ជាតិ
នយោបាយជាតិ
អតីតរដ្ឋមន្ត្រីការបរទេស ផ្ដាំទូតកម្ពុជាគ្រប់ប្រទេស ត្រូវទប់ទល់នឹងស្ថានការណ៍គាបសង្កត់កម្ពុជា
× ភ្នំពេញ៖ អតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ផ្ដាំឲ្យឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសនានា ត្រូវចេញមុខបកស្រាយពីស្ថានភាពជាក់ស្ដែងនៅកម្ពុជាបច្ចុប្បន្ន បង្ហាញទៅកាន់ពិភពលោក ដើម្បីទប់ទល់នឹងគោលបំណងរបស់បរទេស ដែលចង់គាបសង្កត់មកលើកម្ពុជា។
ថ្លែងចំពោះមុខបណ្ដាអង្គទូតនានា លោក ហោ ណាំហុង បាននិយាយថា កម្ពុជាកំពុងទទួលរងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង មិនឈប់ឈរពីសំណាក់បរទេស តាមរយៈការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ឬការគាបសង្កត់ផ្សេងៗ ក្រោមស្លាកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ លោក ថា បញ្ហាទាំងនេះ តម្រូវឲ្យក្រសួងការបរទេស ប្រុងប្រយ័ត្នខ្ពស់ និងឆ្លើយតបទាន់ពេលវេលា ដើម្បីការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២ កុម្ភៈ អតីតរដ្ឋមន្ត្រីការបរទេសរូបនេះ បាននិយាយដូច្នេះថា៖« ស្ថិតនៅចំពោះមុខ ការប្រឈមរបស់ជាតិខាងលើនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមានកាតព្វកិច្ចបន្តធ្វើការតស៊ូឲ្យកាន់តែសកម្មថែមទៀត នៅលើសមរភូមិការទូត ដើម្បីការពារកិត្តិយសប្រទេសជាតិ និងធ្វើឲ្យបរាជ័យរាល់ឧបាយកលខ្មៅងងឹត ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្លាំងខាងក្រៅដើម្បីរួមចំណែករក្សាឲ្យបាននូវឯករាជ្យ អធិបតេយ្យភាពជាតិបូរណភាពដែនដី សន្តិភាព និងវិបុលភាពជូនប្រជាជន និងប្រទេសជាតិ»។
បន្ថែមពីនេះ លោក ហោ ណាំហុង បានរំលេចថា បច្ចុប្បន្នសភាពការណ៍សកលលោកមានការវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ អាស្រ័យដោយការប្រកួតប្រជែងដណ្តើមឥទ្ធិពលនយោបាយសេដ្ឋកិច្ច និងឧត្តមភាពយោធា រវាងមហាអំណាក្នុងតំបន់និងពិភពលោកធ្វើឲ្យសភាពការណ៍សកលលោកកាន់តែតឹងឡើង។ ត្រង់ចំណុចនេះលោក ហោ ណាំហុង ក៏បានផ្ដាំឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសនានា ត្រូវចេះដោះស្រាយរាល់បញ្ហាដែលទាក់ទងនឹងកម្ពុជាភ្លាមៗ ដើម្បីទប់ទល់នឹងសភាពការណ៍លាបព័ណ៌ និងដាក់ការគាបសង្កត់មកលើប្រទេសជាតិ។
«ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមខាងលើនេះក្រសួងការបរទេស ចាំបាច់បន្តពង្រឹង និងពង្រីកទំនាក់ទំនងជាមួយបណ្ដាប្រទេសទាំងអស់ឱ្យកាន់តែជិតស្និទ្ធ ធ្វើយ៉ាងណាឲ្យគេយល់ច្បាស់ ពីសភាពការណ៍ពិតកម្ពុជាពីនយោបាយអព្យាក្រឹត និងមិត្តភាពជាមួយប្រទេសនានារបស់កម្ពុជាដែលនៅតែប្រកាន់ជាប់នូវរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបន្ដដំណើរពង្រឹងនីតិរដ្ឋ»។ នេះជាការលើកឡើងរបស់លោក ហោ ណាំហុង។
ជាមួយគ្នានេះលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បាននិយាយថា កម្ពុជាបានខិតខំទំនាក់ទំនងជាមួយប្រទេសជាមិត្ត ដូចជា ចិន ជប៉ុន បារាំង រុស្ស៊ី ឥណ្ឌា កូរ៉េខាងត្បូង អូស្ត្រាលី និងសហភាពអឺរ៉ុប ដែលជាតួអង្គយុទ្ធសាស្ត្រ និងជាគ្រឹះដ៏សំខាន់សម្រាប់សន្តិភាពនិងស្ថិរភាព ពិភពលោក ។
កាលពីពេលថ្មីៗនេះ អាល្លឺម៉ង់ បានសម្រេចផ្អាកទិដ្ឋការចំពោះមន្ត្រីជាន់ខ្ពស់កម្ពុជា ក្រោមហេតុផលទាក់ទងនឹងបញ្ហានយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។ ការសម្រេចរបស់អាល្លឺម៉ងបែបនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលតែងតែរកវិធានការ និងព្រមានពីការដាក់ទណ្ឌកម្មនានា ដើម្បីដាក់សម្ពាធមកលើកម្ពុជា៕
ប្រភព AKP
Tag:
ហោ ណាំហុង
ទូតខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com