រថយន្ត
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រៅពីដែក និងអាលុយមីញ៉ូម លោក ត្រាំ គំរាមដំឡើងពន្ធរថយន្តដែលនាំចូលពីអឺរ៉ុប លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធរថយន្ត ដែលនាំចូលពីសហភាពអឺរ៉ុប ដើម្បីតបតទៅនឹងសហភាពអឺរ៉ុប ។ រូបថត AFP
× លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីចុងសប្តាហ៍កន្លងមក បានគំរាមដំឡើងពន្ធរថយន្ត ដែលនាំចូលពីសហភាពអឺរ៉ុប ដើម្បីតបតទៅនឹងសហភាពអឺរ៉ុប ដែលចង់ដំឡើងពន្ធទំនិញពីសហរដ្ឋអាមេរិក ជាពិសេសផលិតផលរបស់ក្រុមហ៊ុនម៉ាកល្បីៗ។
«ប្រសិនបើសហភាពអឺរ៉ុប ចង់បង្កើនពន្ធ និងឧបសគ្គដល់ក្រុមហ៊ុនអាមេរិកដែលធ្វើពាណិជ្ជកម្មនៅទីនោះ យើងក៏នឹងអនុវត្តគោលការណ៍ដំឡើងពន្ធរថយន្តរបស់ពួកគេ ដែលបច្ចុប្បន្នចូលដោយសេរី មកទីផ្សារអាមេរិកផងដែរ»។ នេះជាការលើកឡើងរបស់លោក ដូណាល់ ត្រាំ នៅបណ្តាញសង្គម Twitter របស់ខ្លួន។
លោក ដូណាល់ ត្រាំ ដែលទើបតែប្រកាសពីការដំឡើងពន្ធនាំចូលដែក និងអាលុយមីញ៉ូម បានបញ្ជាក់ថា៖ «ពួកគេ [សហភាពអឺរ៉ុប] បានធ្វើឲ្យរថយន្តរបស់យើងគ្មានទីផ្សារនៅទីនោះ ដែលនេះគឺជាអតុល្យភាពពាណិជ្ជកម្មដ៏ធំមួយ»។
លោក Jean-Claude Juncker ប្រធានគណៈកម្មាធិការអឺរ៉ុប បានអះអាងថា វិធានការរបស់សហភាពអឺរ៉ុប ទៅលើក្រុមហ៊ុន Levi និង Harley-Davidson របស់អាមេរិក គឺដើម្បីឆ្លើយតបទៅនឹងគម្រោងតម្លៃពន្ធដែក និងអាលុយមីញ៉ូមរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
បើតាមការផ្សាយរបស់ AFP នៅក្រៅកិច្ចប្រជុំនាក្រុង Hamburg របស់អាល្លឺម៉ង់ លោក Juncker បាននិយាយថា៖ «យើងមិនអាចអង្គុយនៅស្ងៀមបាននោះឡើយ នៅពេលឧស្សាហកម្ម និងការងាររបស់អឺរ៉ុប រងការគំរាមកំហែង»។
ជាមួយនឹងការជុំរុញ ផលិតផល «Made in America» លោក ត្រាំ ធ្លាប់បានរិះគន់ប្រធានាធិបតីអណត្តិយ៉ាងខ្លាំងក្លា ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបរទេស ដែលនាំឲ្យការងាររាប់លាន បានចាកចេញពីសហរដ្ឋអាមេរិក។ ក្រៅពីសហភាពអឺរ៉ុប ជាពិសេសអាល្លឺម៉ង់ លោកត្រាំ ក៏បានរិះគន់ផងដែរលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកន្លងមកជាមួយអាមេរិកខាងជើង ពោលគឺកាណាដា និងម៉ិកស៊ិក។
ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំអាមេរិករូបនេះ ហាក់មិនខ្វល់់ខ្វាយអ្វីឡើយនឹងការផ្ទុះសង្គ្រាមពាណិជ្ជកម្ម ដោយលោកបានលើកឡើងថា អាមេរិកនឹងឈ្នះដោយស្រួល។ កន្លងមក ការប្រកាសពីគម្រោងដំឡើងពន្ធនាំចូលផលិតផលដែក និងអាលុយមីញ៉ូមរបស់លោកត្រាំ ធ្វើឲ្យដៃគូពាណិជ្ជកម្មធំៗរបស់អាមេរិកមានអឺរ៉ុប ចិន ជប៉ុន តវ៉ាយ៉ាងខ្លាំង។ ប្រធានាធិបតីអាមេរិកហាក់ត្រៀមរួចស្រេចដើម្បីប្រយុទ្ធក្នុងសង្គ្រាមដែលបម្រុងនឹងផ្ទុះនោះ។
ទាក់ទងនឹងពាណិជ្ជកម្មរថយន្ត បើទោះបីជាលោក ត្រាំ បានផ្តោតទៅលើអាល្លឺម៉ង់ ជាពិសេសក៏ដោយ ប៉ុន្តែយានយន្តអាល្លឺម៉ង់ មានតែ៧.៩ភាគរយប៉ុណ្ណោះនៅទីផ្សារអាមេរិក។ យានយន្តបរទេសភាគច្រើនដែលលក់នៅក្នុងសហរដ្ឋអាមេរិក មានរោងចក្រដំឡើងនៅសហរដ្ឋអាមេរិកផ្ទាល់តែម្តង៕
© រក្សាសិទ្ធិដោយ thmeythmey.com