សង្គមអន្តរជាតិ​
អន្តរជាតិ
តើ​សារព័ត៌មាន​ចូលរួម​លើកស្ទួយ​សន្តិភាព​ឧបទ្វីប​កូរ៉េ​ដោយ​របៀប​ណា​?
08, Mar 2018 , 9:21 am        
រូបភាព
​សេ​អ៊ូ​ល​៖ អ្នកកាសែត​មកពី​៥០​ប្រទេស​សុទ្ធតែ​យល់ស្រប​គ្នា​ថា សារព័ត៌មាន​គឺជា​មធ្យោបាយ​ដែល​ជំរុញ​ឲ្យ​បងប្អូន​កូរ៉េ​ទាំងពីរ ងាក​មករក​ការស្រុះស្រួល​គ្នា​វិញ ហើយ​និង​កាត់បន្ថយ​ស្ថានភាព​គំរាមកំហែង​គ្នា​ទៀតផង​។ ទោះ​យ៉ាងនេះ​ក្តី ពួកគេ​យល់ថា ដើម្បី​សម្រេច​គោលដៅ​នេះ ការអនុវត្ត​សីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មាន ព្រមទាំង​ការលុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​នោះ គឺជា​ការងារ​ចាំបាច់​បំផុត​។ ការជជែក​ពិភាក្សាបាន​ប្រព្រឹត្តទៅ​នៅក្នុង​«​សន្និសីទ​អ្នកកាសែត​ពិភពលោក​» ដែល​ត្រូវ​បានរៀបចំ​ដោយ​សមាគម​អ្នកកាសែត​នៃ​ប្រទេស​កូរ៉េ ពីថ្ងៃ​ទី​៤​ដល់​ថ្ងៃទី​១១​ខែមីនា ក្រោម​ប្រធានបទ​ដែល​បង្ហាញ​ពី​បច្ចុប្បន្ន​នៃ​ស្ថានភាព​ឧបទ្វីប​កូរ៉េ​គឺ «​តួនាទី​សារព័ត៌មាន ដើម្បី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និង​សន្តិភាព​ពិភពលោក​»​។​

 
 
​តើ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​សារព័ត៌មាន​តួនាទី​ក្នុង​ការកសាង​សន្តិភាព​ពិភពលោក ពិសេស​នៅក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​? សម្រាប់​អ្នកកាសែត​មកពី​ប្រទេស​ប៉ូឡូញ គឺ​កញ្ញា Natalia Szewczak អ្នកកាសែត​ត្រូវ​អនុត្ត​គោលការណ៍​៤​យ៉ាង​គឺ ផ្តល់ព័ត៌មាន​ដ៏​គួរ​ឲ្យ​ទុកចិត្ត ផ្តល់ព័ត៌មាន​ពិត លម្អិត និង​មិន​លំអៀង​។ នៅក្នុង​វេទិកា​ពិភាក្សា​កញ្ញា​បន្តថា បើសិនជា​អ្នកកាសែត​ពិតជា​ចង់​ចូលរួម​លើកស្ទួយ​ការចរចា រវាង​បងប្អូន​កូរ៉េ​មែន​នោះ ការធ្វើ​អត្ថាធិប្បាយដោយ​វិនិច្ឆ័យ​ទៅលើ​បញ្ហា​នោះ នឹងមិន​អាចជួយ​ស្តារ​ស្ថានការណ៍​បានឡើយ​។ នៅពេល​អ្នកកាសែត​បញ្ចេ​ញ​មតិ ការបញ្ចេញមតិ​នោះ នឹង​ក្លាយជា​ហេតុការណ៍​។ នេះ​គឺជា​អះអាង​របស់​កញ្ញា Natalia មកពី​Business Insider Polska ដែល​បាន​ពន្យល់​បន្ថែ​មយ៉ាង​ដូច្នេះ​៖«​នៅពេល​យើង​ធ្វើការ យើង​មិនត្រូវ​ភ្លេច​ការទទួលខុសត្រូវ​ដ៏​ចម្បង​របស់​យើង​ឡើយ គឺ​ការពិត​។ អ្នកកាសែត​ត្រូវ​ប្រាកដ​ខ្លួនឯង​ថា ព័ត៌មាន​ដែល​ពួកគេ​ផ្សាយ​ចេញទៅ គឺ​មិនមែនជា​ព័ត៌មាន​ក្លែងបន្លំ​»​។​

​អ្នកស្រី Xue Ying មកពីមជ្ឈមណ្ឌល​ស៊ីនហួរ​សម្រាប់​ការសិក្សា​កិច្ចការពិភពលោក​ បាន​យល់ឃើញថា អ្នកកាសែត​ត្រូវមើលឲ្យ​គ្រប់ទិដ្ឋភាព និងមានព័ត៌មានគ្រប់ជ្រុងជ្រោយ​​សម្រាប់​ការ​ផ្តល់ព័ត៌មាន​របស់​ខ្លួន។ អ្នកកាសែតជនជាតិចិត្ត​រូបនេះ​បាន​និទានរឿងខ្លីមួយជាឧទាហរណ៍​ដើម្បី​ពន្យល់​ការអះអាងរបស់​អ្នកស្រី ដែលទាក់ទងនឹង​មនុស្សខ្វាក់៤នាក់​ស្ទាបដំរី។ បុរសពិការភ្នែក​ទាំង៤នាក់​សុទ្ធតែ​អះអាងររៀងៗខ្លួន​ថាដំរី​មានរៀង​ទៅតាម​ការ​យល់ឃើញរបស់​ខ្លួន​ បន្ទាប់ពីពួកគេ​គ្រាន់តែ​បានស្ទាបផ្នែកខ្លះនៃសារពាង្គកាយសត្វដំរី។ តាមពិត គឺលុះត្រា​តែ​គេផ្តុំគ្នា​នៃការយល់ឃើញ​របស់​បុរស​ងងឹតភ្នែកទាំងបួន​នាក់​ ទើបគេអាចឃើញ​រូបរៀងដំរី​ទាំងមូល។ 
 
​បើ​និយាយ​អំពី​ការចូលរួម​របស់​សារព័ត៌មាន ទៅក្នុង​ការកាត់បន្ថយ​ភាព​តានតឹង​ក្នុង​ជម្លោះ​នោះ អ្នកកាសែត​ជនជាតិ​កូរ៉េ គឺ​លោក Woosuk Kenneth Choi មកពី​Chosun Daily Newspaper បាន​យល់ឃើញថា​អ្នកកាសែត ត្រូវធ្វើ​ត្រឹមតែ​ជា​សង្កេតការណ៍ កត់ត្រា​ហេតុការណ៍ ហើយ​ផ្សាយ​ព័ត៌មាន​តែ​ការពិត​បាន​ហើយ​។ លោក​ថា អ្នកកាសែត​មិនអាច​មាន​តួនាទី​ធំ​លើស​នេះឡើយ​។ «​យើង​អ្នកកាសែត យើង​មិនមែនជា​អ្នកធ្វើ​សេចក្តីសម្រេចចិត្ត​នោះទេ​។ អ្វីដែល​យើង​អាចធ្វើ​បាន គឺ​យើង​អាច​ផ្តល់​គំនិត​ដល់​អ្នកធ្វើ​សេចក្តីសម្រេចចិត្ត​។ ហើយ​ដើម្បី​អាច​ផ្តល់​គំនិត​ដល់​អ្នកធ្វើ​សេចក្តីសម្រេច​ចិត្តបាន គេ​ត្រូវមាន​សេរីភាព​សារព័ត៌មាន​»​។ នេះ​ជាការ​យល់ឃើញ​របស់លោក Woosuk ដែល​បានបង្ហាញ​ការជឿជាក់​របស់លោក​ដែរ​ថា វា​នឹង​មិនមាន​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ​។ ​




តាមពិត ការ​សន្មត​របស់​អ្នកកាសែត​នៅលើ​ចំណងជើង​អត្ថបទ​ថា «​មាន ឬ​មិនមាន​សង្គ្រាម​» នេះហើយ ដែល​អ្នកកាសែត​ជនជាតិ​រុស្ស៊ី​គឺ​កញ្ញា Nataliia Portiakova យល់ឃើញថា គេ​មិនគួរ​ធ្វើ​នោះ​។ អ្នកកាសែត​រុស្ស៊ី​បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ការ​បំប៉ោង​ស្ថានភាព​តានតឹង​នៅលើ​ទំព័រសារព័ត៌មាន និង​ការឆ្លង​ឆ្លើយ​គ្នា​បែប​ការទូត គួរតែ​ត្រូវ​ចៀសវាង​។ គេ​មិនត្រូវ​ភ្លេច​ទេ​ថា ទាំង​ករណី​ឧបទ្វីប​កូរ៉េ និង​នៅទីណា​ក៏ដោយ ការសន្ទនា​ត្រូវតែ​ជា​រឿង​ដែល​ត្រូវធ្វើ​ដាច់ខាត​»៕
 
 

Tag:
 ឧបទ្វីប​កូរ៉េ​
  wjc
  សន្និសីទ​អ្នកកាសែត​ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com