បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ក្រៅពីផ្សាយទម្រង់សិល្បៈខ្មែរ ឆាកសម្ដែងក្នុងសារមន្ទីរជាតិ បានជួយទ្រទ្រង់ជីវភាពសិល្បករ
× ភ្នំពេញ៖ ឆាកសម្ដែងសិល្បៈនៅក្នុងបរិវេណសារមន្ទីរជាតិ មានការសម្ដែងសិល្បៈជាញឹកញាប់ ក្នុងទម្រង់ផ្សេងៗគ្នា ទាំងទម្រង់របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយជាដើម។ ត្រឹមជាឆាកសម្រាប់សម្ដែងសិល្បមែន ប៉ុន្តែឆាកមួយនេះ ជាផ្នែកមួយ ជួយថែរក្សា និងផ្សព្វផ្សាយទម្រង់សិល្បៈខ្មែរប៉ុណ្ណោះទេ តែ ឆាកសម្ដែងនេះ ក៏បានជួយឱ្យសិល្បករមានការងារធ្វើ ដើម្បីបានចំណូលផ្គត់ផ្គង់គ្រួសារផងដែរ។
លោក ឈិន វ៉ាន់នឿន អ្នកសម្របសម្រួលជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារ នៃអង្គការសិល្បៈខ្មែរអមតៈ បានឱ្យដឹងថា ឆាកសម្ដែងនេះ បានជួយផ្សព្វផ្សាយទម្រង់សិល្បៈខ្មែរ ច្រើនទម្រង់ទាំងបុរាណ ប្រពៃណី និងប្រជាប្រិយជាដើម។ ឆាកនេះក៏បានជួយដល់សិល្បករដែលបានមកសម្ដែង ឱ្យមានការងារធ្វើ និងអាចរកប្រាក់ចំនូលបន្ថែម។ លោក វ៉ាន់នឿន បញ្ជាក់៖«ឆាកសម្ដែងនេះ ជាកន្លែងសម្ដែង ហ្វឹកហាត់ ធ្វើបទបង្ហាញពីសិល្បៈខ្មែរស្ទើរគ្រប់ទម្រង់។ កន្លែងនេះ ក៏ជាកន្លែងផ្សព្វផ្សាយទម្រង់សិល្បៈរបស់ខ្មែរ ឱ្យភ្ញៀវបរទេសបានស្វែងយល់ផងដែរ»។
ទោះជាឆាកសម្ដែងនេះ បានជួយដល់ទម្រង់សិល្បៈបានច្រើនក្ដី តែលោក វ៉ាន់នឿន សោកស្ដាយត្រង់ថា រាល់ការសម្ដែង មិនសូវមានខ្មែរមកមើល។ លោកថាការគាំទ្ររបស់ជនជាតិខ្មែរ គឺជាកម្លាំងចិត្តដ៏ខ្លាំងសម្រាប់សិល្បករ។ លោក វ៉ាន់នឿនបន្ថែមដូច្នេះ៖« របាំសម្ដែងនៅទីនេះថ្មីរហូត តែខ្មែរយើងមិនសូវមកមើល ខ្ញុំមិនដឹងថាមូលហេតុអ្វី? បើតាមការសង្កេតជារួម ភ្ញៀវខ្មែរចូលមើលប្រហែល៥ ទៅ១០ភាគរយប៉ុណ្ណោះ។ ទាំងខ្ញុំ និងសិល្បករ ចង់ឱ្យខ្មែរមកមើលឱ្យបានច្រើន ព្រោះដើម្បីឱ្យគាត់ដឹងថា របាំរបស់ខ្លួនមានអ្វីខ្លះ? ហើយគាត់អាចជួយផ្សព្វផ្សាយបន្ត»។
កញ្ញា អៀង ស្រីពេញ ជាសិល្បករសម្ដែងរបាំមួយរូប បានឱ្យដឹងថា ឆាកសម្ដែងនេះជួយឱ្យនាងទទួលបានចំណូលមួយចំនួន សម្រាប់ផ្គត់ផ្គង់ការរៀនសូត្រ និងជីវភាព ព្រមទាំងជួយនាងមានឱកាសទៅសម្ដែង នៅក្នុងកម្មវិធីផ្សេងៗទៀត។
លោក ចន ប៊ុនវឌ្ឍន៍ ជាសិល្បករផ្នែកល្ខោនខោល សម្ដែងនៅឆាកសម្ដែងនេះដែរ បាននិយាយថា ឆាកនេះ ជួយឱ្យលោកមានឱកាសរៀនរបាំប្រពៃណីបន្ថែមពីអ្នកសិល្បៈដូចគ្នា ក្រៅពីជំនាញល្ខោនខោល។ លោក ប៊ុនវឌ្ឍន៍ ចង់ឱ្យភ្ញៀវខ្មែរមកមើលឱ្យបានច្រើន ទោះតម្លៃសំបុត្រភ្ញៀវខ្មែរ ទាបជាងភ្ញៀវបរទេសក្ដី។ លោកថាបើភ្ញៀវខ្មែរមកមើលការសម្ដែងច្រើន លោកសប្បាយចិត្ត ព្រោះលោកចង់ឱ្យខ្មែរយល់តម្លៃរបស់សិល្បៈខ្លួន ជាងជាតិសាសន៍ផ្សេង។ «បើសិនជាពួកគាត់(ខ្មែរ)បានចេញទៅក្រៅប្រទេស គាត់ដឹងថារបាំខ្មែរមានអ្វីខ្លះ? គាត់អាចនិយាយប្រាប់គេពិតជាល្អ ព្រោះសិល្បៈនេះ តំណាងឱ្យខ្មែរ។ តែបើយើងឮបរទេសនិយាយពីសិល្បៈខ្មែរ ហើយយើងមិនដឹងអីសោះ ជារឿងគួរឱ្យខ្មាសគេ»។ នេះជាការបន្ថែមរបស់លោក ប៊ុនវឌ្ឍន៍។
នារដូវភ្ញៀវច្រើន នៅឆាកសម្តែងក្នុងសារមន្ទីរជាតិនេះ មានការសម្ដែងរបាំមួយសប្ដាហ៍ពេញ នៅម៉ោង៧ដល់ ៨យប់។ ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ មានការសម្តែងរបាំ និងល្ខោនស្រមោលស្បែកធំ និងពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ មានការសម្តែងរបាំចម្រុះ។ តម្លៃសំបុត្រចូលទស្សនា សម្រាប់ភ្ញៀវខ្មែរតម្លៃ ១៥ដុល្លារ ១០ដុល្លារ និង ៥ដុល្លារ បើសិស្សចុះតម្លៃឱ្យ៥០ភាគរយ គ្រប់កៅអី។ តម្លៃសម្រាប់ភ្ញៀវបរទេសមាន ២៥ដុល្លារ ២០ដុល្លារ និង ១៥ដុល្លារ៕
Tag:
របាំ
សិល្បៈ
សិល្បករ
សារមន្ទីរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com