អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មន្ត្រីជាន់ខ្ពស់​សិង្ហ​បុរី ៖ អំពើពុករលួយ​នៅ​សិង្ហ​បុរី ភាគច្រើន​កើត​ក្នុង​វិស័យ​ឯកជន​
05, Mar 2018 , 8:19 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ:
​រដ្ឋាភិបាល​សិង្ហ​បុរី បាន​ទទួលស្គាល់ថា អំពើពុករលួយ ពិតជា​មាន​មែន​នៅ​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​ខ្ពស់​មួយ​នេះ ក៏ប៉ុន្តែ វា​ស្ថិតនៅក្នុង​កម្រិត​តិចតួច​បំផុត​។ ខុសពី​បណ្តា​ប្រទេស​ភាគច្រើន​នៅ​ពិភពលោក អំពើពុករលួយ​នៅ​សិង្ហ​បុរី ភាគច្រើន​កើតឡើង​នៅក្នុង​វិស័យ​ឯកជន​ប៉ុណ្ណោះ ។

 
​រដ្ឋមន្ត្រី​ការិយាល័យ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក Chan Chun Sing នៅ​ថ្ងៃទី​១ មីនា បាន​ថ្លែង​នៅ​ចំពោះមុខ​សភា​សិង្ហ​បុរី ថា អំពើពុករលួយ​នៅ​សិង្ហ​បុរី ជា​បទល្មើស ដែល​អាច​គ្រប់គ្រង​បាន ។ លោក អះអាងថា អំពើពុករលួយ​ទាំងនោះ ភាគច្រើន​កើត​នៅក្នុង​វិស័យ​ឯកជន ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​សិង្ហ​បុរី Channel News Asia ។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ រដ្ឋមន្ត្រី​ខាងលើ ក៏បាន​លើកឡើង​ពី​របាយការណ៍​ចុងក្រោយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ដែល​កត់សម្គាល់ថា សិង្ហ​បុរី ស្ថិតនៅក្នុង​ចំណាត់​លេខ​៦ ក្នុងចំណោម​ប្រទេស ១៨០ ដែល​មានន័យថា សិង្ហ​បុរី ជា​ប្រទេស ដែលមាន​អំពើពុករលួយ​តិចតួច​ប៉ុណ្ណោះ​។ 
 
​រដ្ឋមន្ត្រី​រូបនេះ បាន​បន្ថែមថា បទល្មើស​តិច មិនមែន​មានន័យថា គ្មាន​បទល្មើស​ឡើយ ។ តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ តាមរយៈ​របាយការណ៍​របស់​ការិយាល័យ​ស៊ើបអង្កេត​អំពើពុករលួយ​របស់​សិ​ង្ហ​បុរី បទល្មើស​អំពើពុករលួយ​នៅ​សិង្ហ​បុរី កើតមាន​ភាគ​ច្រើនតែ​ក្នុង​វិស័យ​ឯកជន ដែល​បញ្ហា​នេះហើយ លោក​រដ្ឋមន្ត្រី ចង់​មានការ​បញ្ជ្រាប​ពី​វិធានការ​ប្រឆាំង​អំពើ​ពុក​នៅក្នុង​វិស័យ​ឯកជន និង​ធុរកិច្ច​សិង្ហ​បុរី​កាន់តែច្រើន ។ 
 
​លោក បាន​ដាស់តឿន​ឲ្យ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​នានា​សហ​ការល្អ​ជាមួយនឹង​អង្គភាព​ស៊ើបអង្កេត ដើម្បី​ពង្រឹង​បែបផែន​ក្នុងការ​ប្រឆាំង​អំពើពុករលួយ​នៅក្នុង​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​ទាំងនោះ​ក៏ត្រូវ​ទទួលស្គាល់ថា ពួកគេ​ជាមាន​តួនាទី​យ៉ាងសំខាន់​នៅក្នុង​កិច្ចប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​របស់​ជាតិ តាមរយៈ​ការទប់ស្កាត់ ការតាមដាន និង​ការរាយការណ៍​ពី​ទង្វើ​ទាំងនោះ​ដូចគ្នា​៕
 

Tag:
 សិង្ហ​បុរី​
  អាស៊ាន​
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com