សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ស្ត្រីវៀតណាម និងថៃ មានឈ្មោះក្នុងបញ្ជីមហាសេដ្ឋីពិភពលោក អ្នកស្រី Nguyen Thi Phuong Thao សេដ្ឋិនីវៀតណាម ដែលមានឈ្មោះក្នុងបញ្ជីមហាសេដ្ឋីរបស់ Forbes។ រូបថត AFP
× ទស្សនាវដ្តី Forbes បានចេញផ្សាយបញ្ជីឈ្មោះស្ត្រីដែលមានជាងគេលើពិភពលោកចំនួន២៥៦នាក់ ប្រចាំឆ្នាំ២០១៨ ។ បើបូកបញ្ចូលគ្នា ស្ត្រីទាំងនោះមានទ្រព្យសម្បត្តិរួមចំនួនដល់ទៅ១ទ្រីលានដុល្លារអាមេរិក ដោយកើនឡើង២០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ថៃ និងវៀតណាម ក៏មានឈ្មោះនៅក្នុងបញ្ជីផងដែរ។
ក្នុងចំណោមស្ត្រីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ភាគច្រើនបំផុត ជាស្នងមរតកពីឪពុកម្តាយ ដូនតា ខណៈជាង១/៤ បានមកពីការខិតខំខ្លួនឯង។ ចំនួនស្ត្រីដែលសាងទ្រព្យសម្បត្តិខ្លួនឯង កើតពី៥៦ ទៅ៧២នាក់ ក្នុងបញ្ជី។
បើគិតត្រឹមថ្ងៃទី៨ ខែមីនា អ្នកស្រី Alice Walton ជនជាតិអាមេរិក វ័យ៦៨ឆ្នាំ ដែលជាកូនស្រីទោលរបស់ស្ថាបនិកក្រុមហ៊ុន Walmart លោក Sam Walton រក្សាចំណាត់ថ្នាក់កំពូលតារាងជាមួយនឹងទ្រព្យសម្បត្តិ ៤៦ប៊ីលានដុល្លារអាមេរិក ខណៈអ្នកស្រី Francoise Bettencourt Meyers ជនជាតិបារាំងអាយុ៦៤ឆ្នាំនៃក្រុមហ៊ុន L’Oreal ឈរនៅចំណាត់ថ្នាក់លេខ២ ដោយមានទ្រព្យសម្បត្តិ៤២.២ប៊ីលានដុល្លារអាមេរិក។
ស្ត្រីមហាសេដ្ឋីផ្សេងទៀតដែលស្ថិតក្នុងចំណោម Top 10 រួមមាន Susanne Klatten (អាល្លឺម៉ង់) Jacqueline Mars (អាមេរិក) Yang Huiyan (ចិន) Laurene Powell Jobs (អាមេរិក) Gina Rinehart (អូស្ត្រាលី) Iris Fontbona (ស៊ីលី) Abigai Jonhson (អាមេរិក) និង Charlene de Carvalho-Heineken (ហូឡង់) ដោយពួកគាត់មានទ្រព្យសម្បត្តិចន្លោះពី២៥ប៊ីលាដុល្លារអាមេរិក ទៅ១៦.១ប៊ីលានដុល្លារអាមេរិក តាមលំដាប់ពីលើចុះក្រោម។
ចិនមានស្ត្រីអ្នកមានលំដាប់ពិភពលោកសរុប៣៣នាក់ ហើយហុងកុងមាន១១នាក់បន្ថែមទៀត។ ឥណ្ឌាមាន៨នាក់ក្នុងបញ្ជី ដែលមានទ្រព្យសម្បត្តិចន្លោះពី១ប៊ីលាន ទៅ៨ប៊ីលានដុល្លារអាមេរិក ខណៈអ្នកស្រី Savitri Jindal ជាស្ត្រីដែលមានជាងគេនៅមហាយក្សឥណ្ឌាមួយនេះ។
ជប៉ុនមានស្ត្រីពីនាក់ គឺ Yoshiko Mori អាយុ៧៧ឆ្នាំ និង Yoshiko Shinohara អាយុ៨៣ឆ្នាំ។ រុស្ស៊ី មាន Elna Baturina តែម្នាក់គត់ រីឯកូរ៉េខាងត្បូងមានរហូតដល់ទៅ៤នាក់ ដោយអ្នកស្រី Lee Boo-Jin មានទ្រព្យសម្បត្តិ ២.១ប៊ីលានដុល្លារអាមេរិក។
ជាមួយគ្នានេះផងដែរ ក្នុងចំណោមស្ត្រី៤២នាក់ដែលមានឈ្មោះដំបូងក្នុងបញ្ជី Forbes World’s Billionaires ក៏មានស្ត្រីជនជាតិថៃ និងវៀតណាម ផងដែរ ដែលតំណាងឲ្យតំបន់អាស៊ានទាំងមូល។
អ្នកស្រី Nguyen Thi Phuong Thao ដែលជាសហស្ថាបនិក និងនាយិកាក្រុមហ៊ុន Sovico Holdings មានទ្រព្យសម្បត្តិ ៣.១ប៊ីលានដុល្លារអាមេរិក ដែលនាំឲ្យគាត់ជាប់លេខរៀងទី៧៦៦ក្នុងបញ្ជីមហាសេដ្ឋីពិភពលោក។
សេដ្ឋិនីជនជាតិវៀតណាម អាយុ៤៧ឆ្នាំរូបនេះ វត្តមានជាលើកដំបូងក្នុងបញ្ជី Forbes បន្ទាប់ពីគាត់បានពង្រីកទីផ្សារក្រុមហ៊ុនអាកាសចរណ៍ VietJet Air ទៅកាន់ពិភពលោក។ គាត់ក៏វិនិយោគក្នុងវិស័យធនាគារ និងអចលនទ្រព្យផងដែរ។
ដោយឡែក អ្នកស្រី Yupa Chiaravanond ដែលមានភាគហ៊ុន ៣.៦២ភាគរយនៅក្រុមហ៊ុន Charoen Pokphand Group ដ៏ធំរបស់ថៃ មានទ្រព្យសម្បត្តិ ១.២៣ប៊ីលានដុល្លារអាមេរិក ដែលធ្វើឲ្យគាត់ក្លាយមហាសេដ្ឋីលំដាប់ទី១៩៩៩លើពិភពលោកសម្រាប់ឆ្នាំ២០១៨នេះ៕
Tag:
សិទ្ធិនារី
IWD2018
Forbes
© រក្សាសិទ្ធិដោយ thmeythmey.com