកសមាជិកព្រឹទ្ធសភា៤រូបទៀត កើតចេញពីជ្រើសតាំងដោយព្រះមហាក្សត្រ ២រូប និងរដ្ឋសភាជ្រើសតាំង២រូប៕
© រក្សាសិទ្ធិដោយ thmeythmey.com