អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រាំ សរសើរការវិវត្តនៃស្ថានការណ៍កូរ៉េ ក្រោយគីម ជុងអ៊ុន បង្ហាញឆន្ទៈចង់ចរចាបោះបង់នុយក្លេអ៊ែរ
06, Mar 2018 , 9:46 pm        
រូបភាព
ដោយ: ថ្មីៗ
 ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កោតសរសើរ​ និងមានសុទិដ្ឋានិយម​ចំពោះ​ការវិវត្ត​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ ក្រោយ​លោក គីម ជុង​អ៊ុន បង្ហាញ​ឆន្ទៈ​ចង់​ចរចា​ជាមួយ​អាមេរិក​លើ​ការបោះបង់​អាវុធ​នុយក្លេអ៊ែរ​។ យ៉ាងណាក៏ដោយ​ ប្រធានាធិបតី​រូបនេះ​នៅតែមិនទាន់ទុកចិត្ត​ ​និងនៅប្រុងប្រ​យ័ត្នចំពោះការសន្យា​របស់​របបដឹកនាំ​ក្រុងព្យុងយ៉ាងនៅឡើយ​។​


​ភ្លាមៗ​ក្រោយ​ទទួលដំណឹង​ថា មេដឹកនាំ​កូរ៉េខាងជើង​ចង់​ជួបចរចា និង​អាច​ឈានទៅ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ផង លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​បង្ហោះ​តាម​គណនី Twitter ផ្លូវការ​របស់ខ្លួន​ដោយ​ស្វាគមន៍​ការវិវត្ត​ប្រកបដោយ​ភាព​វិជ្ជមាន​នៃ​ស្ថានការណ៍​កូរ៉េ​នេះ តែមេដឹកនាំរូបនេះនៅមានមន្ទិល និងមិនសូវទុកចិត្តចំពោះឆន្ទៈរបស់កូរ៉េ​ខាងជើងប៉ុន្មានឡើយ​។ 
 
​លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​ដូច្នេះ​៖«​ភាពប្រសើរឡើង​កំពុង​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ការពិភាក្សា​ជាមួយ​កូរ៉េខាងជើង​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ភាគី​ពាក់ព័ន្ធ​បាន​ប្រឹងប្រែង អស់ពី​កម្លាំងកាយ​ចិត្ត​។ ពិភពលោក​កំពុង​រង់ចាំ និង​តាមដាន​មើល​ស្ថានការណ៍​។ វា​ប្រហែលជា​ក្តីសង្ឃឹម​មួយ​ដែល​ខុសពី​ចិត្ត ប៉ុន្តែ​អាមេរិក​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ប្រឹងប្រែង​តាម​ដែល​អាច​ធ្វើបាន​»​។​
 
​អាច​និយាយបានថា វា​ជាស​ម្តី​សរសើរ​លទ្ធផល​នៃ​ជំនួប​រវាង​ប្រេសិត​ពិសេស​របស់​ក្រុង​សេ​អ៊ូ​ល​ដែល​បាន​ជួប​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​ពេលនោះ​លោក​បាន​យល់ព្រម​ជួប​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន​ផងដែរ​។ បើតាមលោកប្រមុខសន្តិសុខជាតិ និងជាប្រេសិតទៅជួបមេដឹកនាំកូរ៉េខាងជើងលោក Chung Eui-yong អ្វីដែល​សំខាន់​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​ក៏មាន ឆន្ទៈ​ចង់​ចរចា​ជាមួយ​អាមេរិក និង​ត្រៀម​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ដែរ​ក្នុងករណី​ដែល​សន្តិសុខ​របស់រប​ប​ដឹកនាំ​លោក​ត្រូវបាន​ធានា​ត្រឹមត្រូវ​នោះ​។ ក្នុងពេលចរចាជាមួយអាមេរិក​ កូរ៉េខាងជើងសន្យាមិនបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ឬ​មីស៊ីលអ្វីនោះឡើយ។
 
​តាមពិតទៅ វា​ជា​លើកដំបូង​ហើយ​ដែល​មេដឹកនាំ​កំពូល​កូរ៉េខាងជើង ជួប​ជាមួយ​មន្ត្រី​កូរ៉េខាងត្បូង ចាប់តាំងពី​ការឡើង​កាន់អំណាច​នៅ​ចុងឆ្នាំ​២០១១ មក​។ ហើយ​ជំនួប​នេះ​កើតឡើង​ក្រោយ​ពេលដែល​លោក គីម ជុង​អ៊ុន បាន​បញ្ជូន​ប្អូនស្រី​បង្កើត​របស់ខ្លួន​ទៅ​ចូលរួម​ក្នុង​ពិធី​បើក​កីឡា​អូឡាំពិក​រដូវរងារ​នៅ​កូរ៉េខាងត្បូង ហើយ​លោកស្រី​ក៏បាន​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ធ្វើ​ទស្សនកិច្ច​នៅ​ទឹកដី​កូរ៉េខាងជើង​ផង​៕

© រក្សាសិទ្ធិដោយ thmeythmey.com