ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន បង្ហើប​ថា មាន​អតីត​អ្នកប្រឆាំង ស្នើសុំ​សិទ្ធិ​ធ្វើ​ន​យោ​យ​បាយ​ឡើងវិញ​
05, Mar 2018 , 12:17 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផល ក្នុងវត្តឈូកវ៉ា នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២0១៨
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផល ក្នុងវត្តឈូកវ៉ា នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២0១៨
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទម្លាយ​ថា ក្នុងចំណោម​អតីតមន្ត្រី​ជាន់ខ្ពស់​ទាំង​១១៨​នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល កាត់​សិទ្ធិ​នយោបាយ មាន​មួយចំនួន បាន​ផ្ញើលិខិត​ទៅកាន់​សម្តេច ដើម្បី​សុំ​ឲ្យ​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​ពួកគេ​ឡើងវិញ​។ នាយករដ្ឋមន្ត្រី​រូបនេះ បន្តថា អតីត​អ្នកនយោបាយ​ទាំងនោះ ក៏បាន​ផ្ញើលិខិត​ពីរ​ផ្សេងទៀត ទៅកាន់​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែល​កំពុង​ទទួល​រាជា​នុ​សិទ្ធិ​ជា​ប្រមុខរដ្ឋស្តីទី និង​លោក ឌិ​ត មន្ទី ប្រធាន​តុលាការ​កំពូល​ផងដែរ ដើម្បី​សុំ​ឲ្យ​អន្តរាគមន៍​អំពី​រឿងនេះ​។


​សម្តេច ហ៊ុន សែន មិន​វិនិច្ឆ័យ​ឡើយ ថា​ប្រមុខរដ្ឋស្តីទី និង​ប្រធាន​តុលាការ​កំពូល នឹង​ដោះស្រាយ​យ៉ាងដូចម្តេច ចំពោះ​សំណើ​របស់​អតីត​ក្រុម​អ្នកប្រឆាំង​។ ប៉ុ​ន្តេ សម្តេច សន្និដ្ឋានថា ប្រមុខរដ្ឋស្តីទី​និង​ប្រធាន​តុលាការ​កំពូល ទំនងជា​យល់​ដូចគ្នា​ថា នៅ​ប្រទេស​កម្ពុជា មិនទាន់មាន​ច្បាប់​ណាមួយ ដែល​លើកលែង​ឲ្យ​បុគ្គល ដែល​ត្រូវបាន​កាត់​សិទ្ធិ​នយោបាយ​នោះទេ​។ 
 
​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នៅ​វត្ត​ឈូក​វ៉ា ស្ថិតក្នុង​ខណ្ឌ​ព្រែក​ព្នៅ នា​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២0១៨ ប្រធាន​គណបក្សកាន់អំណាច​រូបនេះ បាន​ឆ្លើយតប​នឹង​សំណើ​របស់​អតីត​អ្នកប្រឆាំង យ៉ាង​ដូច្នេះ​ថា​៖«​តុលាការ កាត់​សិទ្ធិ​នយោបាយ​ហើយ ហើយ​ពុំទាន់​មានច្បាប់ លើកលែង​ឲ្យ​ទេ​។ ខ្ញុំ​អត់​មាន​សិទ្ធិ​ធ្វើ​បែប​នោះទេ​។ វា ខុសពី​អ្នក​ជាប់ពន្ធនាគារ ដែល​នាយករដ្ឋមន្ត្រី មាន​សិទ្ធិ​អាច​លើកលែងទោស​ឲ្យ​បាន​។ នេះហើយ​ជា​លទ្ធផល​ចុងក្រោយ​នៃ​អំពើ​ក្បត់ជាតិ​»​។ 
 
​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧ តុលាការ​កំពូល បានសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ​ចោល ព្រមទាំង​មិន​ឲ្យ​មេដឹកនាំ​១១៨​នាក់​នៃ​គណបក្ស​នេះ ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ អតីត​មេដឹកនាំ​នៃ​គណបក្សប្រឆាំង​ទាំងនោះ ដែល​ត្រូវ​ដកសិទ្ធិ​នយោបាយ រាប់​ចាប់តាំងពី​លោក កឹម សុខា លោក អេង ឆៃអ៊ាង លោក ប៉ុល ហំ​ម លោកស្រី មូរ សុខ​ហួរ លោក សុន ឆ័យ និង​លោក យឹម សុវណ្ណ ជាដើម​។ តុលាការ​កំពូល ចោទថា គណបក្ស​សង្គ្រោះ​ជាតិ លួច​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដែលជា​អំពើ​ក្បត់ជាតិ​៕ 

Tag:
 ហ៊ុន សែន​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com